Sunday, June 25, 2017

រឿង ហង្សយន្ត

ប្រភពរឿង៖ តាមការវិភាគរបស់លោកបណ្ឌិត ឃីង ហុកឌី បានបញ្ចេញមតិថារឿងនេះប្រាកដជាស្នាដៃរបស់ខ្មែរ រួចមានគេលួចប្រែជាភាសាសៀម ទើបអ្នកនិពន្ធខ្មែរត្រូវបកប្រែមកជា ពាក្យខ្មែរវិញ ដើម្បីកុំឲ្យបាត់បង់សម្បត្តិអក្សរសាស្ត្រខ្មែរ។
ប្រភេទរឿង៖​ កាព្យនិទាន ឬប្រលោមលោកបែបបុរាណ ឬសាស្ត្រាល្បែង។
ចលនា៖ ពុទ្ធនិយម។
អ្នកនិពន្ធ៖ ចៅយមបុណ្យភក្តិឧក។
កាលកំណត់តែង៖ ស.វទី១៧។



សង្ខេបរឿង៖


ក្នុងអតីតកាលដ៏យូរលង់មានមហាក្សត្រមួយអង្គព្រះនាមអាទិត្យវង្សាសោយរាជ្យនៅនគរទេពបុរី។ មហាក្សត្រអង្គនោះជាស្តេចមានប្ញទ្ទិចេស្តា មាននគរចំណុះ១០១ និងមានស្រីស្នំ៦០០០នាក់ ទ្រង់មានមហេសីព្រះនាមព្រះនាងពិម្ពា។ តែជាអកុសលគឺទ្រង់ពុំមានព្រះរាជបុត្រមួយអង្គសោះ សម្រាប់ស្នងរាជ្យ ធ្វើឲ្យទ្រង់មានក្តីកង្វល់ជាពន់ពេក។ សម័យថ្ងៃមួយទ្រង់បានពិគ្រោះដោះស្រាយ​ជាមួយនាម៉ឺនសព្វមុខមន្ត្រីអំពីបញ្ហានេះ ទើបលោកមន្ត្រីមួយរូបលើកយោបល់ថាគួរមានពិធីបន់ស្រន់ថ្វាយទេព្តាសុំបុត្រាដោយឲ្យព្រះមហេសី និងស្រីស្នំទាំងអស់ចាំសីលភាវនា។


ស្នំទាំងអស់ពិសេសព្រះនាងពិម្ពា បានប្រតិបត្តិការបួងសួងយ៉ាងយកចិត្តទុកដាក់រហូតធ្វើឲ្យកក្រើកដល់ឋានទេព្តា ពេលនោះព្រះឥន្ទកោសីយក៏បានទៅអាធនាទេវបុត្រឲ្យមកចុះចាប់បដិសន្ធិក្នុងគភ៌ព្រះនាងពិម្ពាជាបុត្រារបស់ព្រះអាទិត្យវង្សា។ លុះព្រះរាជបុត្រគ្រប់ទសមាសទ្រង់ប្រសួតមកមានព្រះកាយភ្លឺដូចមាស ទើបព្រហ្មណ៍បុរោហិតទាំងឡាយដាក់ព្រះនាមថាសុវណ្ណកុមារ។


ព្រះសុវណ្ណកុមារទ្រង់ចម្រើនវ័យវឌ្ឍការក្រោមការបីបាត់ដ៏ល្អឥតខ្ចោះ។ នៅពេលព្រះសុវណ្ណកុមារពេញវ័យព្រះបាទអាទិត្យវង្សា ទ្រង់មានបំណងជ្រើសមហេសីថ្វាយបុត្រាក៏បង្គាប់ក្សត្រចំណុះទាំង១០១នគរ នាំបុត្រីមកឲ្យព្រះសុវណ្ណកុមារជ្រើសរើស។ តែពុំមានក្សត្រីអង្គណាជាទីពេញព្រះទ័យនៃព្រះសុវណ្ណកុមារឡើយ មានតែទទួលក្តីអាម៉ាសដោយការត្មិះដៀលពីព្រះសុវណ្ណកុមារទៅវិញដែលធ្វើឲ្យព្រះបាទអាទិត្យវង្សាមានការពិរោធនឹងទ្រង់ជាខ្លាំង។


ចំណេរកាលតមកមិនយូរប៉ុន្មាន ក្នុងរាជវាំងមានជាងទងពីរនាក់មានជំនាញរៀងៗខ្លួនក្នុងការកសាងជាវត្ថុសិល្បៈផ្សេងៗមានទំនាស់គ្នារវាងចំណេះរៀងៗខ្លួនដែលនាំឲ្យលឺដល់ព្រះមហាក្សត្រ ទ្រង់ក៏ចាត់ចែងឲ្យជាងទាំងពីរប្រឡងសាកល្បងគ្នា ដោយទ្រង់ប្រទានសម្ភារៈតាមតម្រូវការ។ ជាងម្នាក់បានសាងសង់ជាពិមានដែលរំលេចដោយក្បូរក្បាច់រចនាល្អគ្មានពីរស្រោបដោយមាស និងត្បូងទទឹមភ្លឺរន្ទាលឆ្អិនឆ្អៅហាក់បីដូចជាទិព្វពិមានរបស់សក្កទេវរាជ។ ចំណែកជាងមួយរូបទៀតសាងរូបបក្សីធ្វើអំពីមាស​រំលេចដោយត្បូងចរណៃ ហើយបក្សីទាំងនោះអាចហោះហើរលើអាកាសបានសព្វទិសា បានតាមចិត្តប្រាថ្នា មានចលនាដូចជាសត្វពិត មានឬទ្ធិដូចសត្វទេព។ ព្រះមហាក្សត្រទ្រង់មានអំណរក្រៃ ហើយទ្រង់បានឲ្យជាងទាំងពីរសហការគ្នាសាងជារូបហង្សយន្ត​ដែលអាចឲ្យមនុស្សជិះបានថ្វាយទ្រង់។ ឯជាងទាំងពីរក៏បានសាងជាបក្សីយន្តតាមព្រះរាជបំណង។ ហង្សយន្តមាសដែលរំលេចទៅដោយក្បូរក្បាច់យ៉ាងវិចិត្រគ្មានពីរភ្លឺរន្ទាលអាចឲ្យមនុស្សអាស្រ័យហោះហើរទៅគ្រប់ទីស្ថានបានតាមចិត្តប្រាថ្នា។ ឯរាជបុត្រកាល ឃើញយានទិព្វក៏ទូលសុំព្រះបិតាបំណងយកយានហង្សយន្តនោះទៅស្វែងរករៀនសិល្ប៍វិជ្ជាការ ចំណេះវិជ្ជាផ្សេងៗ និងរកទេពីជាទីពេញព្រះទ័យ ហើយមាតាបិតាក៏ព្រះរាជទានតាមបំណង។


ក្រោយពីបានហង្សយន្តព្រះសុវណ្ណកុមារ ទ្រង់ធ្វើដំណើរយ៉ាងរីករាយទតធម្មជាតិ ហើយរៀបរាប់សរសើរជាហូរហែ។ លុះបន្ទាប់មកទៀត ទ្រង់ក៏បានដល់បញ្ចាល៍នគរដែលជាទីព្រះបាទបញ្ចាល៍គ្រប់គ្រង។ ទ្រង់បានទៅសំណាក់ជាមួយព្រាហ្មណ៍មួយរូបក្រោយមកជាឪពុកធម៌របស់ទ្រង់។ ដោយទ្រង់ជាបុគ្គលមានភាពឧស្សាហ៍ព្យាយាមក្នុងការសិក្សា ហើយមានប្រាជ្ញាលើសពីមនុស្សទាំងពួងផងទ្រង់ក៏បានរៀនចេះចាំស្ទាត់ជំនាញអំពីវិជ្ជាការទាំងប៉ុន្មានឥតចន្លោះ ហើយត្រូវឪពុកធម៌របស់ទ្រង់នាំទៅថ្វាយព្រះបាទបញ្ចាល៍ ដើម្បីឲ្យសុវណ្ណកុមារកាន់តួនាទីជំនួសលោក ឯព្រះបាទបញ្ចាល៍ទៀតសោតក៏សឹងពេញចិត្តទាំងសមត្ថភាព រូបសម្បត្តិ និងអត្តចរិតរបស់ព្រះសុវណ្ណកុមារជាពន់ពេក តែទ្រង់ពុំជ្រាបថាសុវណ្ណកុមារជាអម្បូរក្សត្រនាំឲ្យទ្រង់ស្តាយ ដែលពុំអាចឲ្យព្រះសុវណ្ណកុមារធ្វើជារាជសុណិសាបាន។


ថ្លែងពីព្រះបាទបញ្ចាល៍ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គប្រកបដោយរូបសម្បត្តិល្អលើសទេពធីតាឋានសួគ៌ទៅទៀតទ្រង់មានព្រះនាមបុទមកេសរ។ នៅពេលដែលព្រះសុវណ្ណកុមារចូលដល់រាជវាំងព្រះនាងមានការចាប់ព្រះទ័យយ៉ាងចម្លែកទាំងរូបសម្បត្តិ ទាំងចរិយាសម្បត្តិ ប្ញកពាដែលធ្វើឲ្យព្រះនាងយល់ថាព្រះសុវណ្ណកុមារប្រាកដជាចេញមកអំពីត្រកូលនៃរបាក្សត្រណាមួយជាក់ជាមិនខាន។


ដោយទំហំនៃសេចក្តីស្រឡាញ់ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យព្រះនាងស្រពាប់ស្រពោនក្រៃ។ ឯនាងភីលៀងកាលបើឃើញម្ចាស់ស្រីមានទុក្ខក៏ធ្វើជាអ្នកនាំពាក្យពីព្រះនាងបុទមកេសរទៅព្រះសុវណ្ណកុមារ ជាប្រការផ្សេងៗ។​ ព្រះសុវណ្ណកុមារក៏បានមកជួប ហើយលួងលោមធីតាក្នុងផ្លូវកាមគុណព្រះនាងចេះតែរកហេតុផលមកពន្យល់ តែព្រះសុវណ្ណកុមារធ្វើជាខឹងទើបនាងព្រម។


ព្រះសុវណ្ណកុមារតែងតែមកជួបធីតាតាមហង្សយន្តជារៀងរាល់រាត្រីរហូតព្រះនាងមានគភ៌ជិតគ្រប់ខែ ទើបបានជ្រាបដល់ព្រះបញ្ចាល៍ ទ្រង់ពិរោធយ៉ាងខ្លាំង ក៏ប្រើល្បិចចាប់ព្រះសុវណ្ណកុមារហើយឲ្យពេជ្ឈឃាដនាំខ្លួនទៅសម្លាប់។


ព្រះសុវណ្ណកុមារទ្រង់មានវិប្បដិសារៈជាពន់ពេក ម្យ៉ាងនឹកដល់មាតាបិតាឯនាយ ម្យ៉ាងស្តាយភរិយា ឯព្រះនាងបុទមកេសរ ក៏ទួញសោកបោកខ្លួនស្តាយសុវណ្នកុមារដែរ។ ឯមាតាព្រះនាងបុទមកេសរក៏ជួយអង្វរសុំការលើកលែងទោស តែព្រះបាទបញ្ចាល៍ពុំព្រមលើកលែងទោសឡើយ។


ថ្លែងពីពេជ្ឈឃាតពេលនាំសុវណ្ណកុមារទៅសម្លាប់ត្រូវសុវណ្ណកុមារបោកបញ្ឆោត ហើយឡើងជិះហង្សយន្តទៅយកព្រះនាងបុទមកេសរ រួចហោះប្រទក្សិណបីជុំប្រាសាទបញ្ចាល៍ ដោយសុវណ្ណកុមារដៀលផ្តាសារ និងគំរាមដោយប្រការផ្សេងៗធ្វើឲ្យព្រះបាទបញ្ចាល៍ភិតភ័យតក្កមា ឯសុវណ្ណកុមារក៏នាំព្រះនាងបទុមកេសរហោះទៅកាន់នគរទេពបុរីរបស់ទ្រង់។ លុះធ្វើដំណើរបាន៧ថ្ងៃ នាងបុទមកេសរក៏ឈឺពោះឆ្លងទន្លេ។ សុវណ្ណកុមារក៏ឈប់សំចតក្នុងខេត្តខណ្ឌហេមពាន្តដ ក្រោមដើមជ្រៃក្នុងព្រៃក្រឹស្ណាខាងឆ្នេរព្រះគង្គារគីស្រះបោក្ខរណី។ ដោយឃើញបទុមកេសរ និងបុត្រាមានភាពរងាញ័រញាក់ សុវណ្ណកុមារបានអាស្រ័យដោយហង្សយន្តទៅយកភ្លើងពីនាយសំពៅនាកណ្តាលមហាសាគរ តែជាកម្មអកុសលព្រះអគ្គីបានឆាបឆេះខ្សែបញ្ជាហង្សយន្ត ធ្វើឲ្យព្រះសុវណ្ណកុមារត្រូវបាននាយសមុទ្រគោចរជួយសង្គ្រោះ ហើយហង្សយន្តត្រូវនាយពាណិជ្ជស្រង់បាន តែពុំបានដឹងពីគុណប្រយោជន៍ឡើយ។


នាងបទុមកេសរកាលចាំស្វាមីបាត់ពុំឃើញត្រឡប់មកវិញក៏ទួញសោយសោក ហើយដើររកស្វាមីដោយទុកកូនក្រោមដើមក្រឹស្នានាព្រៃនោះ។


ថ្លែងពីព្រះចៅព្រហ្មទត្តស្តេចនៃនគរពារាណសី​ ក្នុងពេលទ្រង់យាងក្រសាលក្នុងដងព្រៃបោះក៏ឃើញបុត្ររបស់បុទមកេសរទ្រង់ក៏បានរើសទារកនោះយកមកចិញ្ចឹម ហើយដាក់ព្រះនាមថាចៅក្រឹស្នកុមារ។ ទ្រង់ស្រឡាញ់បុត្រក្រៃ ព្រោះទារកនេះមានសម្បុរដូចមាស ម្យ៉ាងទ្រង់ពុំមានបុត្រផង។ លុះនាងបុទមកេសរមកវិញរកកូនមិនឃើញក៏សន្លប់បាត់ស្មារតី។ ពេលដែលនាងភ្ញាក់រលឹកឡើងក៏ដើរតាមស្នាមដានជើងរហូតមកដល់នគរពារាណសី ហើយស្នាក់នៅជាមួយយាយមាលាជាអ្នកក្រងផ្កាថ្វាយស្តេច ដើម្បីរង់ចាំឱកាសជួបជាមួយនឹងចៅក្រឹស្នកុមារ។


ក្នុងពេលនៅជាមួយយាយមាលា នាងក្រងផ្កាថ្វាយសេ្តចជំនួសយាយមាលាយ៉ាងប៉ិនប្រសប់ជាហេតុនាំឲ្យស្តេចចង់ជួបនាង តែត្រូវយាយមាលាកុហកថានាងជាស្ត្រីមេម៉ាយ ហើយមានរូបអាក្រក់ក្រៃព្រោះពុំមែនជាឱកាសល្អ។ នាងនៅជាមួយយាយមាលាអស់រយៈពេល ១៦ឆ្នាំ។ ពេលនោះចៅក្រឹស្នកុមារក៏ចម្រើនវ័យគ្រប់ការ ទើបព្រះបាទព្រហ្មទត្តទ្រង់ត្រាស់ឲ្យស្តេចនៃនគរចំណុះទាំង​​១០១ នាំបុត្រីដែលពេញវ័យគ្រប់ការមកថ្វាយ តែពុំមានសូម្បីតែមួយអង្គដែលធ្វើឲ្យចៅក្រឹស្នកុមារពេញចិត្តសោះឡើយ ទើបព្រះបាទព្រហ្មទត្តបញ្ជាឲ្យរាជ្យអាមាត្រដើររើសរកស្រីល្អក្នុងនគរមកថ្វាយ ឯរាជអាមាត្យក្រាបថ្វាយទូលមហាក្សត្រថាក្នុងនគរពារាណសីនេះពុំមានស្រីណាដែលមានសម្រស់ស្រស់ស្អាតស្មើនឹងនាងបុទមកេសរជាចៅយាយមាលាសោះឡើយ តែទ្រង់ពុំជឿលុះអាមាត្យនាំនាងមកទើបទ្រង់ជឿ ឯចៅក្រឹស្នកុមារក៏សឹងពេញចិត្តគ្មានប្រកែក ហើយព្រះបាទព្រហ្មទត្តទ្រង់ត្មិះដៀលជេរយាយមាលាជាច្រើនដែលហ៊ានភូតកុហកទ្រង់។ ក្រោយពីបានរៀបចំរាជអភិសេកចៅក្រឹស្នកុមារ និងនាងបុទមកេសរ ព្រះបាទព្រហ្មទត្តក៏បានប្រគល់រាជសម្បត្តិថ្វាយចៅក្រឹស្នកុមារផងឲ្យគ្រប់គ្រងនគរពារាណសីពីទ្រង់ដែរ ឯនាងបុទមកេសរវិញក៏ចាំសង្កេតអត្តចរិតចៅក្រឹស្នកុមារដែរ។


ក្នុងវេលារាត្រីផ្សំដំណេកខណៈដែលចៅក្រឹស្នកុមារសំដៅទៅប្រាសាទនាងបុទមកេសរក៏ស្រាប់តែមានទេវតាមកនិមិត្តទេពហេតុបីប្រការជាប្រស្នាដល់ចៅក្រឹស្នកុមារជាហេតុនាំឲ្យទ្រង់ និងនាងបុទមកេសរបានស្គាល់គ្នាជាម្តាយនិងកូន។ ក្រោយមកនាងបុទមកេសរ និងចៅក្រឹស្នកុមារបានសាងសង់សាលាឆទាន ដោយមានឆ្លាក់ជាសាច់រឿងនៃឆាកជីវិតរបស់នាង និងស្វាមីក្នុងគោលបំណងឲ្យសុវណ្ណកុមារបានឃើញ ហើយឲ្យយាយមាលាជាអ្នកគ្រប់គ្រងសាលានោះ។


