Sunday, June 25, 2017

រឿងព្រះវេស្សន្តរ

រឿងព្រះវេស្សន្តរ

-ប្រភេទរឿង៖​ អក្សរសិល្ប៍បុរាណ សាស្រ្តាទេសន៍
-ចលនា៖ អក្សរសិល្ប៍ពុទ្ធនិយម
-អ្នកនិពន្ធ​ និងកាលកំណត់តែង៖ គម្ពីរដើមជាស្នាដៃនៃព្រះអដ្ឋកឋាចារ្យដែលសរសេរជាភាសាបាលីមាននៅក្នុងគម្ពីរព្រះត្រៃបិដក។ឯគម្ពីរជាភាសាសម្រាយដែលមាននៅក្នុងកម្ពុជារដ្ឋយើងគឺមានច្រើនប្រភេទណាស់។ សព្វថ្ងៃឯកសារគោលដែលយកមកសិក្សាគឺជាស្នាដៃរបស់បណ្ឌិតមហាឈឹមសុមន៍។
-រឿងសង្ខេប៖
កាលព្រះសាស្រ្តាចារ្យគង់នៅនគរាជគ្រឹះ ឧទាយិត្ថេរបាននិមន្តព្រះសង្ឃឲ្យនិវត្តមកកាន់នគរកបិលព័ស្តតាមសេចក្តីអារាធានារបស់ព្រះ ស្រីសុទ្ធោទន៍ ពុទ្ធបិតា។ កាលព្រះពុទ្ធយាងមកដល់ និងក្រោយពុទ្ធបិតាទ្រង់ផ្ចង់អញ្ចលីគោរពថ្វាយបង្គំព្រះដ៏មានបុណ្យស្រាប់តែមេឃបង្អុរភ្លៀងបោក្ខរីពស៍ ដ៏អស្ចារ្យគឺនរណាចង់ទទឹកទើបទទឹក នរណាពុំចង់ទទឹកគឺពុំទទឹកឡើយ។ គឺដោយហេតុដ៏អស្ចារ្យនៃភ្លៀងសូភ៍នេះដែលបណ្តាលឲ្យព្រះពុទ្ធទ្រង់សម្តែងធម៍ទេសនារឿងព្រះវេស្សន្តរនោះថា៖
កាលនោះព្រះបាទសិរិមហារាជ សោយរាជ្យនៅនគរជេតុត្តរសិរីរដ្ឋ ទ្រង់មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសញ្ជ័យ។ព្រះរាជាទ្រង់អភិសេកព្រះសញ្ជ័យជាមួយនាងសុបារសុប្បតី (ផុស្សតី) ជារាជបុត្រីនៃព្រះបាទមទ្ទរាជនៃនគរមទ្ទរាជ។
បុព្វប្រវត្តិនៃនាងផុស្សតីនោះគឺថានៅចុងកប្បទី៩១នាងនេះជារាជបុត្រីនៃព្រះបាទពុន្ទមរាជ​ នគរពុទ្ទមតី។នាងបានបូជាលម្អិតខ្លឹមចន្ទន៍ចំពោះព្រះពុទ្ធវិបស្សី។ដោយផល្លានិសង្សនេះនាងមានក្លិនក្រអូប។ទីបំផុត នាងបានទៅជាអគ្គមហេសីនៃព្រះឥន្រ្ទាធិរាជ។ កាលដល់កំនត់ជន្មាយុព្រះឥន្រ្ទជ្រាបថានាងនឹងច្យតចាកទេវលោកព្រះអង្គក៏ប្រទានពរ១០ប្រការ(ទសពរ)ចំពោះនាងតាមសេចក្តីប្រាថ្នាគឺ៖
1-ឲ្យបានជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យនានគរជេតុត្តរ
2-ឲ្យមានភ្នែកល្អ មានភូមោកោងទ្រទេសដូចបង្គុយកៅទណ្ឌ
3-ឲ្យមានឈ្មោះផុស្សតីដដែល
4-ឲ្យមានកូនប្រុសម្នាក់មានកិត្តិនាមល្បីល្បាញ
5-ពេលមានគភ៌សូមឲ្យមានផ្ទៃពោះរាបស្មើល្អ ដូចរូបប្រក្រតី
6-កុំឲ្យមានដោះសណ្តាយ
7-កុំឲ្យមានសក់ស្កូវ
