រឿងឆ្កែមើលឃើញខ្មោច
ជាហេតុភេទស្រុកខ្ញុំបាទធ្លាប់បានឮម្តាយនិងឪពុកគាត់និទាន
ប្រាប់ខ្ញុំថា ៖ បើឮឆ្កែលូ ឬព្រុសនៅពេលកណ្តាលអាធ្រាតស្ងាត់ នៅភូមិណា ស្រុកណា
ដែលក្រៅអំពីក្រុង ព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់
ស្រុកភូមិនោះច្រើនកើតជំងឺពុំសូវបានសេចក្តីសុខទេ
ត្បិតខ្មោចបីសាចវាដើររាតត្បាតធ្វើមនុស្សឱ្យឈឺចាប់ សឹងតែគ្រប់ៗគ្នា
ព្រោះឆ្កែមើលឃើញខ្មោច។ ដំណើរចាស់ៗថា ឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថា ៖
យូរយារណាស់មកហើយ មានបុរសម្នាក់ដើរទៅមើលគេលៀងមេមត់
ប៉ុន្តែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទូលមួយដែលមានព្រៃស៊ុបទ្រុប
គេកប់ខ្មោចក្នុងព្រៃនោះជាច្រើន។ លុះដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់ថា ៖
ពូៗផ្តាំទៅប្រាប់ប្រពន្ធខ្ញុំឱ្យមកផង។
បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់
គាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញថា ៖
– ប្រពន្ធឯងនៅឯណា ?
ខ្មោចឆ្លើយវិញថា ៖
– ប្រពន្ធខ្ញុំ នៅឯផ្ទះលៀងអារក្សឯណោះ !
បុរសឮហើយសួរទៅវិញថា ៖
– ចុះឯងឱ្យអញប្រាប់ម៉េចបាន? បើអញមើលប្រពន្ធឯងមិនឃើញនោះ
!
ក្នុងពេលនោះខ្មោចក៏ឱ្យប្រទាលប្រហោង
គឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់។ ខ្មោចឱ្យប្រទាលនោះទៅ
ហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផង។ បុរសនោះ កាលបើបានប្រទាលប្រហាងនោះហើយ មើលឃើញខ្មោចនៅពេញតែព្រៃ
គាត់ចេះតែដើរទៅៗគ្មានភិតភ័យខ្លាចអ្វីឡើយ។ គាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារក្ស
លុះដល់ផ្ទះនោះ គាត់ឃើញខ្មោចស្រីៗកំពុងស៊ីពែសំណែន ដែលគេសែននៅពោរពេញជាច្រើនគ្នាណាស់។
បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្តីវាផ្តាំមក ហើយបោយដៃហៅចំពីមុខនិយាយថា ៖
– ប្តីហងឱ្យទៅឱ្យឆាប់ ព្រោះកូនយំខ្លាំងណាស់ !
ខ្មោចនឹកឆ្ងល់ណាស់ ម៉េចក៏បុរសនេះមើលឃើញអញ
ទើបដើរសំដៅហើយសួរថា ៖
– ចុះអ្នកឯង ម៉េចក៏មើលអញឃើញ?
បុរសនោះក៏បង្ហាញប្រទាលប្រហាងហើយឆ្លើយថា ៖
– នេះប្រទាលដែលប្តីហងឱ្យអញ បានអញមើលឃើញ។
ខ្មោចនោះគ្រាន់តែឃើញប្រទាលភ្លាម ស្ទុះទៅដណ្តើមយក
ប៉ុន្តែបុរសពុំព្រមឱ្យក៏មានការប្រវាយប្រតប់គ្នា ដណ្តើមប្រទាលប្រហោងនោះ។
បុរសចេះតែស្រែកហៅឱ្យគេឯងជួយ ប៉ុន្តែអ្នកណាក៏មើលទៅមិនឃើញជាប្រយុទ្ធជាមួយនរណាសោះ
ឃើញតែស្ទុះស្ទាតែម្នាក់ឯង ម្លោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត។
លុះប្រវាយប្រតប់អស់មួយសន្ទុះធំ បុរសក៏រសាយដៃរបូតប្រទាលនោះពីដៃទៅ។
ខ្មោចស្ទុះប្រុងមករើសយក តែពេលនោះឆ្កែឃើញភ្លាមស្ទុះភ្លែតមកត្របាក់លេបចូលទៅក្នុងពោះ
បាត់ទៅ។ ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ។
ដោយសារមានរឿងនិទានយ៉ាងនេះ បានជាមានជំនឿថា
ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវាឃើញខ្មោចដើរ។
មួយវិញទៀតមានមនុស្សច្រើនណាស់ ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហាង
ដើម្បីយកមកប្រើការស័ក្តិសិទ្ធផ្សេងៗ៕
រៀបរៀងដោយ ចេះពីរៀន
ដកស្រង់ចេញពី 7lovephotos.wordpress.com

No comments:
Post a Comment