ថ្លែងពីនាយសាគរពាណិជ្ជ ដែលរើសបានហង្សយន្តបានយកទៅថ្វាយស្តេចព្រហ្មទត្ត ហើយទ្រង់បានឲ្យចៅក្រឹស្នកុមារជាអ្នកថែរក្សា។ ឯនាយសមុទ្រគោចរក៏បានចូលសំពៅមកដល់នគរពារាណសី ដើម្បីដោះដូរទំនិញ ដែលនាំឲ្យសុវណ្ណកុមារបានឃើញនូវរឿងរ៉ាវដែលឆ្លាក់់ជាប់សាលាឆទាន ហើយត្រូវយាយមាលានាំឲ្យទៅជួបនាងបុទម និងចៅក្រឹស្នកុមារ។ ដោយក្តីនឹករលឹកគ្នា ក្សត្រទាំងបីអង្គបានសោយសោករហូតដល់សន្លប់ទាំងបីអង្គ តែត្រូវព្រះឥន្ទ្រាធិរាជប្រោសឲ្យរស់វិញទាំងអស់។ ឯព្រះបាទព្រហ្មទត្តទ្រង់បានឲ្យអាមាត្យមកសាកសួរតែចៅក្រឹស្នកុមារទូលថាជាបងរបស់នាងបុទមកេសរ។


ចៅក្រឹស្នកុមារបានយកហង្សយន្តមកថ្វាយសុវណ្ណកុមារជួសជុល ឯនាងបុទមកេសររៀបចំស្បៀងអាហារក្នុងពេលធ្វើដំណើរ ហើយនាងបានឲ្យរង្វាន់ដល់នាយសំពៅទាំងពីរ និយាយមាលាជាច្រើន ចំណែកចៅក្រឹស្នកុមារបានសរសេរសំបុត្របិទជាប់ទ្វារប្រាសាទថ្វាយព្រះបាទព្រហ្មទត្ត ហើយទាំងបីអង្គអាស្រ័យដោយហង្សយន្តហោះសម្តៅទិសឧត្តរទៅទេពបុរីអស់មួយរយៈពេល ឯព្រះបាទព្រហ្មទត្តទ្រង់ទួញអាល័យបុត្រក្រៃពេក។


ដល់ទេពបុរីក្សត្រទាំង៥អង្គ បានព្រះកន្សែងលុះសន្លប់ស្មារតីទាំងអស់គ្រប់គ្នា។ ក្រោយពីធ្វើពិធីជញ្ជាត់ព្រលឹង ព្រះអាទិត្យវង្សាបានផ្ទេររាជបល្ល័ង្កថ្វាយសុវណ្ណកុមារ និងចៅក្រឹស្នកុមារជាឧបរាជបានសេចក្តីសុខសាន្តលុះមរណារៀងៗខ្លួន ក៏យោនយកកំណើតតាមផលកម្ម គឺព្រះអាទិត្យវង្សាជាព្រះបាទសុទ្ធោន៍ នាងពិម្ពាជាមហាមាយា ព្រហ្មទត្តជាអានន្ន ព្រះឥន្ទជាអនុរុទ្ធ នាងបទុមជាយសោធារា ចៅក្រឹស្នកុមារជារាហុលកុមារ ព្រះបាទបញ្ចាល៍ជាទេវទត្តអន្យតិរ្ថិយ ឯសុវណ្ណកុមារជាព្រះសាមណគោតមនេះឯង។ប្រធានរឿង៖ ដំណើរជីវិតរបស់សុវណ្ណកុមារ ផ្សារភ្ជាប់នឹងហង្សយន្ត។
មូលបញ្ហារឿង៖
ការចាកចេញពីនគររបស់សុវណ្ណកុមារ
ការទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ
ការពុះពារជំនះគ្រប់ឧបសគ្គគ្រប់បែបយ៉ាង
ការរក្សាភក្តីភាពរវាងស្វាមី និងភរិយា
ការវិលត្រឡប់ចូលនគរវិញរបស់សុវណ្ណកុមារ។









រឿង ស័ង្ខសិល្បជ័យ

ប្រភពរឿង៖ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ (លើកទី១) នៅពុទ្ធសករាជ ២០៥៩ ត្រូវនឹងគ្រឹស្តសករាជ ១៩៦៦។
ប្រភេទរឿង៖ អក្សរសិល្ប៍បុរាណ សាស្ត្រាល្បែង កាព្យនិទាន
ចលនា៖ ពុទ្ធនិយមក្លាយ
កាលកំណត់តែង៖ ១៨៨២
អ្នកនិពន្ធ៖ ឧកញ៉ាវង្សាធិបតីអ៊ុក
សង្ខេបរឿង៖
     ព្រះបាទកុត្តរាជ សោយរាជ្យបញ្ចាលបុរីមានព្រះអគ្គមហេសីព្រះនាមសុុមន្ទា មានព្រះរាជបុត្រច្បងព្រះនាមសេនាកុត្តរាជ ព្រះរាជបុត្រីប្អូនព្រះនាមកេសរសុមន្ទា។ លុះព្រះបាទកុត្តរាជទ្រង់ព្រះទិវង្គតទៅ ព្រះនាងសុមន្ទាទ្រង់អភិសេកព្រះរាជកុមារសេនាកុត្តរាជ ជាមហេក្សត្រឡើងគ្រងរាជ្យ ហើយព្រះបាទសេនាកុត្តរាជ ទ្រង់ឲ្យហោរាទាយជតារាសីឲ្យព្រះនាងកេសរសុមន្ទាជាព្រះកន្និដ្ឋា ហោរទាយថា"វេលាព្រះនាងមានព្រះជន្ម១៥វស្សា និងមានយក្ស១មកចាប់ទៅធ្វើជាភរិយានៅក្នុងព្រៃ"។
     ក្រោយមកព្រះនាងកេសរសុមន្ទាចូលក្រាបបង្គំលាព្រះរៀមចេញទៅក្រសាលឧទ្យាន។ ព្រះរាមទ្រង់ឃាត់ពុំស្តាប់ ក៏ទ្រង់ជូនព្រះកនិដ្ឋាទៅដោយពួកពលជាច្រើន។ ក្នុងពេលកំពុងក្រសាល មានយក្សកម្លោះមួយឈ្មោះកុម្ភណ្ឌ ឋិតនៅប្រាសាទក្នុងព្រៃហេមពាន្តចេញមកលេងព្រៃដែរ។ លុះមកដល់បញ្ចាលនគរ កុម្ភណ្ឌបានឃើញព្រះនាងកេសរសុមន្ទាកំពុងក្រសាលឧទ្យានក៏ស្នេហា ហើយកាឡាខ្លួនជាមនុស្សចូលទៅលាយឡំជាមួយបរិពារនោះ ហើយចាប់ពហោះយកព្រះនាងទៅធ្វើជាភរិយា នៅក្នុងប្រាសាទនាព្រៃហេមពាន្ត។
     ថ្ងៃមួយកុម្ភណ្ឌលាព្រះនាងកេសរសុមន្ទាទៅគាល់ព្រះនារាយណ៍ក្រាបទូលសព្វគ្រប់រឿងដែលខ្លួនបានភរិយាជាទីពេញចិត្ត។ ព្រះនារាយណ៍ទ្រង់ប្រទានព្រះសភ័គ (ស្បៃ) មួយជាចំណងដៃ។ កុម្ភណ្ឌក៏យកមកថ្វាយព្រះនាងជាភរិយា។
     នៅរួមគ្នាមិនយូរប៉ុន្មាន បានព្រះរាជបុត្រី១ ព្រះនាមថា សុពណ៌ទេវី។
     សម័យមួយ កុម្ភណ្ឌទៅលេងបាស្កាភ្នាល់នឹងស្តេចនាគឯនាគពិភព ស្តេចនាគដាក់នគរជាតំណាង កុម្ភណ្ឌដាក់រាជបុត្រីជាតំណាង កុម្ភណ្ឌចាញ់នាគៗក៏យកព្រះនាងសុពណ៌ទេវីជាភរិយា។
     ឯព្រះបាទសេនាកុត្តរាជ ក្រោយដែលកុម្ភណ្ឌលួចយព្រះនាងកេសរសុមន្ទាទៅ ទ្រង់ចាត់ឲ្យរកសព្វទិសពុំឃើញសោះ ស្តេចទ្រង់ព្រះវិយោគ ទ្រង់សង្វេគ ទ្រង់លះរាជសម្បត្តិចេញបួសជាបព្វជិតនៅវត្តមួយ។
     វេលាទ្រង់ព្រះផ្នួសហើយ មានស្រុកមួយឈ្មោះនិគ្រោធគ្រាម មានដូនចាស់ម្នាក់មានបុត្រី៧នាក់។ នៅថ្ងៃសីលមួយ បុត្រីទាំង៧នាក់នោះ នាំគ្នាបេះផ្កាយកទៅថ្វាយព្រះពុទ្ធនៅវត្តដែលមានព្រះរាជាគង់។ ព្រះរាជាទតឃើញទ្រង់មានព្រះទ័យប្រតិព័ទ្ធ។ លុះនាងទាំង៧ត្រឡប់ទៅផ្ទះវិញ ព្រះរាជាទ្រង់លាចាកសិក្ខាបទ ហើយស្តេចយាងទៅកាន់ស្រុកនិគ្រោធគ្រាមនោះ សុំដណ្តឹងនាងទាំង៧នាក់អំពីតាចាស់ដូនចាស់ជាមាតាបិតា។ កាលដូនតាបានថ្វាយហើយ ទ្រង់នាំនាងទាំង៧នាក់នោះមក្នុងនគរអភិសេកជាមហេសី។
     មិនយូរប៉ុន្មាន នាងបងៗទាំង៦ប្រសូតព្រះរាជបុត្រា១ម្នាក់ៗព្រមគ្នាក្នុងមួយថ្ងៃ។
     លំដាប់ពីនោះ នាងកេសរបុប្ផា ជាព្រះស្នំឯកប្រសូតបុត្រមួយមកជាសត្វរាជសីហ៍។
     ព្រះនាងបុទមាជាប្អូនពៅ ប្រសូតបុត្រាមួយមកមានដៃម្ខាងកាន់ធ្នូសិល្បជ័យ ដៃម្ខាងកាន់ខ្យងស័ង្ខ ព្រោះហេតុនោះបានជាថ្វាយព្រះនាមថា "ស័ង្ខសីលជ័យ"។
     ព្រះរាជាទ្រង់ឲ្យហោរគន់គូរ ហោរដោយបានសំណូកពីនាងបងៗទាំង៦ក៏ទូលថាអាភេទនេះជាឧត្បាទនាំឲ្យមានគ្រោះថ្នាក់ដល់ព្រះអង្គ ដល់បណ្តារាស្ត្រ និងដល់ព្រះនគរ។ ដោយសេចក្តីញុះញុងអំពីនាងទាំង៦ និងអំពីហោរាខ្លាំងពេក ទ្រង់ក៏ព្រះរាជបញ្ជាឲ្យនិរទេសព្រះនាងបទុមា នាងកេសរបុប្ផា និងស័ង្ខសីលជ័យព្រមទាំងរាជសីហ៍ចេញចាកព្រះនគរឲ្យទៅនៅព្រៃ។ ដោយបុណ្យបារមីស័ង្ខសីល្បជ័យជាពោធិសត្វ ព្រះឥន្ទប្រើព្រះពិស្ណុការមកនិម្មិតនគរថ្វាយជានគរ មានប្រាង្គប្រាសាទទាំងបន្ទាយព័ទ្ធជុំវិញ ព្រមទាំងសួនច្បារ ទាំងប្រដាប់ប្រដាសព្វគ្រប់សន្មតនាមថា "ពិស្ណុនគរ"។ ព្រះស័ង្ខសិល្បជ័យក៏គង់នៅជាសុខសប្បាយជាមួយព្រះមាតា។ ថ្ងៃក្រោយមកពួកបងៗទាំង៦បានដឹងព្រឹត្ថហេតុនោះ ដោយព្រានព្រៃក៏ធ្វើឧបាយយ៉ាងច្រើនយ៉ាង មាននំចំណី និងស្លាដាក់ថ្នាំពុលជាដើម ឲ្យកូនទាំង៦នាក់យកទៅថ្វាយព្រះស័ង្ខសិល្បជ័យ តែព្រះអង្គមិនសោយ។ ថ្ងៃក្រោយមកទៀត នាងទាំង៦នាំគ្នាទូលព្រះបាទសេនាកុត្តរាជសុំរាជ្យឲ្យកូនខ្លួន។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា បើកូនចង់សោយរាជ្យ លុះតែកូនទៅរកសត្វបក្សាម្រឹគា និងមច្ឆាពីព្រៃហេមពាន្តមកឲ្យឳពុក ទើបកូនសោយរាជ្យបាន។ កុមារទាំង៦ទៅឲ្យព្រះស័ង្ខសិល្បជ័យរកឲ្យព្រះស័ង្ខសិល្បជ័យថ្លែងសរកើតជាសត្វ បក្សា ម្រឹគា និងមច្ឆាឲ្យយកទៅថ្វាយព្រះបិតាៗទ្រង់ទត ទ្រង់ស្គាល់ថាជាឫទ្ធិរបស់ព្រះស័ង្ខសិល្បជ័យ។
     ពេលដែលកុមារទាំង៦ ទូលសូមរាជ្យព្រះបិតាទ្រង់មានព្រះបន្ទូលថាលុះតែអ្នកទៅរកនាងកេសរសុមន្ទាជាព្រះមាតុច្ឆាបានមក ទើបយើងឲ្យអ្នកសោយរាជ្យ។ កុមារទាំង៦ក៏ប្រាប់ព្រះស័ង្ខសិល្បជ័យៗលាព្រះមាតា ជិះលើរាជសីហ៍ទៅជាមួយនឹងបងៗទាំង៦នាក់ ដោយខ្យងស័ង្ខជាអ្នកនាំមុខ ទីណាពុំមានផ្លូវ ខ្យងស័ង្ខក៏ដល់ធ្វើផ្លូវថ្វាយឲ្យស្តេចទៅដោយស្រួល។ ព្រះស័ង្ខសិល្បជ័យឲ្យបងៗទាំង៦នៅចាំត្រង់ស្ទឹង១ធំ ហើយស្តេចយាងឆ្លងស្ទឹងទៅជាមួយរាជសីហ៍ និងស័ង្ខ ស្តេចផ្សងថា បើព្រះមាតុច្ឆានៅទីណា សូមស័ង្ខនាំទៅកាន់ទីនោះ។ ក្នុងព្រះដំណើរកាត់ភ្នំកាត់ព្រៃនោះ ទោះទីមានសត្វសាហាវ យក្សកំណាច បិសាច ព្រាយមាយា យាយីយ៉ាងណាក៏ស័ង្ខ និងរាជសីហ៍បោលទង្គិចឲ្យខ្ទេចខ្ទីយកជ័យជំនះទៅបាន។
     កាលព្រះស័ង្ខសិល្បជ័យទៅជិតដល់ កុម្ភណ្ឌចេញទៅលេងព្រៃទុកព្រះនាងកេសរសុមន្ទានៅក្នុងប្រាសាទ។
     ព្រះស័ង្ខសិល្បជ័យទ្រង់ហោះទៅដល់ប្រាសាទនោះ បានជ្រាបដំណឹងដោយពួកទេវតាថា នេះហើយជាប្រាសាទកុម្ភណ្ឌ ដែលព្រះនាងកេសរសុមន្ទាគង់នៅ។ ស្តេចជ្រាបហើយក៏ទ្រង់ឈរក្បែរប្រាសាទស្រែកហៅព្រះមាតុច្ឋា។ ព្រះនាងសាកសួរព្រះរាជកុមារៗក្រាបទូលប្រវត្តិការណ៍ដោយសព្វកគ្រប់។
     ពេលនោះ ហេតុតែបុណ្យបារមីព្រះស័ង្ខសិល្បជ័យ បណ្តាលឲ្យកុម្ភណ្ឌឈឺក្បាល ដើរដួលជ្រុលជ្រកនៅក្នុងព្រៃ ខំត្រដរត្រឡប់មកកាន់ប្រាសាទវិញមកដល់ប្រាសាទហើយ កុម្ភណ្ឌកំពុងតែដេកលក់ ព្រះស័ង្ខសិល្បជ័យក៏នាំយកព្រះមាតុច្ឆា ចេញចាកប្រាសាទទៅទាំងស័ង្ខ។
     កាលព្រះស័ង្ខសិល្បជ័យនាំព្រះមាតុច្ឆាទៅដល់កណ្តាលផ្លូវ ទ្រង់ទុកព្រះនាងក្នុងកុហាកែវមួយ ហើយទ្រង់វិលទៅសម្លាប់កុម្ភណ្ឌ លុះសម្លាប់ច្រើនលើកហើយទ្រង់ក៏ត្រឡប់មករកព្រះមាតុច្ឆាវិញ។ ក្រោយមកកុម្ភណ្ឌកើតឡើងទៀត ហើយនាំពួកពលច្រើនជាអនេកមកច្បាំងទៀតជាច្រើនដង ច្រើនគ្រា។ ព្រះស័ង្ខសិល្បជ័យមានជ័យជំនះសម្លាប់កុម្ភណ្ឌ ព្រមទាំងពួកពលបាន។ វេលាកុម្ភណ្ឌស្លាប់លើកក្រោយបំផុត ព្រះស័ង្ខសិល្បជ័យឃើញព្រះមាតុច្ឆាសោកនឹងស្វាមីខ្លាំងពេកក៏ទ្រង់ថ្លែងសរកើតជាប្រាសាទកែវបញ្ចុះសពកុម្ភណ្ឌនៅទីនោះ ហើយសូមស្មាលាទោសកុំឲ្យមានពៀរតទៅ។
     កាលព្រះស័ង្ខសិល្បជ័យបានជ័យជំនះហើយ ទ្រង់មានបំណងនឹងនាំព្រះមាតុច្ឆាទៅ តែព្រះមាតុច្ឆាថាសូមកូនទៅយកនាងសុពណ៌ទេវីជាប្អូននៅឯពិភពនាគមកសិន។ ព្រះរាជកុមារក៏ទុកព្រះមាតុច្ឆានៅប្រាង្គប្រាសាទដែលមានដើមកុលព្រឹក្សអាចផ្តល់នូវចំណីអាហារគ្រប់យ៉ាងតាមប្រាថ្នា ហើយទ្រង់លាព្រះមាតុច្ឆាទៅ មុននឹងទៅទ្រង់យកស័ង្ខមកផ្សងថាបើឋាននាគជាលំនៅនាងសុពណ៌ទេវីនៅទីណា សូមឲ្យស័ង្ខនាំទៅត្រង់ទៅទីនោះ ហើយទ្រង់គង់លើស័ង្ខទៅ។ លុះស្តេចទៅដល់ពិភពនាគទ្រង់ច្បាំងដណ្តើមយកព្រះអនុជាក្សត្រីមកបានដូចព្រះបំណងហើយ ទ្រង់វិលមកនាំព្រះមាតុច្ឆា និងព្រះអនុជាក្សត្រីទៅដោយសេចក្តីលំបាក។
     លុះវិលមកជួបកុមារទាំង៦ៗនាំព្រះស័ង្ខសិល្បជ័យទៅបេះផ្លែផ្កាលើកំពួលភ្នំ ហើយល្បួងឲ្យទុករាជសីហ៍ ទុកស័ង្ខ ទុកធ្នូនៅទីនោះក៏នាំទៅ ហើយព្រួតគ្នាច្រានព្រះអង្គទម្លាក់ទៅក្នុងជ្រោះភ្នំលើកថ្មសន្ធប់ រួចមកទូលព្រះនាងសុមន្ទាថា ស័ង្ខសិល្បជ័យធ្លាក់ជ្រោះស្លាប់ទៅហើយ។
     ព្រះនាងសុមន្ទា និងព្រះនាងសុពណ៌ទេវីទ្រង់ព្រះកន្សែងសោករត់រកសព្វច្រកល្ហកពុំឃើញសោះ ហើយព្រះនាងសុមន្ទាទ្រង់យកព្រះកេសាដែលបានពីព្រះឥសូរ ព្រះនាងសុពណ៌ទេវីទ្រង់យកស្នៀតព្រះកេសាដែលបានពីកុម្ភណ្ឌមកផ្សងនឹងទេវតាថា "បើព្រះស័ង្ខសិល្បជ័យនៅរស់ សូមឲ្យមានគេយកស្បៃ និងស្នៀតសក់នេះទៅឲ្យដល់ខ្ញុំឯស្រុក បើស្លាប់ឲ្យបាត់ស្ងាត់ទៅចុះ"។
     ព្រះនាងត្រឡប់មកកាន់កន្លែងដើមវិញ ស្តេចពាលទាំង៦ចូលចាប់ព្រះហស្ថព្រះនាងទាំង២ បង្ខំនាំយកទៅ។
     ឯរាជសីហ៍វិលមកវិញពុំឃើញព្រះស័ង្ខសិល្បជ័យ ក៏ហោះរកសព្វទិសទី ហើយខាំព្រះខាន់ធ្នូ នាំស័ង្ខហោះទៅកាន់ពិស្ណុនគរ។ កាលព្រះនាងកេសរបទុមា កេសរបុប្ឆា សាកសួររាជសីហ៍ទូលតាមដំណើរសព្វគ្រប់ហើយ ព្រះនាងទាំង២ឡើងគង់លើរាជសីហ៍ទៅរកព្រះរាជបុត្រ។ វេលានោះហេតុតែបារមីព្រះរាជកុមារ ក៏ក្តៅក្រហាយទៅដល់ព្រះឥន្ទៗទ្រង់ហែកមេឃ បើកថ្មដែលស្តេចពាលសន្ធប់មាត់ជ្រោះនោះចុះទៅស្រង់យកព្រះអង្គមកស្រោចស្រពដោយទិព្វវារី ព្រះអង្គក៏ល្អលើសមុន ហើយទ្រង់នាំព្រះអង្គទៅដាក់ដល់ពិស្ណុនគរ ជួបជុំនឹងព្រះនាងទាំង២អង្គដោយសិរីសួស្តី។ និយាយពីស្តេចពាលទាំង៦ កាលដែលនាំព្រះនាងសុមន្ទា និងនាងសុពណ៌ទេវីទៅកាន់បញ្ចាលនគរនោះ មុននឹងទៅបានបង្ខំឲ្យព្រះនាងទូលព្រះបាទសេនាកត្តុរាជថាខ្លួនទាំង៦នាក់ជាអ្នកទៅច្បាំងនឹងយក្ស និងនាគនាំយកព្រះនាងមក តែលុះទៅដល់នគរ ព្រះមហាក្សត្រត្រាស់សួរព្រះនាងបែរជាទូលថាព្រះស័ង្ខសិល្បជ័យវិញ។ ឯស្តេចពាលទាំង៦ទូលថា "សួមទ្រង់កុំជឿព្រោះនាងឆ្កួតទេព្រោះរលឹកប្តី យើងខ្ញុំទេតើដែលទៅយកបាន"។ ព្រះរាជាទ្រង់ត្រាស់ថា "បើនិយាយខុសគ្នាដូច្នេះ ត្រូវឈប់ស្លេះសិន"។
     គ្រានោះ ព្រះបាទសេនាកត្តុរាជកំពុងតែធ្វើមង្គលចងដៃក្សត្រីទាំងពីរអង្គ ស្រាប់តែឃើញនាយសំពៅដែលរើសបានស្បៃ និងស្នៀតសក់នោះ យកទៅថ្វាយក្សត្រីទាំងពីរព្រះអង្គ។ ព្រះនាងទ្រង់ទតឃើញស្គាល់ជាក់ ទ្រង់ទូលព្រះរាជាអំពីព្រះនាងផ្សងថា "បើកូននៅរស់សូមឲ្យឃើញស្គាល់ជាក់ ទ្រង់ទូលព្រះរាជាអំពីព្រះនាងផ្សងថា "បើកូននៅរស់សូមឲ្យឃើញស្បៃ និងស្នៀតសក់វិញ"។ ព្រះរាជាទ្រង់ឲ្យព្រះនាងទាំង២អង្គគង់នៅប្រាសាទជាទីសប្បាយ។ តែទោះបីជាដូច្នោះព្រះនាងពុំបាត់សោក។ ឯស្តេចពាលទាំង៦ទូលព្រះរាជាថា "ព្រះនាងយំសោករកយក្ស និងនាគជាប្តីទៅជាឆ្កួតហើយ សូមទ្រង់រកមេមត់មកលៀងលោមបរបក់ព្រលឹងទើបជា"។ ព្រះរាជាក៏ទ្រង់ឲ្យរកមេមត់មកបញ្ជាន់ទាយជម្ងឺព្រះនាង។ កាលមេមត់ចូលទៅចងព្រះហស្ថ ព្រះនាងថា "អញគ្មានឈឺអ្វីទេ មកចងដៃអញធ្វើអ្វី"។ មេមត់ចេះតែខំចង ព្រះនាងធាក់ដួលផ្កាប់មុខ។ ព្រះរាជាទ្រង់ខ្ញាល់ទ្រង់ឲ្យសង់សំណាក់ឲ្យព្រះនាងនៅក្រៅវាំង។ ថ្ងៃមួយព្រះរាជាទ្រង់ស្តេចចេញទៅកាន់ចុងព្រះរាជរោងពួករាជសេវកាមាត្យកំពុងគាល់ត្រៀបត្រា ស្រាប់តែមានជីងចក់មួយធ្លាក់មកចំលើព្រះរូបព្រះអង្គ ទ្រង់ឲ្យហោរទាយ ហោរទាយថា "ទ្រង់នឹងបានជួបព្រះរាជបុត្រមានឫទ្ធិលើសស្តេចក្នុងជម្ពូរទ្វីប"។ ស្តេចសួរព្រះនាងសុមន្ទារកទីកន្លែងព្រះស័ង្ខសិល្បជ័យ។ លុះទ្រង់ជ្រាបសព្វគ្រប់ហើយ ទ្រង់បង្គាប់ឲ្យព្រះនាងសុមន្ទាទៅជួបនឹងព្រះរាជបុត្រមុនទើបព្រះអង្គយាងទៅក្រោយ។ លុះបានជួបជុំទាំង៥ព្រះអង្គហើយ ព្រះរាជាទ្រង់នាំស័ង្ខសិល្បជ័យព្រមទាំងព្រះនាងកេសរបទុមា កេសរបុប្ឆា ចាកពិស្ណុនគរមកគង់ឯបញ្ចាលនគរ។
     មុនពេលដែលព្រះបាទសេនាកត្តុរាជចូលទៅជួបនឹងព្រះស័ង្ខសិល្្បជ័យ ព្រះឥន្ទ្រនិម្មិតវាំងប្រាសាទឲ្យល្អលើសដើមមានជាបរិវាច្រើនលើសគណនា ស្តេចទាំង៥ព្រះអង្គទ្រង់ក្រសាហើយត្រឡប់ចូលកាន់ព្រះនគរបញ្ចាលដោយសួស្តី។
     កាលស្តេចដល់ព្រះនគរទ្រង់អភិសេកព្រះស័ង្ខសិល្បជ័យ និងព្រះនាងសុពណ៌ទេវីជាព្រះអគ្គមហេសី ព្រមទាំងព្រះនាងសុរអមច្ចណា ព្រះរាជបុត្រីនគរដទៃជាព្រះមហេសីបន្ទាប់ យ៉ាងមហោឡារឹកអស់រយៈពេល៧ថ្ងៃ៧យប់ តាមព្រះរាជប្រពៃណី។
     បន្ទាប់ពីនោះ ព្រះបាទសេនាកុត្តរាជទ្រង់ឲ្យហៅស្តេចពាលទាំង៦មកសួរដេញដោលពីរឿងដែលស្តេចទាំងនោះអួតថាខ្លួនទៅយកព្រះនាងសុមន្ទាពីកុម្ភណ្ឌ ព្រះនាងសុពណ៌ទេវីពីនាគ។
     ទីបំផុតព្រះស័ង្ខសិល្បជ័យសូមសម្តែងឫទ្ធិចំពោះព្រះភ័ក្ត្រព្រះរាជា។ ស្តេចពាលទាំអ៦ក៏បាក់បបខ្លបខ្លាចុះចាញ់។ ព្រះរាជាខ្ញាល់ឲ្យពេជ្ឃឃាដនាំទាំងម្តាយទាំងកូនទៅសម្លាប់ តែដោយសារតាយាយចាស់មកសុំទោស ទ្រង់ក៏អត់ទោសឲ្យគ្រាន់តែឲ្យចុះចេញប្រាសាទផ្លាស់ជាតិទៅជារាស្ត្រសាមញ្ញកំព្រាអនាថា។
     ក្រោយពីទ្រង់កំសត់កម្រច្រើនដងច្រើនគ្រាមក ព្រះស័ង្ខសិល្បជ័យទ្រង់សោយរាជ្យប្រកបដោយសេចក្តីសុខក្សេមក្សាន្ត។ ព្រះនាងសុពណ៌ទេវីមានព្រះរាជបុត្រា១អង្គសន្មតព្រះនាមថា "វិជ័យកុមារ" ព្រះនាងសុរអមច្ចណា មានព្រះរាជបុត្រី១សន្មតនាមថា "សីលរ័តន៍ទេវី"។
     លុះអំឡុងតមក ព្រះបាទសេនាកុត្តរាជជាព្រះបិតាព្រមទាំងព្រះនាងជាព្រះមាតាទ្រង់ចូលទិវង្គតព្រះវិលាល័យទៅ ព្រះស័ង្ខសិល្បជ័យទ្រង់ចាត់ការបុជាព្រះបរមសពដោយពិធីបុណ្យដ៏ឱឡារឹកតាមរាជបវេណី។
     ចំណេរកាលមក ព្រះស័ង្ខសិល្បជ័យទ្រង់អភិសេកព្រះវិជ័យរាជកុមារ និងព្រះនាងសីលរ័តន៍ទេវីឲ្យសោយរាជ្យស្នងព្រះអង្គជាបរមសុខតទៅ។