8-ត្រូវមានសម្បុរស្បែកម៉ដ្ឋខៃល្អដូចសាច់ពពិលមាស
9-ឲ្យមានអំណាចដោះទុក្ខទោសរបស់មនុស្ស​ សត្វទាំងឡាយ
10-ឲ្យមានបក្សី គឺហង្ស ក្រៀល ក្ងាន បន្លឺនូវសព្ទល្វែវល្វើយនាព្រះរាជមន្ទីរ
​​​             ព្រះនាងផុស្សតីច្យតចាកទេវលោកមកកើតក្នុងផ្ទៃនៃព្រះអគ្គមហេសីរបស់ព្រះបាទមទ្ទរាជ។នាងមានក្លិនកាយក្រអូបដូចខ្លឹមចន្ទន៍ទើបគេថ្វាយព្រះនាមផុស្សតី។ព្រះបាទសិរីមហារាជ្យទ្រង់ប្រោសអភិសេកនាងឲ្យជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យព្រះរាជបុត្រ របស់ព្រះអង្គ។ កាលនោះព្រះពោធិសត្វយាងចុះពីឋានត្រៃត្រឹង្សមកចាប់បដិសន្ធិក្នុងផ្ទៃព្រះនាងផុស្សតី។ តាំងពីមានគភ៌កាលណា​​ព្រះនាងផុស្សតីចំណាយព្រះរាជទ្រព្យ៦មឺុនគហាបណៈរាល់ថ្ងៃ ដើម្បីព្រះរាជទានក្នុងសាលាទានទាំងបី។ នៅពេលគ្រប់ទសមាសព្រះនាងយាងប្រទក្សិណនគរ ក៏ស្រាប់តែប្រសូត្រព្រះពោធិសត្វនៅចន្លោះផ្លូវនៃពួកឈ្មួញទើបគេថ្វាយនាមព្រះរាជទារកថា ព្រះវេស្សន្តរ។ ក្នុងថ្ងៃព្រះពោធិសត្វប្រសូត្រមកមា្នដំរីមួយបាននាំកូនដំរីសសុទ្ធមកទុក្ខថ្វាយក្នុងកន្លែងដំរីមង្គល។ គេដាក់នាមដំរីនោះថា បច្ច័យនាគេន្រ្ទ។ នៅពេលព្រះជន្មបាន៥ឆ្នាំព្រះពោធិសត្វប្រទាននូវប្រដាប់ប្រដារកុមារមានតំលៃ១សែនគហាបណៈដល់មេនំគម្រប់៩ដង កាលព្រះជន្មបាន៨ឆ្នាំទ្រង់ប្រាថ្នាអោយបេះដូង ភ្នែក សាច់ ឈាមជាទានហៅថា អជ្ឍត្តិកទាន។ ព្រះជន្មបាន១៦ព្រះវស្សា ព្រះបិតាទ្រង់ផ្សំផ្គុំនាងមទ្រីជាមាតុលធីតាអំពីមទ្ទរដ្ឋឲ្យជាអគ្គមហេសី ហើយទ្រង់ដាក់រាជ្យថ្វាយឲ្យគ្រប់គ្រងនគរតរៀងមក។ចំណេរកាលមកនាងមទ្រីប្រសូត្របានព្រះរាជបុត្រមួយដាក់នាមថា ជាលី រួចប្រសូត្របានបុត្រីមួយដាក់នាមថា ក្រស្ណា។
គ្រាមួយដែន ក្លឹង្គរាស្រ្ត កើតទុរភិក្សរាំងភ្លៀង អត់បាយ។ អ្នកនគរចាត់ឲ្យព្រាហ្មណ៍ ៨ នាក់ទៅសុំដំរីមង្គលពីព្រះវេស្សន្តរ។ ព្រះពោធិសត្វក៏សព្វព្រះទ័យប្រោសប្រទានដំរីព្រមទាំង គ្រឿងប្រដាប់ទៅស្នម។ ពេលនោះអ្នកស្រុកស្រីពិរាស្រ្តនាំគ្នាខឹង សុំព្រះរាជាអោយបំបរបង់ព្រះ វេស្សន្តរចេញពីនគរ។ ព្រះបាទស្រីសញ្ជ័យពុំយល់ព្រមតាម តែអ្នកស្រុកពុំសុខចិត្ត។ ទីបំផុតព្រះវេស្សន្តរសម្រេចព្រះទ័យថានិងចេញពីនគរ ទៅបួសនៅក្នុងព្រៃភ្នំគិរីវង្គត។ ព្រះអង្គហៅនាងមន្រ្តីមកផ្តែផ្តាំ ប៉ុន្តែព្រះនាងទទូចសុំទៅតាមបម្រើព្រះស្វាមីតែមួយមុខ។
