កាលពីរពេលថ្មីៗនេះ ស្ថាបត្យករដ៏ល្បីល្បាញរបស់ខ្មែរនាសតវត្សរ៍ទី២០ និងទី២១ លោក វណ្ណ ម៉ូលីវណ្ណ បានផ្លាស់ទីលំនៅរបស់លោកពីភ្នំពេញ, ទីក្រុងទន្លេ មករស់នៅខេត្តសៀមរាប, ទីក្រុងប្រាសាទដែលល្បីល្បាញនៅលើពិភពលោក។
គេហដ្ឋានថ្មីរបស់លោកនៅទីក្រុងសៀមរាប មិនសូវខុសគ្នាពីគេហដ្ឋានរបស់លោកនៅទីក្រុងភ្នំពេញឡើយ។ គេហដ្ឋានរបស់លោកសាងសង់ឡើងដោយគំនិតរបស់លោកផ្ទាល់ ដោយរក្សារចនាបទខ្មែរ ប្រក់ក្បឿងសាមញ្ញធម្មតា ជញ្ជាំងធ្វើពីឥដ្ឋតាន់ រុក្ខជាតិគ្រប់ប្រភេទព័ទ្ធជុំវិញ។ ស្ថិតនៅតាមបណ្តោយមាត់ស្ទឹងសៀមរាប គេហដ្ឋានរបស់លោក វណ្ណ ម៉ូលីវណ្ណ បង្ហាញដល់ភ្នែកអ្នកធ្វើដំណើរភ្លាមថា ជា«ផ្ទះបុរាណខ្មែរ»។
នៅពេលចូលដល់ទីធ្លាគេហដ្ឋានរបស់លោកភ្លាម អារម្មណ៍ជ្រះថ្លា និងអារម្មណ៍រំភើបបានលេចចេញមកភ្លាមដោយសារតែសម្រស់ព្រៃប្រឹក្សានៅជុំវិញផ្ទះ រាងរៅផ្ទះ និងរបៀបសាងសាង់បែបសាមញ្ញធម្មតា តែហាក់បីដូចជាមានតម្លៃអ្វីម្យ៉ាងប្លែកពីគេ។ «ខ្ញុំចង់រស់នៅទីក្រុងសៀមរាបជាងភ្នំពេញ»។ នេះគឺជាការសម្តែងអារម្មណ៍របស់លោក វណ្ណ ម៉ូលីវណ្ណ ដោយលោកមិនបានពន្យល់លម្អិតអំពីមូលហេតុនោះទេ។
នៅពេលដែលគេសួរសំណួរថា ហេតុអ្វីបានជាលោកស្រឡាញ់ស្ថាបត្យកម្មរបៀបខ្មែរខ្លាំងម្ល៉េះ? លោក វណ្ណ ម៉ូលីវណ្ណ បានឆ្លើយមួយៗ និងម៉ាត់ៗថា៖«ខ្ញុំខ្មែរ ខ្ញុំធ្លាប់នៅក្នុងផ្ទះឈើ ប្រក់ក្បឿង ដូច្នេះ ខ្ញុំត្រូវតែស្រឡាញ់របស់ហ្នឹង។ ខ្ញុំកើតក្នុងអត្តសញ្ញាណខ្មែរ ដូច្នេះ ខ្ញុំត្រូវតែរក្សាអត្តសញ្ញាណរបស់ខ្មែរក្នុងស្ថាបត្យកម្មរហូតដល់ជីវិតចុងក្រោយរបស់ខ្ញុំ»។




អគុណសម្រាប់ការអានរបស់អ្នក៕
No comments:
Post a Comment