-ប្រធានរឿង៖ និយាយពីដំណើរជីវិតរបស់ពោធិសត្វក្នុងជាតិជាស័ង្ខសិល្បជ័យ។
-មូលបញ្ហារឿង៖
-ភាពអស្ចារ្យរបស់រាជសីហ៍ និងសង្ខសិល្បជ័យ
-ការច្រណែនឈ្នានីសក្នុងខ្សែរាជវង្ស
-ឧបាយកលរបស់បងស្រីទាំង៥នាក់
-ជំនឿហោរា
-ការចង់បានរាជសម្បត្តិរបស់បុត្រពាលទាំង៦
-ដំណើរស្វែងរកព្រះនាងកេសរសុមន្ទារបស់ស័ង្ខសិល្បជ័យ
-ការច្បាំងដណ្តើមព្រះនាងកេសរសុមន្ទាពីកុម្ភណ្ឌ
-ស្តេចពាលទាំង៦ប្រើឧបាយកលទៅលើសង្ខសិល្បជ័យ
-ការវិលចូលនគររបស់ព្រះនាងកេសរសុមន្ទា និងសុពណ៌ទេវី
-ការអន្តរាគមន៍របស់ព្រះឥន្ទ្រាធិរាជ
-ស័ង្ខសិល្បជ័យសម្តែងឫទ្ធិបង្ក្រាបស្តេចពាលទាំង៦
-ការសរជាតិរបស់តួអង្គក្នុងរឿង



រឿង សូផាត

ប្រភេទ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រលោមលោកទំនើបបែបមនោសញ្ជេតនា
ចលនា៖ ជាចលនាអក្សរសិល្ប៍ខេមរនិយម ដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរនាសម័យអាណានិគមបារាំង។
កាលកំណត់តែង៖ ១៩៣៨
អ្នកនិពន្ធ៖ រីម គីន
សង្ខេបរឿង៖
         លោកសួនជាចៅហ្វាយស្រុកមួយរូបនៅស្រុកសេរីសោភ័ណ។ អ្នកស្រុកទាំងពួងដឹងថាលោកបានទៅលួចរួមរ័ក្សជាមួយស្រី្តកំព្រាម្នាក់ឈ្មោះសូយា។ ក្រោយមកលោកត្រូវបានរាជការធំផ្លាស់លោកទៅក្រុងភ្នំពេញ។ លោកសួនមិនអាចនាំនាងសូយាដែលមានផ្ទៃពោះទៅជាមួយដោយសារតែម្តាយលោកបានដណ្តឹងកូនគេបញ្ចាំចិត្តរួចហើយ។ លោកបានទុកចិញ្ចៀនមួយវង់ឲ្យនាងសូយាហើយសន្យាថានឹងវិលត្រឡប់ទៅរកនាងវិញ។ នាងសូយានៅស្រុកតែម្នាក់ឯង ក្រោយមកឆ្លងទន្លេបានកូនប្រុសឈ្មោះសូផាត។ ម្តាយកូនពីរនាក់រស់នៅយ៉ាងកំសត់ សូម្បីតែសំបុត្រមួយបន្ទាត់ពីលោកសួនក៏នាងមិនបានទទួលដែរ។ ពេលដឹងថាលោកសួនមានប្រពន្ធថ្មី នាងក៏ចាប់ផ្តើមឈឺរហូតដល់ស្លាប់ ហើយកូននាងត្រូវបានយកទៅដាក់ក្នុងវត្តពេលអាយុបានប្រាំបីឆ្នាំ។ លុះដល់អាយុបានដប់ពីរឆ្នាំ កុមារចាកចេញពីស្រុកទៅភ្នំពេញដើម្បីស្វែងរកឪពុកបង្កើតរបស់ខ្លួន។
         ពេលទៅដល់ភ្នំពេញ សូផាតស្នាក់នៅក្នុងវត្តឧណ្ណាលោមហើយបានស្គាល់ក្មេងម្នាក់ឈ្មោះណារិន។ ក្រោយមកឪពុកធម៌ណារិនយល់ព្រមឲ្យសូផាតស្នាក់នៅជាមួយ។ ថ្ងៃមួយក្រោយពេលសូផាតងូតទឹករួចភ្លេចចិញ្ចៀននៅក្នុងបន្ទប់ទឹក។ នាងម៉ានយ៉ានចូលទៅដល់បន្ទប់ទឹកក៏ប្រទះឃើញចិញ្ចៀននោះ ហើយប្រគល់ឲ្យលោកឧកញ៉ា។ លោកក៏ជ្រាបដឹងថា សូផាតជាកូនបង្កើតរបស់ខ្លួន។
        នាងអ៊ូរីជាកូនក្រមុំអ្នកជិតខាងចាប់អារម្មណ៍លើសូផាតរហូតដល់ទប់កេរ្តិ៍ជាស្រ្តីពុំបានក៏ឡើងទៅបន្ទប់សូផាតទាំងយប់ តែត្រូវបានសូផាតប្រាប់ឲ្យចាកចេញ។ នាងម៉ាយ៉ានប្រទះឃើញទិដ្ឋភាពបែបនេះក៏អស់សង្ឃឹមដែលខ្លួនបានចាប់ចិត្តទៅលើបុរសបែបនេះ។ នាងគេចវេសខ្លួនចេញពីសូផាតជាដរាប ហើយសូផាតក៏នឹកក្នុងចិត្តថាគេប្រហែលជាធ្វើអ្វីឲ្យនាងទាស់ចិត្ត ហើយក៏សម្រេចចិត្តចាកចេញពីផ្ទះនេះ។ ក្រោយពេលគ្រួសារលោកសួនដឹងថាសូផាតបានចាកចេញពីផ្ទះ លោកក៏ចេញបញ្ជាឲ្យគេតាមរក ស្រាប់តែក្រុមនគរបាលរកឃើញសាកសពមួយដោយស្មានថាជាសូផាត។ ចំណែកឯសូផាតវិញបានទៅរស់នៅជាមួយមេស្រុកសុខហើយប្តូរឈ្មោះខ្លួនទៅជាផនស៊ី។ ឯសំណាងជាកូនអ្នកមានក៏បម្រុងនឹងចូលស្តីដណ្តឹងនាងម៉ានយ៉ាន។ ក្រោយមកនាងម៉ានយ៉ានបានទៅជួបនឹងសូផាតនៅផ្ទះមេស្រុកនោះដោយស្មានថាព្រលឹងខ្មោចសូផាតមកតាមរកនាង។ នៅថ្ងៃដែលនាងរៀបការ នាងលោតសម្លាប់ខ្លួននៅមាត់ទន្លេប៉ុន្តែត្រូវបានអ្នកនេសាទជួយសង្គ្រោះ ពេលនោះហើយដែលសូផាតបានជួបនឹងនាងម៉ានយ៉ានម្តងទៀត ហើយនាំគ្នាភៀសខ្លួនទៅខេត្តស្វាយរៀង។ ដោយសារតែសូផាតធ្វើដំណើរត្រឡប់មកភ្នំពេញវិញជួបគ្រោះថ្នាក់ចរាចរណ៍ ហើយនាងម៉ានយ៉ានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅឯខេត្ត អ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯភ្នំពេញ ហើយជួបគ្នាដោយចៃដន្យនៅទីនោះ។ ទីបំផុតលោកសួនបានរកឃើញអ្នកទាំងពីរវិញ ហើយរៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យពួកគេទៅតាមប្រពៃណី ហើយរស់នៅជួបជុំគ្រួសារយ៉ាងសុខសាន្តចាប់ពីពេលនោះមក។