ព្រះនាងផុស្សតីអាឡោះអាល័យបុត្រ។ នាងយាងទៅអង្វរសុំទោសស្វាមីឲ្យព្រះរាជទានទោសឲ្យព្រះវេស្សន្តរ តែពុំបានសម្រេច។ តមកព្រវេស្សន្តរប្រារព្ធធ្វើសត្តសតកមហាទានគឺមានចំនួន៧រយៗគម្រប់៧មុខ។
ព្រះនាងផុស្សតីសុំឃាត់នាងមទ្រីជារាជសុណ៌សាឲ្យនៅក្នុងនគរ។ នាងមនទ្រីមិនព្រមដោយបានរៀបរាប់ពីធម្មជាតិអាក្រាត ៣ មុខថ្វាយព្រះមាតាស្តាប់គឺ៖
-ទន្លេគ្មានទឹក ហៅថាទន្លេអាក្រាត
-ដែនគ្មានទឹក ហៅថាដែនអាក្រាត
-ស្រីមេម៉ាយ ហៅថាស្រីអាក្រាត
តបមកព្រះវេស្សន្តរមួយអន្លើ និងនាងមទ្រីបុត្រទាំងពីរថ្វាយបង្គំមាតាបិតាលាចេញពីនគរ។ ព្រះពោធិសត្វទ្រង់ប្រទានសេះទាំង ៤ ទៅព្រាហ្មណ៍៤នាក់និងរាជរថទៅព្រាហ្មណ៍ម្នាក់ទៀតតាមផ្លូវ។ ទីបញ្ចប់ទ្រង់ពបាជលី នាងមទ្រី ចៅក្រស្ណាយាងព្រះបាទបន្តផ្លូវទៅមុខទៀត។ ព្រះវេស្សន្តរ មហេសី និងបុត្រ យាងដល់មាតុលនគរ។ ពួកអ្នកចេតរាស្រ្ត ចេញមកទទួលហើយព្រមព្រៀងថ្វាយរាជសម្បត្តិចំពោះព្រះវេស្សន្តរ ប៉ុន្តែព្រះអង្គពុំទទួល។ ស្តេចចេតរាស្រ្តនាំគ្នារៀបជូនដំណើរព្រះពោធិសត្វទៅដល់ទ្វារភ្នំគិរីវង្គត ហើយរើសកូនប្រុសអ្នកស្រុកម្នាក់ឈ្មោះចេតបុត្រឲ្យចាំនាច្រកភ្នំដើម្បីការពារសេចក្តីសុខចំពោះព្រះវេស្សន្តរ។ ក្សត្រទាំង៤អង្គយាងដល់ឆ្នេរស្រះបោក្ខរណីបានឃើញអាស្រមបទដែលសក្កទេវរាជនិមន្តថ្វាយ ក៏នាំគ្នាចូលគង់នៅជាមួយឥសីក្នងទីនោះទៅ។
និយាយពីព្រាហ្មណ៍ម្នាក់ឈ្មោះជូជក នៅស្រុកទុន្នវិដ្ឋព្រាហ្មណ៍គ្រាមសន្សំប្រាក់បាន១០០ គហាបណៈយកទៅផ្ញើនិងត្រកូលព្រាហ្មណ៍មួយ។ ត្រកូនព្រាហ្មណ៍ចាយប្រាក់ជូជកអស់ ក៏សុខចិត្តលើកកូនស្រីឈ្មោះ នាងអមិត្តធីតាឲ្យធ្វើជាប្រពន្ធជូជក។
ថ្ងៃមួយពួកព្រាហ្មណ៍ក្មេងៗ បានចោមរោមវាយនាងអមិត្តធីតាដោយក្តីច្រណែន នាងនេះបានលេស ក៏លេងបម្រើប្តីចាស់ ហើយបង្ខំតាជូជកឲ្យទៅសុំកូនព្រះវេស្សន្តរមកបម្រើនាង។ ជូជកធ្វើដំណើរទៅកាន់ភ្នំគិរីវង្គត។ ចេតបុត្រឃើញព្រាហ្មណ៍ចាស់ឃើញឆ្កែដេញខាំរត់ឡើងចុងឈើ ក៏ទាញព្រួញបំរុងនិងបាញ់ប្រហារ។ ជូជកកុហកថាខ្លួនជារាជទូតព្រះបាទស្រីសញ្ជ័យ។ ចេតបុត្រជឿក៏អញ្ជើញជួជកចុះមកជប់លៀង។
