ថ្ងៃមួយបុរសម្នាក់បានដើរទៅកាន់ទីឆ្ងាយដោយធុរកិច្ចរបស់ខ្លួនត្រូវឆ្លងកាត់ភាពលំបាកជាច្រើន
ដូចជាការខ្វះខាតស្បៀង និងកំដៅថ្ងៃជាដើម
ជាហេតុធ្វើឲ្យគាត់អស់កំលាំងយ៉ាងខ្លាំង។សំណាងល្អ បុរសម្នាក់នោះបានមកដល់ដើមឈើធំមួយមានមែកសាខាដ៏ត្រឈឹងត្រឈៃ
គាប់ជួនប្រទះឃើញឃ្មុំធំមួយនៅលើមែកឈើ។ គាត់បានឡើងយកឃ្មុំនោះបរិភោគយ៉ាងឆ្ងាញ់ពិសារ។
មានបុរសម្នាក់ទៀតបានមកដល់ដើមឈើនោះ
ព្រមទាំងបានសុំទឹកនិងសាច់ឃ្មុំបរិភោគតែត្រូវបានបុរសទី១
បដិសេធ។បន្ទាប់មកក៏មានបុរសទី ៣ ទី៤ មកដល់តែក៏ត្រូវបដិសេធដូចគ្នា។បុរសទី១នោះគាត់មិនចុះចាកពីដើមឈើនោះទេ
ខ្លាចមានអ្នកផ្សេងសុំសាច់និងទឹកឃ្មុំរបស់គាត់
ម្លោះហើយសុខចិត្ដបរិភោគនៅលើដើមឈើនោះទោះត្រូវបានបុរសផ្សេង ៗ
ប្រាប់ថាខ្សែដែលគាត់តោងនោះមានកន្ដុរពីរកំពុងតែកាត់ហៀបនឹងដាច់ក៏ដោយ។
សំណាងល្អរបស់គាត់មិនកើតមានដល់ មែកឈើកាន់តែកោងទៅ ៗ ហៀបនឹងបាក់
ចំណែកខ្សែតោងក៏ហៀបនឹងដាច់ ហើយក៏គ្មានបុរសណាម្នាក់នៅនឹងដើមឈើនោះដែរ
ម្លោះហើយគាត់ខំស្ទុះស្ទាម្នីម្នាគេចឲ្យផុតពីគ្រោះថ្នាក់នៃជីវិត ចៃដន់អី
នៅក្រោមដើមឈើមានខ្លាមួយធំកំពុងហារមាត់ចាំ
គាត់ខំសម្រូតខ្លួនចុះទៅក្រោមតែជាមហានទីដែលមានហ្វូងក្រពើនិងសត្វនាគកំពុងតែរង់ចាំដូចគ្នា។ទីបំផុតគាត់ក៏ដល់នូវមរណកាល។
ព្រោះសេចក្ដីកំណាញ់
មិនស្ដាប់ការណែនាំពីអ្នកដទៃនិងគ្មានញាតិជាទីរាប់អាន
ទោះមានប្រាក់ម៉ឺនលានក៏គ្មានប្រយោជន៍នៅពេលយប់ថ្ងៃកន្លងផុតទៅយ៉ាងឆាប់រហ័ស
ជីវិតកាន់តែរុះរយ ទីបំផុតក៏ដល់នូវថ្ងៃអវសាន្ដយ៉ាងគ្មានគុណតំលៃ។
សូមអរគុណក្មួយៗសិស្សសាលាដែលសុំឲ្យបកស្រាយអំពីអត្ថន័យនៃរូបភាពខាងលើ។
ដើមឈើប្រៀបប្រដូចនឹងកន្លែងរកស៊ី សាច់និងទឹកឃ្មុំប្រៀបដូចទ្រព្យសម្បត្ដិ បុរសទី២
ទី៣ ទី៤ ប្រៀបដូចជាអ្នកណែនាំ អ្នកខ្លះមកសុំវិភាគទានសង្គម សាសនា និងផ្សេងទៀត
កន្ដុរសនិងខ្មៅតំណាងឲ្យពេលវេលាថ្ងៃនិងយប់ ខ្សែពួរគឺខ្សែជីវិត ចំណែកសត្វខ្លា ឬនាគ
តំណាងឲ្យបច្ចុរាជ។
No comments:
Post a Comment