ប្រធានរឿង៖ រឿងនេះចង់បង្ហាញពីជីវិតតស៊ូព្យាយាមរបស់យុវជនមួយរូបក្នុងនាមជាកូនកំព្រា។
មួលបញ្ហារឿង៖
o ការផិតក្បត់របស់លោកសួនចំពោះនាងសូយា (បន្សល់ទុកនូវកូនកំព្រា)
o ការយល់ច្រឡំរបស់កំលោះក្រមុំ (សូផាត និងនាងម៉ានយ៉ាន)
o បញ្ហាការតស៊ូរៀនសូត្ររបស់សូផាត
o ស្នេហាស្មោះស្ម័គ្ររបស់កំលោះក្រមុំ (សុផាត និងនាងម៉ានយ៉ាន)
ឧត្តមគតិរឿង៖
o ត្រូវចេះជួយយកអាសារ និងទំនុកបម្រុងគ្នាទៅវិញទៅមក
o ត្រូវចេះតស៊ូព្យាយាមជំនះរាល់ការលំបាក
o ត្រូវគោរពប្រពៃណីទំនៀមទម្លាប់ជាតិ
o ត្រូវស្មោះត្រង់នឹងស្នេហា



រឿង ស៊ឹមអ្នកបរឡាន

ប្រភពរឿង៖ ដំណើរកើតឡើងនៅប្រទេសកម្ពុជា
ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបមនោគមវិជ្ជា
ចលនា៖ ខេមរនិយម
អ្នកនិពន្ធ៖ អ៊ឹម ថុក
សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមនិយមបារាំង ដែលក្នុងកាលនោះអ្នកមានអំណាច អ្នកមានលុយជិះជាន់ញើសឈាមអ្នកក្រដូចសត្វធាតុ។
សង្ខេបរឿង៖
        មីងប្រេម ម៉េងជាកម្មករម្នាក់នៅក្រុមបេតុងបានត្អូញត្អែរពីរឿងធ្វើការងារដោយត្រូវកាត់មួយថ្ងៃសូកគេដើម្បីបានការងារធ្វើ។ ពេលព្រះអាទិត្យជិតថ្ងៃត្រង់ អ្នកធ្វើការទាំងអស់បានសប្បាយចិត្ត ព្រោះដល់ម៉ោងសម្រាកពីការងារ។ បន្ទាប់ពីប្រគល់សម្ភារៈឲ្យអ្នកយាមឃ្លាំងរួច គូលីក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន។ រីឯគូលីណាដែលផ្ទះនៅឆ្ងាយក៏សម្រាកនៅកន្លែងធ្វើការ ខ្លះទៀតនៅតាមសំយាបផ្ទះ ឬក្រោមម្លប់ក្បែរនោះ។ មីងប្រេម ម៉េង នាងប្រុញ និងគូលីម្នាក់ទៀតដែលសម្រាកនៅកន្លែងធ្វើការក៏ចូលវង់ទទួលទានបាយជាមួយគ្នាដោយមានម្ហូបក្រៀមក្រោះ។ ពួកគេហូបបាយបណ្តើរ និយាយត្អូញត្អែរពីភាពលំបាករបស់ពួកគេបណ្តើរ អំពីការធ្វើការងារហើយទទួលបានបា្រក់ខែបន្តិចមិនអាចចាយវាយបានគ្រប់គ្រាន់។
         ថ្ងៃបើកលុយមកដល់គូលីទាំងអស់អង្គុយចាំបើកលុយពីប្រពន្ធថីសេហ្វដោយទឹកមុខរីករាយ។ ប៉ុន្តែភាពញញឹមនេះមិនបានកន្លះម៉ោងទេ ព្រោះនៅខាងក្រៅ មានចឹកលក់ការ៉េម និងមីងពតអ្នកលក់នំបញ្ចុកចាំទារលុយពីពួកកម្មករដែលស៊ីជំពាក់គាត់។ មីងប្រេម ហ៊ី សុទ្ធតែបានជំពាក់ចឹកការ៉េម និងមីងពតព្រោះគាត់ទ្រាំអស់កម្លាំងមិនបាន។
         ស៊ឹមជាអ្នកបរឡានឲ្យលោកធំ។ ស៊ឹមជាអ្នកតាមដានអានកាសែតបានច្រើនក៏រៀបរាប់ពីការរស់នៅរបស់កម្មករនៅប្រទេសដទៃឲ្យភ្ញៀវស្តាប់ និងបានជួយពន្យល់ណែនាំដល់ក្រុមមីងប្រេមពីការរស់នៅរបស់កម្មករនានានៅប្រទេសដទៃទៀតដែលគោរពលទ្ធិប្រជាធិបតេយ្យ។ ស៊ឹមបានពន្យល់ឲ្យគូលីទាំងអស់រៀនអានកាសែតដែលផ្សាយពីស្រុកប្រជាធិបតេយ្យ ដើម្បីចងជាសមាគម ឬសហជីពការពារកម្មករ។
        ថ្ងៃមួយស៊ឹមបរឡានជូនលោកធំគាត់ទៅជួបមិត្តភក្តិ ហើយលោកឲ្យសឹមមកទទួលគាត់វិញនៅម៉ោង១១កន្លះ។ ស៊ឹមចាំលោកតាំងពីម៉ោង១១កន្លះរហូតដល់សារ៉ែនរោទិ៍ ក៏នៅតែមិនឃើញលោកចេញមក ស៊ឹមក៏បើកឡានទៅមុនចោលលោក។ ពេលលោកត្រឡប់មកវិញស្តីបន្ទោសឲ្យស៊ឹមជាច្រើនដែលស៊ឹមព្រហើនហ៊ានបើកឡានចោល ទោះបីជាស៊ឹមខំពន្យល់ហេតុផលដោះសារយ៉ាងណាក៏ដោយ។ លោកស្រីប្រពន្ធលោកក៏ជួយពន្យុះបន្ថែម។
        ស៊ឹមក៏ប្រាប់ពូសនពីរឿងបើកឡានចោលលោក។ ពូសនបញ្ចេះស៊ឹមឲ្យទៅសុំទោសលោក តែស៊ឹមតវ៉ាមិនព្រមសុំទោសទេ ព្រោះគាត់ធ្វើការមានម៉ោងពេលកំណត់ត្រឹមត្រូវ។ ស៊ឹមក៏បានពន្យល់ពូសនពីស្រុកឯករាជ្យ ស្រុកប្រជាធិបតេយ្យ ដូច្នេះការធ្វើការងារត្រូវគោរពម៉ោងពេល គោរពសិទ្ធិសេរីភាពការងារ។ ប៉ុន្តែពូសនក៏ទូន្មានស៊ឹមវិញថា "ពងមាន់កុំជល់នឹងថ្ម"។ ដោយស៊ឹមមិនស្តាប់ ពូសនខឹងហើយក៏ដើរចេញសំដៅឡានគាត់ទៅ។
          ពូសនត្រឡប់មកពីជូនចៅហ្វាយគាត់ទៅដើរលេងនៅកែបរួចមក ក៏ត្រឡប់មកជូនចៅហ្វាយទៅធ្វើការដូចសព្វដង។ ពូសនដើរសំដៅទៅស៊ឹមរួចសំណេះសំណាលគ្នាពីរឿងការងារ។ ពូសនសួរស៊ឹមពីរឿងបើកឡានចោលលោកកាលពីថ្ងៃមុន ហើយនៅតែជំរុញឲ្យស៊ឹមទៅសុំទោសលោកទៀត ប៉ុន្តែស៊ឹមវិញនៅតែប្រឆាំងនឹងគំនិតចាស់គំរិលរបស់ពូសន ហើយថែមទាំងប្រាប់ពូសនថាពេលនេះលោកលែងហ៊ានប្រើគាត់ផ្តេសផ្តាសទៀតហើយ ឯលោកស្រីក៏និយាយរកស្រួលវិញដែរ។ ពេលនេះគាត់មានពេលច្រើននៅជាមួយប្រពន្ធកូន។ ស៊ឹមថែមទាំងបានពន្យល់ពូសនឲ្យខំអានសៀវភៅ មើលកាសែតឲ្យបានច្រើនហើយហ៊ានរកខុសត្រូវនោះអ្នកធ្លាប់រំលោភជិះជាន់ក៏បែរជាល្អវិញ។ ពូសនក៏បានយល់ស្រប ហើយអានសៀវភៅរបស់ស៊ឹមដោយជក់ចិត្ត។

ប្រធានរឿង៖ ការទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់ប្រជាជនពីសំណាក់អ្នកជិះជាន់កាន់អំណាច។
មូលបញ្ហារឿង៖ បញ្ហាទំនាស់វិបត្តិក្នុងសង្គមរវាងវណ្ណៈ និងវណ្ណៈដែលកើតមកពីការរំលោភកេងប្រវ័ញ្ច និងការតស៊ូមោះមុតប្រឈមមុខនឹងភាពក្រីក្រ និងការរើបម្រះមិនចុះញ៉ម។

រឿង សព្វសិទ្ធិ

ប្រភពរឿង៖ គម្ពីរបញ្ញាសជាតក
ប្រភេទរឿង៖ អក្សរសិល្បិ៍បុរាណ បែបសាស្ត្រាល្បែង
ចលនា៖ ពុទ្ធនិយម
អ្នកនិពន្ធ៖ ហ្មឺនភក្តីអក្សរតន់
កាលកំណត់តែង៖ ព.ស ២៤៤២ត្រូវនឹងគ.ស.១៨៩៩
សង្ខេបរឿង៖
     នៅក្នុងព្រៃហេមពាន្តមានសត្វជៀបកប្បាសឈ្មោលញីមួយគូរស់នៅដោយមានកូនខ្ចីនៅក្នុងសំបុក។ ព្រឹកឡើងចាបឈ្មោលចេញទៅរកចំណីចិញ្ចឹមកូន ទុកឲ្យចាបញីនៅក្រុងរក្សាកូន។ ហើរទៅដល់ទៀបស្រះឈូកមួយមានផ្កាឈូករីកក៏ហើរទៅទំលើផ្កាឈូករីកនោះ ហើយត្រូវផ្កាឈូកក្តោបរំរកច្រកចេញពុំរួច។ លុះសុរិយាជ្រាលជ្រេផ្កាឈូកលា ទើបចាបឈ្មោលចេញរួចហើរពាំចំណីសំដៅទៅកាន់សំបុកវិញ។ ថ្លែងពីនាងសកុណីនៅក្នុងព្រៃត្រូវភ្លើងឆេះព្រៃស្លាប់កូនអស់ លុះឃើញសកុណាជាប្តីមកដល់មានធុំក្លិនក្រអូបនៃផ្កាឈូកទៀតនោះ ក៏កើតក្តីប្រច័ណ្ឌខឹងនឹងប្តីថារវល់តែត្រេកត្រអាលស្រីញីថ្មីភ្លេចកូនប្រពន្ធ។ សកុណីក៏លោតចូលភ្លើងដោយបានសច្ចាថាបើកើតជាតិថ្មីមិនស្តីនិយាយនឹងប្រុសឈ្មោលណាឡើយ។ ឯសកុណាដែលពន្យល់សកុណីមិនជឿក៏លោតសម្លាប់ខ្លួនក្នុងភ្លើងដែរ ដោយបានសច្ចាថាកើតជាតិណាណាសូមជួបប្រពន្ធរបស់ខ្លួនជានិច្ចកុំខានឡើយ។ កាលស្លាប់ទៅ ចាបឈ្មោលបានទៅកើតជាបុត្រារបស់កោណ្ឌញ្ញសេដ្ឋី និងនាងខេមារីក្នុងស្រុកចន្ទគ្រាមបុរី ក្រុងពារាណសី ដោយមាននាមថា "ចៅសព្វសិទ្ធិ"។ កាលសព្វសិទ្ធិប្រសូតនោះមានកុមារ ១០០១នាក់កើតឡើងដែរជាបរិវា។ ចំណែកឯនាងសកុណីកាលស្លាប់ទៅ បានយកកំណើតជាបុត្រីរបស់ត្រកូលក្សត្រមាននាមថា "សុវណ្ណកេសរ" នៃក្រុងពារាណសីដែលមានបិតានាមព្រះបាទព្រហ្មទត្ត និងមហេសីនាមកុសុមា។ កាលធំដឹងក្តីឡើងសព្វសិទ្ធិបានសុំឪពុកម្តាយទៅរៀនវេទនឹងលោកអាចារ្យទិសាបាមោក្ខនៅនគរតក្កសិលា ដោយមានកុមារទាំង១០០១ទៅរៀនជាមួយគ្នា ព្រមទាំងមានភិលៀងជំនិតម្នាក់ផង ដែលបានរៀនសូត្រចេះដឹងដូចសព្វសិទ្ធិដែរ។ ក្នុងចំណោមសិស្សទាំងអស់ សព្វសិទ្ធិគឺជាសិស្សដែលពូកែ និងឆ្លាតជាងគេ។ វេលាដែលបានចេះចាំសព្វហើយក៏បានធ្វើដំណើរត្រឡប់មកមាតុភូមិវិញ។ ថ្លែងឯនាងសុវណ្ណកេសរវិញពុំដែលនិយាយរកប្រុសណាសោះ រាប់ទាំងបិតានាងផង។ ការនេះធ្វើឲ្យបិតាព្រះនាងមានការងឿងឆ្ងល់ជាខ្លាំងក៏សួរទៅនាងកុសុមាជាមហេសីឲ្យសួរនាំក៏បានដឹងសព្វគ្រប់ កើតចិត្តអាណិតបុត្រីថាការនេះគឺបណ្តាលមកពីកម្ម និងកោតសរសើរបុត្រីថាជាស្រីគ្រប់លក្ខណ៍។ ព្រះបាទព្រហ្មទត្តក៏ប៉ាវគងឲ្យក្សត្រគ្រប់នគរ នាម៉ឺន មន្ត្រី សេដ្ឋី ប្រជានុរាស្ត្រនាំបុត្រា កូនប្រុសមកសាកល្បងយ៉ាងណាឲ្យនាងសុវណ្ណកេសរព្រមនិយាយជាមួយ នឹងលើកព្រះនាងឲ្យជាមហេសី។ ប៉ុន្តែគ្រប់បុត្រា និងបុរសជាច្រើនមិនបានធ្វើឲ្យព្រះនាងនិយាយជាមួយនោះទេ។ ព័ត៌មាននេះបានលេចលឺដល់សព្វសិទ្ធិ ក៏បាននាំភិលៀងមកនគរពារាណសី ដើម្បីល្បងយកនាងសុវណ្ណកេសរ ដោយបានប្រើសិល្ប៍សាស្ត្រដកដួងព្រលឹងភិលៀងទៅដាក់លើវត្ថុផ្សេងៗជាគម្រប់៤ដង។ លើកទីមួយសព្វសិទ្ធិបានដកដួងព្រលឹងភិលៀងទៅដាក់នឹងទ្វារ។ លើកទីពីរដាក់នឹងចង្កៀង លើកទីបីដាក់នឹងពានព្រះស្រី និងលើកទីបួនដាក់នៅនឹងវាំងនន។ ហើយក្នុងមួយលើកៗសព្វសិទ្ធិបាននិទានរឿងមួយ។
     ការនិទានរឿងទាំងបួនរបស់សព្វសិទ្ធិនេះធ្វើឲ្យសុវណ្ណកេសរនិយាយតប ដោយមានសូរសព្ទភ្លេងជាសក្ខីភាព។ សព្វសិទ្ធិ និងនាងសុវណ្ណកេសរត្រូវបានបិតាមាតារៀបអភិសេកឲ្យនាពេលនោះទៅ។
     សម័យក្រោយមក សព្វសិទ្ធិបានលាមហេសីទៅប្រពាតព្រៃជាមួយនឹងភិលៀង។ ទៅដល់ព្រៃបានជួបនឹងប្រើសស្លាប់មួយ សព្វសិទ្ធិបានដកដួងចិត្តពីរូបខ្លួនទៅចូលក្នុងសាកសព្វនោះដោយបានផ្តាំភិលៀងឲ្យមើលថែរូបកាយខ្លួនឲ្យបានល្អ។ សព្វសិទ្ធិក្នុងរូបរាងប្រើសបានរត់លេងយ៉ាងសប្បាយនៅក្នុងព្រៃ។ ឱកាសល្អ ភិលៀងបានដកដួងជីវិតរបស់ខ្លួនចូលទៅក្នុងរូបសព្វសិទ្ធិ ហើយដុតរូបរបស់ខ្លួនចោលទៅ។ សព្វសិទ្ធិត្រឡប់មកវិញដឹងថាភិលៀងក្បត់យកព្រលឹងចូលរូបរបស់ខ្លួននោះក៏កើតទុក្ខទោម្នេញ។ ចៃដន្យល្អមានសត្វសារិកាមួយស្លាប់ថ្មីៗ សព្វសិទ្ធិក៏ដកដួងជីវិតចូលទៅក្នុងរូបសត្វនោះ ហើរទៅរាជវាំង រ៉ាយរ៉ាប់ប្រាប់មហេសីសព្វគ្រប់។ សុវណ្ណកេសរក៏បានលួងលោមភិលៀងឲ្យដកដួងជីវិតដាក់ក្នុងពពែស្លាប់មួយ។ សព្វសិទ្ធិក៏ដកដួងជីវិតរបស់ខ្លួនចូលក្នុងរូបរបស់ខ្លួនវិញ។ រួចរាល់ហើយគេក៏សម្លាប់ពពែនោះចោលទៅ។ ក្រោយមកព្រះបាទព្រហ្មទត្តទ្រង់រាជាពាធដល់នូវទីវង្គត។ អស់ចតុរង្គជំនំគ្នាសេ្តចយាងក្សត្រគឺ សព្វសិទ្ធិ និងសុវណ្ណកេសរឲ្យឡើងគ្រងរាជ្យជាសុខសាន្តរហូតដល់ព្រះជន្មមួយរយម្ភៃព្រះវស្សារទើបសោយវិលាល័យទៅកើតនៅឋានតុសិត។ សព្វសិទ្ធិសរជាតិជាព្រះសម្មាសម្ពុទ្ធ នាងសុវណ្ណកេសរជាកន្សៃសារពេជ្ញ ភិលៀងជាទេវទត្ត ព្រះបាទព្រហ្មទត្តជាអានាថបណ្ឌិតមហាសេដ្ឋី កុសុមាជានាងពលីកា កោណ្ឌញ្ញសេដ្ឋីជាពុទ្ធបិតានាមសុទ្ធោទន៍ នាងខេមាជាពុទ្ធមាតានាមនាងសិរីមហាមាយា។
ប្រធានរឿង៖ លើកឡើងនូវទស្សនៈកម្មផល គឺរឿងទាំងមូលនិយាយពីការសាងកម្ម និងការសោយកម្មទាំងក្នុងបច្ចុប្បន្នជាតិ និងអតីតជាតិ។
មូលបញ្ហារឿង៖ បញ្ហាកម្មផល។
o ការប្រចណ្ឌដោយឥតមានហេតុផល គ្មានការពិចារណា ចាំឲ្យកើតហេតុ កើតគ្រោះរហូតឈានដល់ការធ្វើអត្តឃាត។
o ការជ្រើសរើសគូស្រករ
o ការផិតក្បត់ សាហាយស្មន់
o ការសេពគប់មិត្ត។