ក្រោយការជប់លៀងចេតបុត្ររៀបរាប់ដំណើរទៅកាន់ភ្នំគិរីវង្គតឲ្យជួជកស្តាប់។ តមកជួជកលាចេតបុត្រធ្វើដំណើរទៅដល់អាស្រម អច្ចតមហាឫសី។
អច្ចតមហាឫសីទទួលជូជក រួចក៏រៀបរាប់ប្រាប់ផ្លូវទៅកាន់អាស្រមព្រះវេស្សន្តរ។
ជួជកទៅដល់អាស្រមនាពេលរសៀល។ តាជីនៅសំណាក់ជើងភ្នំមួយយប់រងចាំព្រឹកស្អែកនឹងចូលទៅសុំបុត្រពីព្រះវេស្សន្តរ។
រាត្រីនោះនាងមទ្រីយល់សុបន្តិ ឃើញបុរសម្នាក់ទាបខ្មៅស្លៀកពាក់សំពត់អម្ចត់ត្រឹមជង្គង់សៀតផ្កាចារនៅត្រចៀក កាន់អាវុធមុតថ្លាចូលមកចាប់ផ្តូលនាងឆ្កៀលយកភ្នែកទាំងពីរកាត់យកព្រះអង្សាទាំងសងខាង ពុះទ្រូវរូងយកថ្លើមបេះដូងទៅ។ ព្រះនាងតើនឡើងភិតភ័យតក្កមាទើបព្រះនាងយាងយាត្រាចូលទៅរកស្វាមីគោះទ្វារអាស្រមបរមកុដ្ឋិទាំងរាត្រី។ ព្រះវេស្សន្តរកាត់សប្តិថាជាការល្អទេ។
ព្រឹកឡើងនាងមទ្រី នាំបុត្រទាំងពីរទៅផ្ញើនឹងស្វាមីរួចចេញទៅបេះផ្លែផល្លាទាំងអារម្មណ៍ពិភាល់យ៉ាងខ្លាំងអំពីសុបិន្តនិមត្ត។ ជួជកចូលមកសុំចៅក្រស្ណា និងបាជាលី។ រាជកុមារទាំងពីរភិតភ័យនាំគ្នារត់ទៅពូនឯស្រះឈូក។ ជួជកចាប់កុមារទាំងពីរទៅចងវាយវាត់នៅចំពោះព្រះភក្រ្ត័ព្រះវេស្សន្តរ។ ព្រះពោធិសត្វទប់ព្រះទ័យពុំទាន់ ទ្រង់ចាប់ធ្នូសរបម្រុងនឹងប្រហារព្រាហ្មណ៍ចោល តែទ្រង់ទប់បានវិញ។ ជូជកនាំកុមារចេញទៅ។
និយាយពីនាងមទ្រី ចេញទៅបេះផ្លែឈើពុំបានសោះ។ នាងជួបប្រទះនូវខ្យល់ព្យុះ ភ្លៀងផ្គរ ហើយចេះតែមានភេទចម្លែកៗដូចជារកាំភ្នែកឆ្វេង កម្រើកភ្នែកស្តាំ​ធ្លាក់សង្រែកពី ស្មា ធ្លាក់ទំពក់ពីដៃ។ នាងពុំអាចវិលមកអាស្រមបានព្រោះទេវបុត្រចុត្យនិមិត្តកាយជារាសីហ៍១ ខ្លាធំ ១ខ្លាដំបង១រាំងផ្លូវនាង។ លុះព្រលប់ទើបទេវបុត្រកាឡាខ្លួនចេញទៅអស់ នាងវិលមកកាន់អាស្រម។ នាងមទ្រីបាត់ពុំឃើញបុត្ររត់មកទទួលលដូចប្រក្រតី។ នាងភិតភ័យខំស្រែកហៅក៏ពុំឃើញ។ នាងសួរព្រះស្វាមីក៏ព្រះអង្គពុំឆ្លើយតប នាងមទ្រីសោយសោកលុះដូលសន្លប់បាត់ស្មារតី។ ព្រះវេស្សន្តរស្ទុះមកត្រកងបីយកទឹកស្រពព្រះភក្រ្ត័ឲ្យនាងដឹងខ្លួនវិញ ទើបទ្រង់លួងលោមប្រាប់ថា ព្រះអង្គបានប្រទានបុត្រទៅជួជកហើយ។ នាងមទ្រីអនុមោទនាបុត្រទានក្នុងខណៈនោះមក។