រឿង មាលាដួងចិត្ត

ប្រភព៖ ប្រទេសកម្ពុជា
ប្រភេទ៖ អក្សរសិល្បិ៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា និងប្រវត្តិសាស្រ្ត
ចលនា៖ ខេមរនិយម
អ្នកនិពន្ធ៖ នូ ហាច
កាលកំណត់តែង៖ ១៩៧២
សង្ខេបរឿង៖
           ទីឃាវុធជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិថ្នាក់ទី២ទំនើប។ ទីឃាវុធជាមនុស្សដែលមានអារម្មណ៍អណ្តែតអណ្តូង ចូលចិត្តការស្តាប់ចម្រៀងសៀម។ ពេលវិស្សមកាល ទីឃាវុធបានទៅលេងឪពុកម្តាយនៅភូមិអូតាគី ខេត្តបាត់ដំបង។ ពេលធ្វើដំណើរតាមរថភ្លើងបានជួបកញ្ញាជនជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីក្នុងសុបិនទៅទៀត។ នាងនោះឈ្មោះចន្ទមណី។ អ្នកទាំងពីរសាសងគ្នាពីនេះពីនោះ ស្រាប់តែរថភ្លើងមកដល់ចំណតតែម្តង។ ទីឃាវុធនឹកស្តាយមិនចង់ឃ្លាតឡើយ។
         បុរសចំណាស់ម្នាក់កំពុងឈររេរា ឈ្មោះទេពកោសល្លវិចិត្រករ ជាឪពុកនាងចន្ទមណីដែលភៀសខ្លួនមកនៅស្រុកខ្មែរ ដោយរាជរដ្ឋាភិបាលសៀមចោទប្រកាន់គាត់ថាជាអ្នករួមគំនិតបះបោរប្រឆាំងនឹងរដ្ឋាភិបាលសៀម។ នាងចន្ទមណីបានណែនាំឪពុកនាងឲ្យស្គាល់ទីឃាវុធ ដែលបានជួយយកអាសារនាងក្នុងពេលធ្វើដំណើរ។ អ្នកទាំងបីស្វាគមន៍គ្នារួចក៏បែកគ្នាទៅកាន់លំនៅរៀងៗខ្លួន។ ចាប់តាំងពីពេលនោះមក ទីឃាវុធពុំបានជួបមុខនាងចន្ទមណីទៀតទេ។
         ថ្ងៃមួយនៅពេលសម្រាកពីការសិក្សា ទីឃាវុធទៅមើលកុន ស្រាប់តែបានជួបពីរនាក់ឪពុក និងកូនម្តងទៀត។ នាងចន្ទមណីបានបបួលទីឃាវុធទៅលេងផ្ទះនាង។ ចាប់ពីពេលនោះមកទីឃាវុធបានចេញចូលផ្ទះនាងយ៉ាងញឹកញាប់ ធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយទីឃាវុធបានខិតខំប្រឹងប្រែងរៀនសូត្រទ្វេឡើង។ ក្នុងឱកាសវិស្សមកាលក្រុមគ្រួសាររបស់នាងចន្ទមណីបានបបួលទីឃាវុធទៅលំហែកាយនៅសៀមរាបអង្គរ។ ពេលធ្វើដំណើរនេះមានគ្រួសារវេគីបាននាំដំណើរទស្សនាគ្រប់ប្រាសាទទាំងអស់រហូតដល់ភ្នំគូលែន។ គូស្នេហ៍ទាំងពីរបានបន់ស្រន់ចំពោះព្រះភក្ត្រព្រះអង្គធំ សូមឲ្យសេចក្តីស្នេហាគេទាំងពីរបានសម្រេចដូចបំណង និងទទួលបាននូវសេចក្តីសុខ។
         ក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញ ទីឃាវុធខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់ជាស្ថាពរ។ គេសប្បាយរីករាយជាពន់ពេក បាននាំដំណឹងល្អនេះទៅប្រាប់នាងចន្ទមណី តែបែរជាធ្វើឲ្យចិត្តនាយប្រែជាស្រពាប់ស្រពោនទៅវិញ ដោយសារនាងចន្ទមណី និងឪពុកត្រឡប់ទៅស្រុកកំណើតវិញព្រោះម្តាយនាងមានជំងឺ ហើយលោកទេពកោសល្លត្រូវរួចពីទោសផង។
          តាំងពីពេលនោះមកស្នេហាអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយ ចំណែកប្រទេសជាតិក៏មានភាពច្របូកច្របល់ដែរ សាលាត្រូវបិទទ្វារព្រោះគ្រូបង្រៀនមានកាតព្វកិច្ចបម្រើផ្នែកកងទ័ពវិញ។ ទីឃាវុធសម្រេចចិត្តឈប់រៀនហើយត្រឡប់ទៅស្រុកកំណើតវិញដោយសភាពការណ៍ក្នុង និងក្រៅប្រទេសមិនស្រួល ហើយបានដាក់ពាក្យសុំធ្វើការងាររដ្ឋបាលជាបាល័ដ្ឋនៅខេត្តពោធិ៍សាត់។
         ទីឃាវុធបានជួលផ្ទះមីងក្អាត់ ពូហ៊ីតស្នាក់អាស្រ័យ។ ការធ្វើការងារនៅខេត្តពោធិ៍សាត់ គេបានជួបប្រទះតែអំពើពុករលួយ ពាលាអាវាសែ។ ម្យ៉ាងទៀតបានទទួលដំណឹងពីសម្លាញ់វេគី ដែលជាគិញសម្ងាត់នោះថា នាងចន្ទមណី និងឪពុកនាងធ្វើការជាចារបុរស ចារនារី មកយកការណ៍នៅស្រុកខ្មែរធ្វើឲ្យទីឃាវុធមានការខឹងសម្បារជាខ្លាំង ក៏បានស្ម័គ្រចិត្តចូលបម្រើកងទ័ព។
         ការប្រយុទ្ធគ្នាបានផ្ទុះឡើង ធ្វើឲ្យទ័ពខាងយើងមានរបួស និងស្លាប់ជាច្រើននាក់។ ក្នុងចំណោមអ្នករងគ្រោះ ទីឃាវុធត្រូវរងរបួសធ្ងន់ជាងគេ តែត្រូវបាននាងចន្ទមណីបរិច្ចាគឈាមឲ្យ និងព្យាបាលជំងឺ ទើបទីឃាវុធបានជាសះស្បើយ។ ទីឃាវុធមិនបានត្រេកអរចំពោះការជួយសង្គ្រោះជីវិតពីនាងទេ ថែមទាំងបានប្រើសម្តីគំរោះគំរើយ អសីលធម៌ឲ្យនាងថែមទៀតផង តែនាងមិនខឹងនឹងកម្លោះទេ ព្រោះនាងមានហេតុផលច្បាស់លាស់។
          ពេលត្រឡប់ពីសង្គ្រាមវិញ ទីឃាវុធបានទទួលតំណែងជាចៅហ្វាយស្រុកពួក។ ពេលនោះព្រំប្រទល់ខេត្តខ្លះដូចជាបាត់ដំបង មួយភាគនៃពោធិ៍សាត់ខេត្តកំពង់ធំ ស្ថិតនៅក្រោមការកាន់កាប់របស់សៀម ធ្វើឲ្យប្រជាជនមានការលំបាកចេញចូលប្រកបរបរកសិកម្ម កំលោះរូបនេះត្រូវបានបង្ខំចិត្តរាប់អានជាមួយនាយអាំភើ និងនាងចុលានន្ទ ជាជនជាតិសៀម ដោយធ្វើការចេញចូលទៅមកផ្ទះរបស់គេមិនដែលដាច់។
         ថ្ងៃមួយនាយអាំភើបាននាំឪពុកមា និងប្អូនស្រីមកស្រុកខ្មែរទស្សនាអង្គរ ទីឃាវុធបានចាត់ចែងជូនដំណើរគ្រួសារនាយអាំភើ ដើម្បីតបស្នងដែលគេបានធ្វើល្អមកលើខ្លួន។ ទីឃាវុធមានការសោកស្តាយណាស់ដោយសម្លាញ់វេគីបានផ្តល់ដំណឹងខុសពីរឿងនាងចន្ទមណីនិងឪពុក។ ទីឃាវុធចង់ធ្វើការសុំទោសនាង តែពុំមានឱកាសសោះ។ ពេលទៅដល់របាយការណ៍ក្រោយពីទទួលទានអាហាររួចចុះងូតទឹក កំពុងតែបណ្តែតអារម្មណ៍ ស្រាប់តែនាងចន្ទមណីហែលទឹកមករកទីឃាវុធចង់សួររឿងរ៉ាវខ្លះៗ។ ទីឃាវុធបាននិយាយសុំទោសនាង តែពុំព្រមទទួលនាងធ្វើជាសង្សារជាថ្មីទេ ព្រោះគេបានសច្ចាចំពោះព្រះភ័ក្រ្តបដិមានៅអង្គរថា បើសៀមប្រគល់ខេត្តដែលគេយកទៅឲ្យមកខ្មែរវិញ ទើបរាប់អានសៀមជាមិត្តបាន។
         សង្រ្គាមត្រូវបានបញ្ចប់ សៀមបានប្រគល់ទឹកដីឲ្យមកខ្មែរវិញ ដោយមានលោកជូឡុងតំណាងរាជរដ្ឋាភិបាល និងលោកឧកញ៉ាដឺហ្សុងគ្ឃែរ ជាអ្នកចុះហត្ថលេខាទទួលយកដីខ្មែរមកវិញ
          នៅក្រោមការដឹកនាំយ៉ាងសកម្មរបស់មន្ត្រីខ្មែរ ប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់ដែរ។ លោកទេពកោសល្លបានសុំសិទ្ធិកាន់កាប់ដីធ្លីដែលគាត់បានទិញពីមុនមក។ សេចក្តីស្នេហារបស់ទីឃាវុធ និងនាងចន្ទមណីបានចេញជាពន្លកភ្លឺចិញ្ចាចឡើងវិញនៅក្រោមដំបូលវិហារមួយ ដោយមានការបួងសួងសូមឲ្យស្នេហារបស់គេបានសុខសាន្តជារៀងរហូត។

ប្រធានរឿង៖ ដំណើររឿងឆ្លុះបញ្ចាំងពីឧត្តមគតិស្នេហាជាតិ (គិតប្រយោជន៍ជាតិជាធំ) ជាងប្រយោជន៍ផ្ទាល់ខ្លួន។
មូលបញ្ហារឿង៖ តាមរយៈប្រធានរឿង យើងអាចទាញមូលបញ្ហារឿងដូចខាងក្រោម
o ការទាមទារសិទ្ធិសេរីភាព បូរណភាពដែនដី
o បញ្ហាស្នេហាកម្លោះក្រមុំខុសសញ្ជាតិ
o អំពើពុករលួយរបស់មន្ត្រីខ្មែរក្នុងជួររាជការ
o ប្រវត្តិសាស្ត្រខ្មែរសៀម និងសង្គ្រាមលោកលើកទី២

រឿង មាយើង

  • ប្រភពរឿង៖ ដំណើររឿងកើតឡើងនៅប្រទេសកម្ពុជា
  • ប្រភេទ៖ អក្សរសិល្ប៍ប្រជាប្រិយ
  • ចលនា៖ អក្សរសិល្ប៍ខេមរនិយម
  • កាលកំណត់តែង៖​​ មិនច្បាស់លាស់
  • អ្នកនិពន្ធ៖ មិនស្គាល់ឈ្មោះ


សង្ខេបរឿង
       
កាលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តសោយរាជ្យក្នុងក្រុង​ពារាណសី មានព្រះអគ្គមហេសីប្រកបដោយរូបសម្រស់ស្រស់សោភា ព្រមទាំងមន្ត្រីយោធា សមណព្រាហ្មណ៍ដោយប្រាជ្ញា។ ទ្រង់គ្រងរាជ្យប្រកបដោយទសពិធរាជធម៌ ប្រជានុរាស្រ្តសឹង​ប្រកបដោយសុខសន្តិភាពពុំមានកើតកោលាហលក្នុងព្រះនគរឡើយ។ កាលនោះក្នុងមានមាណព​ម្នាក់ជាអ្នកកំសត់ទុគ៌តរស់នៅតែនឹងពីរនាក់ប្តីប្រពន្ធ រីឯនាងប្រពន្ធវិញមានរូបស្រស់សោភា ប៉ុន្តែ​ចិត្តកំណាញ់ទ្រីស្មូញាតិព្រៀងលានពុំចូលចិត្តឡើយ។
        
សម័យថ្ងៃមួយមាណពនឹងភរិយានាំគ្នាទៅជញ្ជាត់ត្រី ឯកញ្ជើសោតធ្លុះត្បិតនាងប្រពន្ធពុំចេះ​ជួយថែរក្សា ពេលដែលប្តីជញ្ជាត់បានត្រីដាក់ចូលរមែងចេញតាមប្រហោងនោះ។ លុះជញ្ជាត់យូរ​ទៅក៏ជិតដល់សំពៅដ៏ធំមួយនាយភេត្រានិងភរិយាក៏មើលពីលើសំពៅមកឃើញកញ្ជើធ្លុះ នាង​ភរិយាក៏ពោលថានាងជាប្រពន្ធម្តេចមិនយកអីចុកកុំឲ្យលេច។ ប្តីនាងក៏ក្រោធខឹងហើយដេញនាង​ឲ្យចុះទៅនៅជាមួយមាណពនោះ នាយសំពៅក៏ព្រមបបួលមាណពដូរប្រពន្ធ។ នាងជាប្រពន្ធថ្មី​របស់មាណពក៏កាន់កញ្ជើដើរទៅរកអ្វីមកចុកកុំឲ្យលេចរួចដើរជញ្ជាត់តាមប្តី។ ពេលត្រឡប់មកផ្ទះ​វិញនាងក៏ចាត់ចែងឲ្យប្តីយកត្រីជូនញាតិព្រៀងលាន អ្នកជិតខាងសឹងឆ្ងល់គ្រប់គ្នាព្រោះចៅ​មាណព និងប្រពន្ធពុំដែលមានសប្បុរសឡើយ លុះពួកគេទៅលេងផ្ទះមាណពទើបដឹងថាចៅ​មាណពបានប្រពន្ធថ្មីប្រកបដោយលក្ខិណា។ ថ្ងៃមួយមាណចូលព្រៃដើម្បីកាប់អុស លុះរែកត្រឡប់​មកវិញប្រពន្ធឃើញឈើនោះសុទ្ធតែជាឈើមានតម្លៃ ដូចជាក្លាំពាក់ ក្រឹស្នាជាដើម ក៏ដេញឲ្យប្តីទៅ​កាប់ចងបាច់ទុកឲ្យបានច្រើន នឹងអាលជួលរទេះអ្នកជិតខាងឲ្យដឹងគរទុក។ ពេលអ្នកដើរសំពៅរក​ទិញដើមក្រឹស្នា ក្លាំពាក់ នាងលក់បានទ្រព្យសម្បតិ្តជាច្រើនហើយក៏រៀបចំធ្វើផ្ទះយ៉ាងធំជួលខ្ញុំបម្រើ ឯប្តីនោះក៏បានស្គាល់ចៅដទៃ ស្គាល់ព្រះ ស្គាល់ពញាជាដើម។ ថ្ងៃមួយនាងស្រដីនឹងប្តី នាងចង់ឲ្យ​ប្តីនាងរៀនរត់ឲ្យបានរហ័សដូចចិត្តប៉ងប្រាថ្នា ប្តីក៏យល់ព្រម។ រត់មួយថ្ងៃដំបូងក៏ប្រាប់ប្រពន្ធថាហត់​ស្ទើរដាច់ខ្យល់ស្លាប់ លុះរត់យូរទៅក៏លែងហត់។ ប្រពន្ធឃើញប្តីរបស់ខ្លួនរត់ពុំហត់គ្រប់គ្រាន់បរិបូរ​ក៏នាំទៅជួបនឹងមន្ត្រីដើម្បីសុំផ្ញើប្តីទៅនៅបម្រើព្រះមហាក្សត្រ។ នាកាលថ្ងៃមួយព្រះមហាក្សត្រទ្រង់​ប្រាប់ឲ្យពលសេនារៀបគ្រឿងបណ្ណាការ ព្រោះទ្រង់ចង់ទៅប្រពាតព្រៃព្រឹក្សា។ ចៅមាណពក៏ប្រាប់​ឲ្យប្រពន្ធរៀបចំក្រយាដើម្បីទៅចូលរួមដង្ហែព្រះរាជា។ ឯនាងប្រពន្ធរៀបចំបង្វិចឲ្យប្តី និងផ្ចិតផ្ចង់​ក្រយាសម្រាប់ព្រះមហាក្សត្រ នាងដឹងថាព្រះមហាក្សត្រនឹងឃ្លាតពីមន្តី្រទាំងឡាយ មានតែ​មាណពម្នាក់ប៉ុណ្ណោះដែលទៅទាន់។ លុះព្រឹកឡើងពួកពលសេនាក៏រៀបចំដង្ហែព្រះអង្គ ព្រះអង្គ​ទ្រង់ក៏បរអស្សពាហ៍លឿនកន្លង លុះដល់ដើមជ្រៃស្តេចក៏បញ្ឈប់អស្សពាហ៍។ ទ្រង់ទតមើលពុំ​ឃើញនរណាក្រៅពីមាណព ទ្រង់ក៏សន្មតនាមថាចៅមាយើង។ លុះថ្ងៃពេកទ្រង់ឃ្លានក្រយាក៏ប្រាប់​ទៅមាយើងថាមន្ត្រីទាំងឡាយបែកខ្ញែកគ្នាពុំដឹងនៅទីណា មាយើងក៏ទូលទៅថាទូលបង្គំមានបាយ ស្តេចសោយបាយ ទឹក ស្លា របស់ដ៏មានឱជារសឆ្ងាញ់ដូចទ្រង់ធ្លាប់សោយរាល់ថ្ងៃ ហើយទ្រង់​សរសើរដល់ប្រពន្ធមាយើងថាជាស្រីប្រកបដោយលក្ខិណាចេះរៀបចំទុកដាក់ឲ្យប្តីមានសព្វគ្រប់ពុំ​ខ្វះឡើយណា។ លុះទ្រង់សោយហើយទ្រង់ក៏ផ្ទំលើភ្លៅមាណពហើយមានបន្ទូលថាទ្រង់នឹងនិទាន​រឿងមួយឲ្យមាណពស្តាប់ ពុំទាន់និទានផងទ្រង់ក៏ផ្ទំលក់ទៅ។ កាលនោះមានទេវតារក្សាដើមជ្រៃ​បានលឺថាស្តេចនឹងនិទានរឿង ក៏បបួលគ្នាមូលមីរលើដើមជ្រៃ លុះយល់ស្តេចនិទ្រាពុំមានបន្ទូល ទេវតាក៏ខឹងនឹងព្រះបាទព្រហ្មទត្តថាមុសាពុំកាន់ពាក្យសត្យ។ ដូច្នេះយើងនឹងកាច់មែកជ្រៃទម្លាក់​សង្កត់មហាក្សត្រឲ្យបង់ព្រះជន្មជីវី។ បើពុំបានពេលស្តេចទៅដល់បុរីយើងនឹងកាច់ក្លោងទ្វាសង្កត់​ឲ្យក្ស័យ។ បើឆ្លងផុតទៀតពេលស្តេចចូលដល់ព្រះក្រឡាបន្ទំយើងនឹងក្រឡាជាពស់ទៅខាំ។ មា​យើងបានលឺពាក្យទេវតាពិភាក្សាគ្នាក៏ដាស់ស្តេចមួយរំពេច ទើបទូលស្តេចថាមានទេវតានិត្យនៅ​រក្សាលើដើមជ្រៃខឹងនឹងព្រះអង្គថានិទានរឿង ហើយក៏ផ្ទំលក់ស្ងាត់ស្ងៀម។ ស្តេចស្តាប់មាយើង​ហើយក៏ស្ទុះឡើងលើសេះបំផាយជាមួយមាយើង។ ក្សិណនោះមែកជ្រៃក៏ធ្លាក់ផុតពីក្សត្រថ្លៃ លុះ​ដល់ក្លោងទ្វារស្តេចប្រាប់ឲ្យមាយើងប្រយ័ត្នជួយវាត់គោសេះឲ្យសេះលោតផ្លោះផុតពីក្លោងទ្វារដែល​ទេវតា​ទម្លាក់មករួចផុតពីក្ស័យ។ លុះចូលមកដល់មណ្ឌលមាយើងក៏ក្រាប់ថ្វាយបង្គំលាទៅកាន់គ្រឹះ​ស្ថានរបស់ខ្លួន ព្រះបាទព្រហ្មទត្តទ្រង់មានបន្ទូលផ្តាំថា ចូរទៅចុះហើយវិលត្រឡប់មកចាំដូចចៅលឺ​ហោង។ លុះមកដល់ផ្ទះអាត្មា មាយើងក៏ដំណាលប្រាប់ភរិយាអស់សេចក្តី។ លុះមាយើងនិងភរិយា​ហូបបាយហើយក៏ទៅអង្គុយចាំ។ កាលនោះឯងទេវតាបានប្រែក្រឡាជាពស់ទំហំប៉ុនដើមត្នោត បើកពពារគួរឲ្យខ្លាច ភ្នែកធំត្រដាច រីឯចង្កូមសស្ញាច មាយើងក៏លើកខាន់ថ្លាវាត់ដាច់សិរសា ឈាម​ពស់ខ្ទាតទៅដល់ថនាព្រះទេពី មាយើងគិតថាបើដាស់ក្រឡាបន្ទំយល់ពុំគួរបើយកដៃទៅជូតក៏ពុំជា រួចហើយក៏យកខ្មោចពស់ដាក់ក្រោមក្រឡាបន្ទំហើយហាមាត់លិទ្ធឈាមដែលប្រលាក់សុដន់ក្សត្រី។ នាងនាថភ្ញាក់ឡើងក៏ដាស់ព្រះភូមីខ្សឹបប្រាប់ថាមាយើងយកជីវ្ហាមកលិទ្ធដោះខ្លួន។ ស្តេចព្រហ្មទត្ត​ស្តាប់ប៉ុណ្ណោះក៏ក្រេវក្រោធពេកក្រៃមិនបានជាគិតក៏បញ្ជាឲ្យពេជ្ឈឃាតនាំមាយើងទៅប្រហារជីវិត​ទាំងយប់ ប៉ុន្តែមានការរារាំងពីឆ្មាំយាមទ្វារទិសទាំងបួន ព្រោះថាច្បាប់ប្រចាំព្រះរាជវាំងមិនអាច​យកអ្នកទោសទៅប្រហារជីវិតមុនថ្ងៃរះបានទេ ហើយឆ្មាំទ្វារទិសនីមួយៗបានពន្យល់ប្រាប់ហេតុ​ផលជាច្រើនដល់ពេជ្ឈឃាតដើម្បីកុំឲ្យពេជ្ឈឃាតប្រហារជីវិតមាយើង ហើយធ្វើឲ្យព្រះអង្គមានការ​ស្តាយក្រោយ។ និយាយពីស្តេចព្រហ្មទត្តកាលដែលតើនឡើងហើយនឹករឿងសព្វគ្រប់ឃើញថាចៅ​មាណពមានគុណលើព្រះអង្គក្រាស់ក្រៃ ក៏ទ្រង់ត្រាស់បញ្ជាឲ្យអាមាត្យរត់ទៅតាម។ អាមាត្យរត់វឹង​ទៅតាមទាន់ពេជ្ឈឃាតនៅទ្វារទិសឧត្តរក៏នាំមាយើងត្រឡប់មកវិញ។ ស្តេចព្រហ្មទត្តក៏ត្រាស់សួរ​មាយើងដឹងរឿងរ៉ាវសព្វគ្រប់អស់ហើយ ស្តេចព្រហ្មទត្តបានសុំទោសចៅមាយើងកុំឲ្យខឹងនឹងព្រះ​អង្គ ហើយក៏ប្រទានយសសក្តិដល់ចៅមាយើងយ៉ាងសមរម្យ។ ចៅមាយើងក៏រស់នៅជាមួយភរិយា​យ៉ាងសុខសាន្ត។
        
ថ្លែងពីនាយសំពៅកាលដែលបានដូរប្រពន្ធហើយ ហេតុតែនាងប្រពន្ធជាស្រីខាតលក្ខណ៍មិន​ជួយធ្វើការអ្វីសោះគិតតែចាយ ពេលដែលកូនជុះអាចម៍ ជុះនោមនាងមិនយកទៅលាងទេ តែង​តែ​ហែកព្រែថ្មីៗជូតហើយបោះចោលគ្មានស្តាយស្រណោះបន្តិចសោះ មាសប្រាក់ដែលធ្លាប់មានក៏ត្រូវ​រលាយអស់រហូតដល់លក់សំពៅចាយទៀត។ លុះអស់ប្រាក់ពីខ្លួន ទាំងពីរនាក់ប្តីប្រពន្ធក៏ពរកូនដើរ​សុំទានគេ។ ដើរសុំយូរៗទៅក៏បានទៅដល់ផ្ទះមាយើង នាងជាភរិយាមាយើងមិនដឹងក៏ហៅឲ្យទាន​ដូចសព្វដង ហើយក៏ស្គាល់ជាក់ថាជាអតីតស្វាមីនាងជានាយសំពៅ ចុះឥឡូវម្តេចក៏មកសុំទានទៅ​វិញ។ ចំណែបុរសជាប្តីឃើញនាងអតីតភរិយាក៏ស្គាល់ហើយមានចិត្តអៀនខ្មាស់ក៏នាំប្រពន្ធកូនគេច​បាត់ទៅ។

  • ប្រធានរឿង៖ រឿងនេះនិយាយពីតម្លៃស្ត្រីនៅក្នុងគ្រួសារ។
  • មួលបញ្ហារឿង 
    • លក្ខណៈប្រពន្ធខាតលក្ខណ៍ និងប្រពន្ធគ្រប់លក្ខណ៍
    • ការផ្លាស់ប្តូរជីវភាពរបស់ចៅមាណព
    • ការចូលខ្លួនទៅនៅក្នុងរាជវាំងនៃចៅមាយើង (ចៅមាណព)
    • ភាពរុងរឿងនៃគ្រួសារចៅមាយើង