និយាយពីព្រះឥន្រ្ទាធិរាជទ្រង់ចុះមកកាឡាខ្លួនជាព្រាហ្មណ៍ម្នាក់ដើរចុះមកអាស្រមព្រះវេស្សន្តរដើម្បីបំពេញភរិយាទានរបស់ពោធិសត្វ។ នាងមទ្រីយល់អធ្យាស្រ័យស្វាមីក៏យល់ព្រមឲ្យព្រះវេស្សន្តរដាក់ទាននាងទៅឥន្រ្ទព្រាហ្មាណ៍។ ព្រះឥន្រ្ទទ្រង់សរសើរព្រះទ័យសប្បុរសរបស់ព្រះពោធិសត្វហើយទ្រង់បានប្រគល់នាងមទ្រីឲ្យ ព្រះវេស្សន្តរវិញ។ ខណៈនោះព្រះវេស្សន្តរបានសុំពរពីព្រះឥត៨ប្រការគឺ
១.​ សូមឲ្យព្រះវររាជបិតាស្តេចមកនាំពួកយើងខ្ញុំត្រឡប់ទៅនគរវិញ
២. សូមឲ្យមានអំណាចអាចដោះទុក្ខទោសរបស់សត្វទាំងឡាយឲ្យផុតពីក្តីស្លាប់
៣. សូមឲ្យបានជួយសង្រ្គោះដល់ជនកំសត់ ទុរគ៌តផុតពីក្តីក្រលំបាក
៤. សូមកុំឲ្យមានចិត្តត្រេកត្រអាលខាងផ្លូវកាមគុណជាអកុសល
៥. សូមឲ្យចៅជលី និងនាងក្រស្ណាបានគ្រប់គ្រងបុរីពិជ័យជេតុត្តរ
៦. សូមឲ្យមានអាហារទិព្ទកើតឡើងជារៀងរាល់ថ្ងៃ                                                                          
៧. សូមឲ្យការបរិច្ចាកទានកុំបីមានខ្វះខាតឡើយ
៨. សូមរំលងខាន់ទៅបានកើតនៅក្នុងឋានតុសិតទេវលោកកុំបីខានឡើយ
ជូជកបានដើរអស់ ១៥ថ្ងៃហើយទីបំផុតគឺវង្វេងផ្លូវទៅកាន់ក្រុងជេតុត្តរ។ ព្រះបាទស្រីសញ្ជ័យទតឃើញព្រាហ្មណ៍ចាស់បណ្តើរក្មេងតួចៗ ទ្រង់បញ្ជាឲ្យហៅមកគាល់។ ពួកអាមាត្យមុខមន្រ្តីបានស្តាប់ជួជកថ្លែងរឿងប្រាប់ក៏ចោទប្រកាន់ថ្កោលទោសព្រះវេស្សន្តរថាមិនគួរលើកកូនឲ្យជាទានសោះ។ ជាលីក្រស្ណាបានដោះសារការពារព្រះបិតា។ ព្រះបាទស្រីសញ្ជ័យត្រាស់ឲ្យលស់ព្រះរាជអនត្តោអនត្តាពីជូជក ហើយទ្រងឲ្យរៀបពិធីទទួលព្រលឹងទៅ។ ជាលីបានក្រាបទូលទុក្ខលំបាករបស់មាតាបិតានៅក្នុងព្រៃ។ ព្រះស្រីសញ្ជ័យសំរេចនាំរេហ៍ពលទៅតាមរាជបុត្រវិលមកនគរវិញ។
ចំនែកជួជកក្រោយដែលបានទទួលព្រះរាជទានរង្វាន់ហើយដោយសារគាត់អត់ឃ្លានមកយួរថ្ងៃ គាត់ក៏បរិភោគអាហារច្រើនហួសប្រមាណ ភ្លើងធាតុមិនអាចរំលាយឲ្យរលួយបាន គាត់ក៏រលាយសង្ខាក្នុងគ្រានោះហោង។