រឿង មរណមាតា

ប្រភពរឿង៖ គម្ពីរភាសាបាលី "ចេតនាពុទ្ធា"
ប្រភេទ៖ ពាក្យកាព្យ
អ្នកនិពន្ធ៖ ភិក្ខុ អ៊ុក
កាលកំណត់តែង៖ ព.ស ២៤២០ គ.ស ១៨៧៧ (ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តមបរមរាមាទេវតា "ព្រះសុវណ្ណកោដ្ឋ")
សង្ខេបរឿង៖
     កាលព្រះបរមសាស្តាគង់នៅវត្តវេឡុវ័នទៀបក្រុងរាជគ្រឹះ ព្រះអនុរុទ្ធត្ថេរ បានទូលសួរអំពីកំណើតសត្វដែលផ្សេងគ្នាដោយអាយុ រូបរាអ និងទ្រព្យសម្បត្តិ។ល។ ព្រះអង្គទ្រង់សម្តែងថា "ជនណាបានពិចារណាទ្វត្តិង្សាការ កម្មដ្ឋាន មានកេសា លោមា នទា ទន្តា តចោ ជាដើម ជននោះនឹងបានរួចចាកទុក្ខដូចនាងមរណមាតាដែលបានភាវនាហទយំៗ នាងកើតឡើងជាមនុស្សមានចិត្តទិព្វល្អ ទោះបីមានជនចិត្តអាក្រក់ធ្វើបាបនាងយ៉ាងណាក៏គង់រួចចាកទុក្ខបាន" ហើយទ្រង់នាំអតីតនិទានថា៖
     ក្នុងកាលកន្លងទៅយូរហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមវិមលធម្មរាជសោយរាជ្យក្នុងវិទហនគរ។ គ្រានោះមានបុរសម្នាក់ឈ្មោះកុល្លិយៈ ប្រពន្ធឈ្មោះនាងកែវកេសីជារាជបម្រើ។ ព្រះរាជាទ្រង់តាំងឲ្យធ្វើជាមេស្រុកនៅស្រុកមួយ។ កុល្លិយៈ និងនាងកែវកេសីមានកូនស្រីមួយឈ្មោះកុលកេសី។ នៅជិតផ្ទះនោះមានបុរសកំសត់ម្នាក់មានកូនប្រុសមួយឈ្មោះកុដុម្ពីក៍កុមារ។ កុមារបានស្រឡាញ់នាងកុលកេសីក្នុងពេលដែលទៅចាំចាបឯស្រែ។ អ្នកទាំងពីរបានពង្រាត់គ្នានៅក្នុងជនបទមួយឈ្មោះកាសីជាស្រុកចោរ។ ពួកចោរចាប់ចងកុដុម្ពីក៍ នាងកុលកេសីយកចិញ្ចៀនមាសមួយទៅជូនមេស្រុកសុំលោះប្តី មេស្រុកបង្គាប់ពួកចោរឲ្យដោះលែង។ អ្នកទាំងពីរសុំមេស្រុកធ្វើជាឪពុកធម៌។ មេស្រុកប្រគល់ទ្រព្យសម្បត្តិ និងទាសី កម្មករឲ្យ។ នាងកុលកេសីបានសុំឪពុកធម៌ទៅតាំងនៅភូមិថ្មី១ បានជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ដោយកុដុម្ពីក៍មានប្រាក់រាប់កោដិ អ្នកស្រុកឲ្យឈ្មោះថាកុលកោដិកុដុម្ពីក៍ៗមានកូនស្រីមួយឲ្យឈ្មោះនាងកុមារី។ ក្រោយពីមេស្រុកដែលជាឪពុកធម៌ស្លាប់ទៅ កុលកោដិកុដុម្ពីក៍បានជាធំក្នុងស្រុកនោះ។
     កាលនាងកុមារីបានអាយុ៧ឆ្នាំ មានស្រ្តីមេម៉ាយឈ្មោះកាឡី មានកូនស្រីពីរនាក់ កូនបងឈ្មោះចន្ទី កូនប្អូនឈ្មោះចន្ទាសាលិនី។ មេកាឡីមានបងស្រីម្នាក់ឈ្មោះកាលីនិយា។ មេកាឡីចេះតែមកប្រលោមកុលកោដិកុដុម្ពីក៍។
     កុលកោដិកុដុម្ពីក៍ក៏យកមេកាឡីនោះជាប្រពន្ធចុង មិនយូរប៉ុន្មានកុលកោដិកុដុម្ពីក៍ធ្លាក់ខ្លួនជាអ្នកក្រ។ ដោយមេកាឡីមួលបង្កាច់កុដុម្ពីក៍ក៏ជេរវាយនាងកុលកេសីរាល់ថ្ងៃ ទីបំផុតកុដុម្ពីក៍នាំនាងកុលកេសីទៅបង់ត្រី វាយទម្លាក់ទឹកស្លាប់ទៅ។ នាងកើតជាត្រីដំរីនៅកំពង់ទឹកនោះ។
     លុះកុដុម្ពីក៍ត្រឡប់មកផ្ទះវិញ នាងកុមារីពុំឃើញម្តាយក៏យំរត់ទៅរកឯកំពង់ទឹក បានដឹងដោយនាងទេពធីតាប្រាប់ថា ម្តាយស្លាប់កើតទៅជាត្រីដំរីហើយ នាងស្រែកហៅម្តាយៗហែលមកជិតប្រាប់កូនអំពីប្រវត្តិខ្លួនសព្វគ្រប់។ តាំងពីនោះមកគេហៅនាងកុមារីជាមរណមាតា។ នាងតែងធ្វើការផ្សេងៗមានឃ្វាលគោជាដើមដោយកំសត់ពន់ពេក។ រាល់ថ្ងៃ នាងតែងយកកន្ទក់បាចឲ្យត្រីដំរី។ មេកាឡីឲ្យកូនយកកន្ទក់ទៅបញ្ឆោតចាប់ត្រីដំរីមកសម្លាប់។ គ្រានោះមានទាញីមួយហួរស្រកាពីរទៅដាក់នៅមុខនាងៗស្គាល់ជាស្រកាម្តាយ នាងក៏យកទៅដាំដុះជាដើមត្របប់ពីរដើមមានផ្លែផ្កាល្អ ហើយនាងគោរពប្រណិប័តន៍រាល់ថ្ងៃ។ មេកាឡីដឹងយកដើមត្រប់ទាំងឫសគល់ទៅបុកក្នុងត្បាល់។ គ្រានោះមានឆ្មាញីមួយ ពាំឫសគ្រប់ពីរទុកឲ្យនាងៗយកឫសត្រប់ទាំងពីរនោះទៅដាំ។ ដោយអំណាចអានិសង្ឃដែលនាងបានភាវនាទ្វត្តិង្សាការកម្មដ្ឋានថាហទយំៗពីជាតិមុនគេ ឲ្យនាងមានជាតិជាទិព្វ នាងបួងសួងដល់មាតាហើយដាំទៅ ឫសត្រប់នោះដុះភ្លាមកើតជាដើមរលួសពីរដើម មានស្លឹកពណ៌ល្អដូចមាស ហើយមាតានាងកើតជាទេព្តានៅចាំរក្សាទីនោះ។ ស្លឹករលួសនោះខ្យល់បកមកលឺសូរដូចប្រគំតន្ត្រី។ នាងមរណមាតានមស្ការដើមរលួសរាល់ព្រឹកល្ងាច។
     វេលាមួយព្រះបាទវិមលធម្មរាជ ស្តេចចេញប្រពាតព្រៃ ទ្រង់ទតឃើញដើមរលួសនោះ ទ្រង់ជ្រាបថាជារបស់នាងមរណមាតា ទ្រង់ឲ្យហៅនាង។ នាងក៏ទៅថ្វាយបង្គំស្តេច។ ទ្រង់សុំដើមរលួសនោះ រួចទ្រង់ឲ្យពលជីកគាស់ តែពុំរបើក លុះតែនាងមរណមាតាបួងសួងទើបរលួសរដុះឡើង អណ្តែតលើអាកាសតាមស្តេចទៅព្រះរាជវាំង ដល់ហើយដើមរលួសឋិតនៅលើអាកាសមិនចុះមកដី លុះតែព្រះរាជាឲ្យយកនាងមរណមាតាទៅក្នុងព្រះរាជវាំង នាងបួងសួងទើបរលួសនោះចុះមកដីឋិតនៅក្នុងអាងមាសសន្មតឈ្មោះសុវណ្ណរាជព្រឹក្ស។ ព្រះរាជាទ្រង់អភិសេកនាងមរណមាតាជាអគ្គមហេសី ហើយទ្រង់សួរប្រវត្តិព្រះនាងៗក្រាបទូលតាំងពីដើមរហូតដល់ចប់។
     ក្រោយមកព្រះរាជាទ្រង់ស្តេចទៅទាក់ដំរី។ មេកាឡីរកឧបាយកលសម្លាប់ព្រះនាងមរណមាតា វាចាត់ការឲ្យរកឩសជីកគុកដាំប្រេងដូងមួយខ្ទះធំ ធ្វើបន្ទប់ដាក់ក្តារគ្របពីលើ ដើម្បីឲ្យនាងដើរជាន់ ធ្លាក់ខ្លួនទៅក្នុងខ្ទះស្លាប់។ ធ្វើស្រេចឲ្យកូនស្រីពីរនាក់ទៅបញ្ឆោតនាងមរណមាតាថាឪពុកឈឺទៀបស្លាប់ ចង់ជួបនាង។ ពួកស្រីក្នុងវាំងក៏ហែរហមព្រះនាងមរណមាតាទៅផ្ទះឪពុក។ មុននឹងទៅជួបឪពុក គេឲ្យព្រះនាងដោះគ្រឿងប្រដាប់ស្រង់ទឹកសិន។ លុះចូលទៅក្នុងបន្ទប់ស្រង់ទឹក ព្រះនាងជាន់ក្តាភ្លាត់ធ្លាក់ព្រះអង្គទៅក្នុងខ្ទះប្រេងដូងក្តៅសុគតទៅ។ មេកាឡីយកគ្រឿងអលង្កានោះបំពាក់មេចន្ទាសាលិនីជាកូនឲ្យទៅជំនួស។ ពួកស្រីស្នំមិនបានជាពិនិត្យក៏នាំចូលព្រះរាជវាំង។ ឯរាជព្រឹក្សទ្រង់យាងត្រឡប់មកព្រះរាជវាំងវិញ ទ្រង់ឆ្ងល់ ទ្រង់រកឱកាសដើម្បីនឹងចាប់ថ្នាក់ឲ្យបាន។
     ក្រោយពីនាងមរណមាតាសុគតទៅ គេបានយកអដ្ឋិធាតុទៅចោលក្នុងព្រៃស្មសាន ហើយនាងទេពធីតាមួយអង្គឈ្មោះគិរីមេខលា ឋិតនៅដើមជ្រៃក្នុងព្រៃនោះបានយកឱសថទិព្វមកដាក់ឲ្យរស់ឡើងវិញល្អលើសដើម។ នាងទេពធីតាប្រាប់ព្រះនាងថា បើនៅជាមនុស្ស ពេលទៅនគរវិញគេពុំជឿទេ ត្រូវព្រះនាងបរិភោគឱសថឲ្យក្លាយទៅជាសារិកាទើបចូលបាន។ លុះបរិភោគឱសថក្លាយទៅជាសារិកាហើយ ទើបហើរចូលទៅក្នុងវាំង។ នាងសារិកាទូលប្រវត្តិរបស់ព្រះនាងថ្វាយព្រះមហាក្សត្រជ្រាបសព្វគ្រប់។ ព្រះរាជាទ្រង់ស្រឡាញ់ ទ្រង់យកចិញ្ចៀនមាសមួយវង់បំពាក់ជើងដាក់ក្នុងទ្រុងមាសនៅក្នុងព្រះរាជវាំង។ នាងសារិកាបួងសួងសុំដើមរាជព្រឹក្សៗក៏លូតលាស់ មានស្លឹកផ្កែផ្កាល្អដូចដើម។
     ព្រះរាជាទ្រង់ឲ្យពេជ្ឈឃាតសម្លាប់មេចន្ទាសាលិនី ធ្វើផ្អកដាក់ពាងទាំងក្បាលផ្ញើទៅម្តាយឪពុកប្រាប់ថាកូនផ្ញើមកជូនកុដុម្ពីក៍ៗលូកដឹងថាកូនស្លាប់ក៏ប្រញាប់នាំកូន និងប្រពន្ធទៅជ្រកក្នុងព្រៃស្មសាន គ្រោះជួបនឹងតាបសម្នាក់ហើយនៅក្នុងព្រៃនោះទៅ។
     ព្រះរាជាឲ្យអាមាត្យវិនិច្ឆ័យក្តីយាយអករ៍ដែលឲ្យគេបញ្ឆោតយកព្រះនាងមរណមាតាទៅសម្លាប់។ អាមាត្យកាត់សេចក្តីថា យាយអករ៍មានទោសដល់ស្លាប់។ យាយអករ៍នោះមានកូនស្រីមួយឈ្មោះនាងឆន្ទា ជាសាវឡិកព្រះរាជាដែលត្រូវស្តេចបណ្តេញចេញ នាងនោះខឹងថាមកពីនាងសារិកាអុចអាលបានជាគេសម្លាប់ម្តាយខ្លួន ក៏គុំសម្លាប់នាងសារិកា។
     ថ្ងៃមួយ ព្រះវិមលធម្មរាជស្តេចចេញទៅបង្ក្រាបចោរនៅជនបទ ទុកនាងសារិកានៅក្នុងវាំង។ នាងឆន្ទាបានឱកាសក៏ចូលទៅលួចនាងសារិកាបានឲ្យទៅទាសីសម្លាប់ស្លស៊ី។ ទាសីបោចសារិកាហើយចុះទៅដី នាងសារិកាលបរត់ចូលទៅក្នុងរូងកណ្តុរស។ ស្តេចកណ្តុរសយកនាងទៅចិញ្ចឹមទាល់តែដុះស្លាបឡើងវិញ។ ស្តេចកណ្តុរសខឹងណាស់ ទៅខាំនាងឆន្ទាដាច់ច្រមុះស្លាប់ទៅ។ នាងសារិកា និងស្តេចកណ្តុរសចេញទៅជួបពស់មួយធំ ប៉ងនឹងចឹកនាងតែបានតាដក់ធំមួយខាំពស់នោះស្លាប់បាត់ទៅ។ បន្ទាប់ពីនោះមក ព្រះឥន្ទបើកភ្នែកទិព្វចក្ខុមកឃើញនាងសារិកា ក៏ចុះមកនិមិ្មតជាខ្លាធំមួយ លោតឡើងមែកជ្រៃ សុំផ្លែជ្រៃមែកទីសបស្ចឹមក្លាយជាបក្សីៗលោតទៅស៊ីផ្លែជ្រៃមែកទិសឧត្តរក្លាយជាប្រើសមាសៗស៊ីផ្លែជ្រៃទិសបូពា៌ ក្លាយជាស្វាៗស៊ីផ្លែជ្រៃទិសទក្សិណ ក្លាយជាមនុស្សរូបល្អ ព្រមទាំងមានគ្រឿងអលង្ការ។ នាងសារិកាឃើញសព្វគ្រប់បានធ្វើត្រាប់តាមលំដាប់ ក៏ក្លាយជារូបរាងផ្សេងៗ ទីបំផុតក្លាយជាមនុស្សស្រី ហើយបេះផ្លែជ្រៃវេចទុកដើរទៅជួបតាបសម្នាក់ឈ្មោះមិត្តាជិនៗសួរហេតុសព្វគ្រប់ក៏នាំនាងទៅចិញ្ចឹមនៅក្នុងអាស្រម។
     ក្រោយមកតាបសមិត្តាជិនទៅកាន់ព្រះបោក្ខរណី បានឃើញកុមារមួយរូបកើតក្នុងផ្កាឈូក បានយកមកឲ្យនាងចិញ្ចឹម ឲ្យឈ្មោះបុទុមកុមារៗធំឡើងសាកសួរនាងៗប្រាប់ពីប្រវត្តិសព្វគ្រប់ បុទុមកុមារលាមាតា និងមហឥសីទៅរកព្រះបិតាឯវិទហនគរ យកទាំងព្រះទម្រង់ដែលចងនឹងព្រះមាតាកាលនៅជាសារិកា និងផ្លែជ្រៃទៅផង។ វេលានោះមានស្តេចប្រើសមាសមួយមកធ្វើជាជំនិះបញ្ជិះកុមារទៅរកបិតា។ លុះបានជួបព្រះបិតាហើយ ក៏យាងព្រះបិតាមកហែហមព្រះមាតាទៅសោយរាជ្យក្នុងវិទេហនគរប្រកបដោយទសពិធរាជធម៌។ កាលបើព្រះនាងបានជួបព្រះភស្តាហើយបានសោយរាជ្យជាសុខ ព្រះនាងនឹកដល់គុណទា ឆ្មា និងស្តេចកណ្តុរក៏ព្រះរាជទាននំចំណីដល់សត្វទាំងនោះ ព្រមទាំងចំណាយព្រះរាជទ្រព្យ ព្រះរាជទានដល់អ្នកកំសត់ទុគ៌តជានិរន្តរ៍ ហើយគង់នៅជាសុខសប្បាយដរាបដល់សោយព្រះវិលាល័យទៅហោង។


ប្រធានរឿង៖ និយាយពីខ្សែជីវិតរបស់នាងមរណមាតា។
មូលបញ្ហារឿង៖
o ការផិតក្បត់ប្រពន្ធ បណ្តាលឲ្យគ្រួសារវិនាស កូនៗរងទុក្ខវេទនា
o ភាពមិនរឹងមាំរបស់មេគ្រួសារ
o ការឈ្នានីសលើកូនដើមពីសំណាក់ម្តាយ និងកូនចុង
o សកម្មភាពតស៊ូរបស់នាងកុមារីដែលស្លាប់ម្តាយ ហើយឪពុកជឿលើសំដីប្រពន្ធចុង បោះបង់ និងធ្វើបាបនាង ប៉ុន្តែដោយការព្យាយាមមិនរួញរា ធ្វើឲ្យនាងរួចចាកទុក្ខទោស និងទទួលបានការអាណិតអាសូរពីគេ
o ជីវិតរបស់នាងមរណមាតានៅក្នុងរាជវាំង។

រឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់

ប្រភព៖ ចេញមកពីដំណើរនយោបាយដែលប្រទេសស្ថិតនៅក្រោមរបបអាណានិគម
ប្រភេទ៖ ជាអក្សរសិល្ប៍ប្រលោមលោកទំនើប
ឯកសារ៖ ស្ថិតនៅក្នុងសៀវភៅប្រលោមលោក និពន្ធដោយលោក សួន សុរិន្ទ ហើយនៅឆ្នាំ ១៩៩៣, ៩៤ ក្រសួងអប់រំបានរៀបចំបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី១២ ត្រង់វគ្គទី៩ "អ្នកនយោបាយបោកប្រាស់" ឡើងទៅ។ ប៉ុន្តែបច្ចុប្បន្ននេះក្នុងឆ្នាំសិក្សា ២០១១, ១២ ក្រសួងបានដកយកវគ្គទី១៦ "ទីពឹងថ្មី" និងវគ្គទី១៧ "កសិករថ្មី" មកបញ្ចូលក្នុងកម្មវិធីសិក្សាវិញ។
ចលនា៖ ជាអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីសតិអារម្មណ៍របស់ប្រជារាស្រ្តក្រីក្រ
ឥទ្ធិពល៖ ទទួលឥទ្ធិពលពីរបបសង្គមរាស្រ្តនិយម ព្រោះដំណើររឿងបានបំផុសឲ្យប្រជារាស្រ្តស្រឡាញ់ការងារពលកម្ម កសិកម្ម ហត្ថកម្ម នយោបាយទឹក តួយ៉ាងដូចជាតួអង្គសមជាដើម។
កាលកំណត់តែង៖ ឆ្នាំ១៩៦០, ៦១
អ្នកនិពន្ធ៖ សួន សុរិន្ទ


សង្ខេបរឿង៖
          សម ជាយុវកសិករកំព្រាឪពុកម្តាយតាំងពីតូច មានប្រពន្ធម្នាក់ឈ្មោះនាងសយ កំព្រាឪពុកម្តាយដូចគ្នា។ ដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅភ្នំពេញ។ សមធាក់ស៊ីក្លូបញ្រ្ចាសទិសត្រូវប៉ូលីសផាក។ រកប្រាក់បង់ពិន័យពុំបានអ្នកស្រីគឹមលៀងបានស្តីបន្ទោសរួចដកហូតស៊ីក្លូលែងឲ្យធាក់ ចំណែកតាសានវិញក៏បណ្តេញសម និងសយចេញពីខ្ទមដែរ ព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះ។
         មុននឹងចាកចេញពីខ្ទមដ៏កំសត់នេះ សៅដែលជាមេក្រុមចោរលួចឆក់បានបបួលសមឲ្យចូលដៃធ្វើជាសកម្មភាពជាមួយខ្លួន តែសមមិនព្រម ហើយប្រកាន់នូវភាពយុត្តិធម៌ជានិច្ច។ សម និងប្រពន្ធបានចូលទៅរស់នៅតាមសំយ៉ាបព្រះវិហារលោកសង្ឃយួននៅវត្តតួប្រស្រី។
         ពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅនៅបម្រើផ្ទះថៅកែហុក ដោយមានការយល់ព្រមពីសមជាប្តីផងដែរ។ យប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង វេលាម៉ោង២១ថៅកែហុកបានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមារម្មណ៍យ៉ាងព្រៃផ្សៃបំផុត។ ដោយមានការឈឺចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុក ដើម្បីទៅរកមិត្តកម្មករត្រីចក្រយានរបស់ប្តីនាង គឺនាយម៉ី និងនាងមុំ ក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធ ទោះបីប្រពន្ធ និងមិត្តភក្តិឃាត់ឃាំងយ៉ាងណាក៏ដោយ ក៏សមនៅតែមានបំណងសម្លាប់ថៅកែហុកចោល។ យប់មួយសមបានចូលទៅសំឡុតថៅកែហុកតាមកំហឹងរបស់ខ្លួន។ តែដោយចាញ់កលថៅកែហុក សមក៏ត្រូវចាប់បញ្ចូលគុកធំ ក្រោយមកត្រូវតុលាការកាត់ទោសដាក់គុកចំនួន៣ខែ។
         បន្ទាប់ពីសមត្រូវជាប់គុក នាងសយ និងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសមនៅឯគុកធំនៅថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួល។ ពេលនៅក្នុងគុកសមត្រូវបក្សពួកជាប់គុកមុនៗមានឈ្មោះ ហួរ សួស និងពួកអនុរក្សនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយ។
         ក្រោយពីការណែនាំអប់រំពីភូឈួយគុក សមនិងនាងសយក៏ត្រូវម៉ីជូនទៅផ្ទះនៅជិតវត្តមហាមន្ត្រី ដោយត្រីចក្រយាន។ ថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយកាន។ ពេលសមទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតី ត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលា។
         រួចពីគ្រោះថ្នាក់ សមក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូ។ ដោយសារការព្យាយាម ពេលកាប៉ូរ៉ាល់លាឈប់ថៅកែក៏តែងតាំងសមជំនួសព្រមទាំងអនុញ្ញាតឲ្យសម និងប្រពន្ធមកស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផង។
         សេងអាន ជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុង ថៅកែសេងលីក៏បានតែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួស។ ពេលនោះសមត្រូវបាន សេង ហុង បណ្តេញចេញលែងឲ្យធ្វើការ ព្រោះសមមិនធ្វើតាមបញ្ជារបស់សេងហុង។
          សមទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាត្រូវបានឋានៈជាកាប៉ូរ៉ាល់ ប៉ុន្តែមិនបានស្ថិតស្ថេរទេត្រូវម្ចាស់កន្លែងបណ្តេញចេញរហូត។
          ដោយមានកម្មករស្គាល់ច្រើន សមក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នកនយោបាយបោកប្រាស់ធ្វើជាឈ្នាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ សមាជិកតំណាងរាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោត ហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួន។
          សមដឹងខ្លួនហើយពោលថា៖ តទៅមុខ លែងបណ្តោយឲ្យពួកអ្នកនយោបាយបោកប្រាស់ទៀតហើយ។ សមនឹកមមៃថា៖ ឱហ្ន! អ្នកនយោបាយវាក្លាយទៅជាអ្នកនយោបោកទេតើហ្ន៎!។
          នាងសយមានគភ៌គ្មានលុយទិញថ្នាំសង្កូវផឹក។ ដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យនរាឲ្យជួយ តែគេមិនបានសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅ។
          បន្ទាប់ពីប្រពន្ធស្លាប់ទៅសមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកប។ សមបានទៅពឹងពាក់លោកយ៉េងជាតំណាងរាស្រ្តដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោត តែអកុសលលោកយ៉េងបែរជាធ្វើមិនស្គាល់សមទៅវិញ។
          បន្ទាប់មកសមក៏ក្លាយជាមនុស្សអនាថា គ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំខ្លួនអស់ពីរបីថ្ងៃទើបដោះលែងវិញ។
          ដោយខ្លួនគ្មានទីពឹង ហើយការស្រេកឃ្លានធ្វើទុក្ខខ្លាំងពេកសមក៏ដាច់ចិត្តទៅប្រកបរបរចោរឆក់។
         បន្ទាប់ពីការបំភ្លឺរបស់ម៉ី សមក៏យល់ព្រមយករបស់របរដែលនៅសេសសល់ទៅប្រគល់ឲ្យម្ចាស់ដើមវិញ។ តែលោកឧកញ៉ាសំបូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់ឃុំឃាំងក្នុងគុក៦ខែ។
         សមដើរឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបុក។ លោករដ្ឋមន្ត្រីក៏នាំសមទៅមន្ទីរពេទ្យ ហើយជួយឲ្យសោហ៊ុយចំនួន៥០០រៀល ព្រមទាំងបានផ្តាំឲ្យសមទៅរកគាត់កុំបីខាន។ តែសមបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើ។ លោករដ្ឋមន្ត្រីបានឲ្យសមទៅនៅថែផ្ទះលោកសមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមក។
         ក្រោយពេលដែលស្រុកទេសទទួលបានឯករាជ្យ សន្តិភាពពេញបរិបូរក្រោមព្រះរាជបូជនីយកិច្ចរបស់អង្គសម្តេចឪ សមក៏បានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីករាយ ព្រោះរដ្ឋាភិបាលសង្គមរាស្រ្តនិយមបានបំពេញបំណងរាស្រ្ត។
         ក្រោមព្រះរាជបូជនិយកិច្ចដឹកនាំរបស់អង្គសម្តេចឪ ទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែក គ្រប់វិស័យ។ ព្រះអង្គបានរៀបចំឲ្យមានសមាជជាតិ គឺនៅពេលនោះមានសមាជជាតិលើកទី៩។