ព្រះបាទស្រីសញ្ជ័យ នាងផុស្សតី រាជវង្សានុវង្ស និងអស់លោកអាមាត្យមន្រ្តីព្រមទាំងកុមារទាំងពីរបានចេញដំណើរទៅកាន់ភ្នំគិរីវង្គត់។ ក្សត្រទាំង ៦ អង្គក៏បានជួបជុំគ្នាដូចប្រាថ្នា ហើយសំណេះសំណាលយំសោកត្រាតែសន្លប់អស់ ខណៈនោះមហាមេឃបង្អុរភ្លៀងបោក្ខរពស៌មកធ្វើឲ្យក្សត្រទាំង៦ និងសេនា អាមាត្យមុខមន្រ្តីដឹងស្មារតីវិញ។
ក្រោយមកព្រះវេស្សន្តរ និងនាងមទ្រីលាព្រះផ្នស។ ព្រះបាទស្រីបានសុំទោសបុត្រ ហើយទ្រង់លោងលោមបុត្រដោយប្រការផ្សេងៗ មុខចតុរងសេនាក៏ដង្ហែព្រះពោធិសត្វរាជរង្សានុវង្សចូលនគរវិញដោយសុវត្ថិភាព។
ព្រះវេស្សន្តរសោយរាជជាសុខរហូតដល់សោយទវង្គតបានទៅកើតនៅឋានតុសិតមាននាមថាសន្តសិតទេវបុត្រ។
ព្រះរាជវង្សានុវង្ស និងនាមុឺនសព្វមុខមន្រ្តីបានចាត់ការធ្វើពិធីរាជាភិសេកព្រះជាលី និងក្រស្ណាជាមហាក្សត្រតរៀងមក៕
ប្រធានរឿង៖ ព្រះវេស្សន្តរជាជាតិកំណើតពោធិសត្វចុងក្រោយបង្អស់របស់ព្រះពុទ្ធ។ ក្នុងរឿងនេះព្រះពោធិសត្វមាននាមថា វេស្សន្តរ ។ ឯដំណើររឿងទាំងមូលបានលាតត្រដាងពីដំណើរជីវិតព្រះអង្គដែលផ្សារភ្ជាប់តែ ការដាក់ទាន តែប៉ុណ្ណោះ។ ដូច្នេះយើងអាចកំណត់ប្រធានរឿងបានថា ការបំពេញទានបារមីរបស់ព្រះពោធិសត្វព្រះនាមវេស្សន្តរ។ ការបំពេញទានបារមីនេះ គឺជាការបំពេញមហាបរិច្ចាក៥គឺ​ ធនបរិច្ចាគ បុត្តបរិច្ចាគ ភរិយាបរិច្ចាគ អង្គបរិច្ចាគ និងជីវិតបរិច្ចាគ។
មូលបញ្ហារឿង៖ តាមរយៈសាច់រឿងព្រះវេស្សន្តរឃើញថា ការបរិច្ចាគទានទាំង៥នេះ មនុស្សធម្មតាមិនអាចធ្វើបានទេ។ ដូច្នេះការបំពេញទានបារមីរបស់ព្រះវេស្សន្តរអាចសំរេចបានដោយរបៀបណា?ហើយការបរិច្ចាគទាំងនេះជាការងារធម្មតាចំពោះព្រអង្គ ឫវាស្ថិតក្នុងដំណាក់កាលតស៊ូព្យាយាមដែរឫទេ?តាមរយៈដំណើររឿងយើងឃើញថាថ្វីត្បិតតែព្រះវេស្សន្តរជាទេវបុត្រដែលច្រតមកលើផែនដីដើម្បីបំពេញទានបារមីក៏ដោយ ក៏ការបំពេញទាននោះវាមិនមែនជាការងារធម្មតារបស់ព្រះអង្គឡើយ ព្រោះពេលដែលបំពេញទានព្រះអង្គជាមនុស្ស ពោលគឺមិនទាន់ក្លាយជាព្រះឡើយ។





















                                                                                                                             


No comments:

Post a Comment