ប្រធានរឿង៖ ដំណើររឿងឃើញថា ប្រធានរឿងទាក់ទងទៅនឹងវាសនាតោកយ៉ាកក្រីក្ររបស់ប្រជាកសិករក្រោមរបបអាណានិគមនាយទុន និងបង្ហាញពីមាគា៌ដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចឪ។
មូលបញ្ហា៖ ការតស៊ូផ្នែកជីវភាព និងផ្នែកឧត្តមគតិរបស់អ្នកក្រីក្រក្រោមរស្មីនៃរបបសង្គមរាស្រ្តនិយម។

រឿង ពុទ្ធិសែននាងកង្រី

ប្រភពរឿង៖ គម្ពីរបញ្ញាសជាតកភាសាបាលី (រថសេនជាតក)
ប្រភេទ៖ អក្សរសិល្ប៍បុរាណ ជាប្រភេទសាស្ត្រាល្បែង
ចលនា៖ ពុទ្ធនិយម (ក្លាយ)
អ្នកនិពន្ធ និងកាលកំណត់តែង៖ រឿងពុទ្ធិសែននាងកង្រីរបស់ពុទ្ធសាសនបណ្ឌិតពុំមានបញ្ជាក់ឈ្មោះ និងកាលកំណត់តែងទេ។ ប៉ុន្តែនៅក្នុងសិក្សាកថារបស់បណ្ឌិតឃីង ហុកឌីទៅលើរឿងពុទ្ធិសែននាងកង្រីត្រង់ទំព័រទី១០ សរសេរថា រឿងរថសេន ឬពុទ្ធសែន ជាសាស្ត្រាស្លឹករឹតលេខ ៦៣ រក្សានៅសាលាបារាំងចុងបូពា៌ប្រទេស ផ្តើមសេចក្តីដោយនមស្ការជាបាលី រួចជាភាសាខ្មែររំលឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាដើម រួចអ្នកនិពន្ធប្រាប់ឈ្មោះ និងគោរមងារគឺ អម្រឹតក្សត្រីម៉ុក និពន្ធជាកាព្យ បកពីគម្ពីរ៥០ជាតក៍ នៅពុទ្ធសករាជ២៤០៤ ក្នុងឆ្នាំរកា ខែផល្គុន ៨កើត ថ្ងៃចន្ទ តាមរាជបញ្ជារបស់សម្តេចព្រះវររាជជននី ដែលគង់តាំងសីលធម៌កម្មដ្ឋាននៅភ្នំព្រះរាជទ្រព្យ។ រួមសេចក្តីមករឿងពុទ្ធសែនជាអត្ថបទល្បែងនេះនិពន្ធដំបូងឡើងនៅស.វទី១៩ ហើយអ្នកនិពន្ធដែលយើងរកឃើញ គឺអម្រឹតក្សត្រីម៉ុក ដូចមានពោលមកហើយ។
សង្ខេបរឿង៖
        កាលនោះមានសេដ្ឋីពីរនាក់ប្តីប្រពន្ធមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែគ្មានកូនសោះ។ គិតហើយ ពីរនាក់ប្រពន្ធក៏សម្រេចទៅបួងសួងសុំកូនពីរទេវតាដើមជ្រៃមួយ។ ក្រោយមកប្តីប្រពន្ធទាំងពីរក៏កើតបានកូនស្រី ១២នាក់។ តាំងពីកើតបានកូនទាំង១២នាក់មក ទ្រព្យសម្បត្តិសេដ្ឋីក៏បានថយចុះបន្តិចម្តងៗ ដោយសារចំណាយទៅលើការផ្គត់ផ្គង់ចំពោះកូនស្រីទាំង ១២នាក់។ ពួកគេបានធ្លាក់ខ្លួនក្រលំបាកដោយស៊ូទ្រាំនឹងជីវភាពដូច្នេះពុំបាន ពួកគេក៏បានសម្រេចចិត្តយកកូនទាំង១២ទៅបំបោះបង់ចោលនៅក្នុងព្រៃ។ មុនដំបូងឪពុកថាចង់ទុក្ខកូនពៅនៅជាមួយ តែខ្លាចពួកបងៗគិតថាឪពុកម្តាយលម្អៀងក៏បំបោះបង់កូនទាំង១២ទៅ។ នាងទាំង១២ក្រោយពីដឹងថាត្រូវឪពុកម្តាយបំបោះបង់ខ្លួនចោល ពួកនាងនាំគ្នាយំស្រែកយ៉ាងខ្លាំងដោយមិនដឹងថាគួរធ្វើយ៉ាងណានៅថ្ងៃក្រោយឡើយ។ បន្ទាប់មកពួកនាងបានធ្វើដំណើរទៅមុខដោយគ្មានគោលដៅ បេះស្លឹកឈើ និងផ្លែឈើព្រៃធ្វើជាអាហារ។ ពេលមួយពួកនាងបានចុះចាប់ត្រីក្នុងបឹងមួយ ពួកបងៗទាំង១១នាក់សុទ្ធតែដោយភ្នែកត្រីទាំងសងខាង មានតែនាងពៅទេដែលដោយភ្នែកត្រីតែម្ខាង នាំគ្នាឆីរួចក៏បន្តដំណើរទៅមុខទៀត។ លុះធ្វើដំណើរយូរខែយូរឆ្នាំទៅក៏បានទៅដល់នគរយក្សសន្ធមារ។ កាលបើយក្ខសន្ធរមារឃើញនាងទាំង១២ យក្សសន្ធមារប្រាប់កង្រីជាកូនឲ្យក្រឡាខ្លួនជាក្មេងអាយុ៣ឆ្នាំគេងក្នុងអង្រឹងទៅ ហើយម្តាយនាងសុំឲ្យពួកនាងជួយមើល។ យក្ខសន្ធមារដោយបានលឺថានាងទាំង១២ជាកូនកំព្រានាងសប្បាយចិត្តណាស់ ហើយបានឃាត់ពួកនាងឲ្យនៅជាមួយធ្វើឲ្យនាងទាំង១២មានចិត្តត្រេកអរណាស។ យក្ខសន្ធមារបានហាមឃាត់មិនឲ្យពួកនាងទៅលេងឃ្លាំងទក្សិណទេ ដោយសារជាកន្លែងទុកចំណីអាហាររបស់ខ្លួន តែសន្ធមារបានកុហកពួកនាងថាជាកន្លែងមានគ្រោះថ្នាក់ រីឯទឹកស្រះអាចឲ្យកើតរមាស់។ ថ្ងៃមួយនាងពៅបានធ្វើឲ្យបាយក្រពប់ពេញដី ពេលនោះមានខ្មោចចេញមកស៊ីបាយទាំងនោះ ធ្វើឲ្យនាងពៅភ័យស្រែកប្រាប់បងៗឲ្យចេញពីកន្លែងនោះ ដោយបានដឹងពីល្បិចរបស់យក្ខ ដែលចិញ្ចឹមពួកនាងទុកសម្រាប់ធ្វើជាចំណីនៅថ្ងៃក្រោយ។ ចំណែកឯឃ្លាំង និងស្រះដែលយក្ខមិនឲ្យពួកនាងទៅនោះ សុទ្ធតែជាសាកសព និងគ្រោងឆ្អឹងមនុស្ស ហើយមានស្រះពោរពេញទៅដោយឈាម។ បន្ទាប់ពីដឹងរឿងរ៉ាវពិតប្រាកដមក ហេតុតែមានចិត្តភ័យខ្លាចនឹងយក្ខ ពួកនាងក៏បានសម្រេចចិត្តលួចចេញពីនគរយក្ខ ដោយបានលួចយកម្កុដម្នាក់មួយទៅជាមួយ ហើយរត់សំដៅទៅក្នុងព្រៃជ្រៅ។ ពេលនោះក្អែកដែលសន្ធមារចិញ្ចឹមបានប្រទះឃើញនាងទាំង១២លួចរត់ ក៏យកដំណឹងនេះទោប្រាប់សន្ធមារ សន្ធមារខឹងយ៉ាងខ្លាំង ហើយក៏ចេញទៅចាប់ពួកនាងមកវិញ។ ពេលនាងទាំង១២ លឺសូរសន្ធឹកយក្សហោះមក ក៏បានរត់ទៅជួបនឹងដំរី គោ និងឈ្លូស។ សត្វទាំងនោះបានជួយពួកនាងឲ្យគេចផុតពីភ្នែកយក្ខដោយលេបពួកនាងចូលពោះ ហើយបាននិយាយបំភ័យយក្ខឲ្យចេញ។ ពួកនាងធ្វើដំណើរទាំងថ្ងៃទំាងយប់ក៏ទៅដល់នគរឥន្ទបត្តបុរី ហើយក៏បានជួបស្រះមួយដែលមានទឹកថ្លាឈ្វេង ពួកនាងយកម្កុដដែលលួចពីយក្ខមកពាក់រៀងៗខ្លួន ពេលនោះមានអ្នកបម្រើរបស់សេដ្ឋីម្នាក់បានប្រទះឃើញពួកនាងហាក់បីដូចជាទេពអប្សរទាំង១២ មានសម្រស់ដូចស្រីសួគ៌ ហើយក៏យកដំណឹងនេះទៅប្រាប់សេដ្ឋី ចំណែកឯសេដ្ឋីក៏យកដំណឹងនេះទៅទូលស្តេចបន្តទៀត។ ពេលព្រះបាទរថសិទ្ធិជួបនឹងនាងទាំង១២ ទ្រង់បានស្តីដណ្តឹងពួកនាងជាមហេសី កន្លងប៉ុន្មានខែក្រោយមកនាងទាំង១២ ក៏មានគភ៌ ដំណឹងនេះបានលេចលឺដល់យក្ខសន្ធមារ នាងខឹងខ្លាំងណាស់ក៏ក្រឡាខ្លួនជាស្រីស្អាតមកពង្វក់ព្រះបាទរថសិទ្ធិ បន្ទាប់មកសន្ធមារបាននៅក្បែរខ្លួនស្តេចរហូត។ មានថ្ងៃមួយយក្ខសន្ធមារមានកលល្បិចបានកុហកស្តេចថាខ្លួនឈឺ ហើយបានប្រាប់រាជពេទ្យឲ្យកុហកស្តេចថាត្រូវការភ្នែករបស់នាងទាំង១២មកព្យាបាលទើបជា។ ដោយសារឈ្លក់វង្វេងនឹងនាងខ្លាំងពេក ព្រះបាទរថសិទ្ធិបានធ្វើតាមសម្តីរបស់រាជពេទ្យ ខ្វេះភ្នែកនាងទាំង១២។ ពេលនោះបងទាំង១១សុទ្ធតែត្រូវគេឆ្កៀលភ្នែកទាំងសងខាង មានតែនាងពៅទេដែលត្រូវគេឆ្កៀលភ្នែកតែម្ខាង។ បន្ទាប់មកពួកនាងត្រូវបានបណ្តេញចេញពីរាជវាំងឲ្យទៅរស់នៅក្នុងល្អាងមួយ។ នាងពៅដែលនៅមានភ្នែកម្ខាងជាអ្នកមើលថែទាំពួកបងៗ។ ចំណែកឯភ្នែករបស់នាងទាំង១២ សន្ធមារបានយកទៅផ្ញើកង្រីឲ្យថេរក្សាទុកនៅនគរយក្ខ។
        ដល់ពេលបុត្ររបស់នាងទាំង១២ប្រសូត ដោយការស្រេកឃ្លាន ពួកនាងបានយកបុត្ររបស់ខ្លួនហែកចែកគ្នាធ្វើជាចំណី មានតែនាងពៅទេបានលាក់សាច់ទុក ហើយនៅពេលដែលនាងប្រសូតបុត្រ នាងបានទុកកូនរបស់ខ្លួន និងយកសាច់ដែលខ្លួនទុកនោះចែកបងៗឆី នាងខិតខំចិញ្ចឹមបីបាច់កូនមិនឲ្យបងៗដឹងឡើយ។ នាងពៅដាក់ឈ្មោះរបស់កូនថាពុទ្ធិសែន។ ដោយសារពុទ្ធិសែនជាតួអង្គព្រះពោធិសត្វមកចាប់ជាតិ ទើបមានទេវតាតាមថែរក្សាមករហូត។
        ពេលពុទ្ធសែនអាយុបាន៧ឆ្នាំ ព្រះអង្គបានជជីកសួរពីមូលហេតុដែលមករស់នៅក្នុងល្អាងបែបនេះ នាងពៅបានប្រាប់កូនពីដំណើររឿង ពេលស្តាប់ហើយពុទ្ធសែនរន្ធត់ចិត្តអាណិតមាតាក្រៃលែង។ ដោយសារចង់ដឹងពីពិភពខាងក្រៅ ពុទ្ធិសែនបានសុំមាតាមកលេងខាងក្រៅ ដើម្បីស្គាល់គេឯង ហើយចង់ស៊ើបដំណឹងបិតារបស់ខ្លួន។ ពេលចេញមកក្រៅដើម្បីស្គាល់គេឯងវាបានជួបក្មេងមួយក្រុម ហើយបបួលគ្នាលេងបាញ់អង្គុញ គេភ្នាល់គ្នាថាបើពុទ្ធសែនចាញ់ នឹងត្រូវបម្រើពួកក្មេងៗទាំងនោះ តែបើពុទ្ធសែនឈ្នះគេសុំតែបាយ១២កញ្ចប់ទេ។ ជារៀងរាល់ថ្ងៃពុទ្ធសែនតែងតែឈ្នះបានបាយ១២កញ្ចប់យកទៅឲ្យមាតា និងព្រះមាតុច្ឆាទាំង១១អង្គ ធ្វើឲ្យបងៗមានចម្ងល់ជាខ្លាំង មិនយូរប៉ុន្មាននាងពៅក៏បានបកស្រាយចម្ងល់របស់បងៗ។ ជ័យជំនះរបស់ពុទ្ធសែនក្នុងការលេងបាញ់អង្គុញបានលេចលឺដល់ព្រះមហាក្សត្រ។ ព្រះបាទរថសិទ្ធិឲ្យអាមាត្យហៅពុទ្ធសែនចូលក្នុងរាជវាំង ពុទ្ធសែនគ្រាន់តែបានជួបភ្លាមព្រះអង្គក៏ដឹងថានេះហើយជាព្រះបិតារបស់ខ្លួន។ ដោយសារតែទេវតាជួយពុទ្ធសែនបានយកឈ្នះព្រះបិតារបស់ខ្លួន។ ព្រះបាទរថសិទ្ធិបានបញ្ជាឲ្យគេទៅស៊ើបពីប្រវត្តិរបស់ពុទ្ធសែន ចុងក្រោយទើបដឹងថាពុទ្ធសែនជាបុត្របង្កើតរបស់ខ្លួន។ លុះដល់ស្អែកឡើង ព្រះបាទរថសិទ្ធិក៏បញ្ជាឲ្យអាមាត្យនាំកុមារពុទ្ធិសែនចូលវាំង ហើយទទួលស្គាល់ពុទ្ធិសែនជាបុត្រ ដំណឹងនេះបានធ្វើឲ្យសន្ធមារខឹងយ៉ាងខ្លាំង នាងបានចូលទៅជិតពុទ្ធសែន ធ្វើជាស្រឡាញ់ពុទ្ធសែនណាស់ តែតាមពិតទោគឺកំពុងតែរកល្បិចកលអាក្រក់ដើម្បីធ្វើបាបកុមារម្នាក់នេះ។ ច្រើនឆ្នាំកន្លងមក ពុទ្ធិសែនពេញរូបពេញរាង យក្ខសន្ធមារបានឲ្យពុទ្ធសែនទៅយកថ្នាំនៅនគររបស់ខ្លួន ដោយសារតែចង់ព្យាបាលព្រះរោគព្រះបាទរថសិទ្ធិ នាងបានភ្ជាប់សំបុត្រមួយទៅជាមួយផង។ ក្នុងការធ្វើដំណើរពុទ្ធសែនបានជ្រើសរើសសេះមណីកែវ ជាសេះអាចនិយាយភាសាមនុស្សបានទៅជាមួយ។ ពុទ្ធសែនបានក្រាបលាមាតា និងព្រះមាតុច្ឆា ហើយក៏ចេញទៅ។
        ពេលធ្វើដំណើរតាមផ្លូវពុទ្ធសែនបានជួបនឹងខ្យល់យ៉ាងធំមួយធ្វើឲ្យពុទ្ធសែនសន្លប់នៅលើខ្នងសេះ ហើយមណីកែវបានហោះទៅកាន់អាស្រមតាឥសី។ តាឥសីបានបើកមើលសំបុត្រដែលនៅលើខ្លួនរបស់ពុទ្ធសែន ហើយបានជួយពុទ្ធសែនប្រែសារនោះពី "ពេលទៅដល់យប់សម្លាប់យប់ ទៅដល់ថ្ងៃសម្លាប់ថ្ងៃ" ទៅជា "ទៅដល់ថ្ងៃរៀបការថ្ងៃ ដល់យប់រៀបការយប់"។ បន្ទាប់មកពុទ្ធសែនបានធ្វើដំណើរទៅមុខទៀត។ កង្រីបន្ទាប់ពីអានសំបុត្រដែលមាតាផ្ញើមករួច ពិធីអភិសេកក៏កើតឡើងរវាងកង្រីនិងពុទ្ធសែន។ ចាប់ពីពេលនោះមកពុទ្ធសែនបានសោយរាជ្យយ៉ាងសុខសាន្ត ហើយមានបុត្រាពីរអង្គជាមួយនឹងនាងកង្រីមានព្រះនាមថា "ជុំសែន" និង "រថសែន"។ កង្រីបានប្រាប់ប្តីពីកន្លែងដាក់វត្ថុមានដូចជាស្គរជ័យ គោះកាលណានឹងមានអាវុធចេញមក ជាពិសេសកែវភ្នែករបស់នាង១២។ នៅពេលមានឱកាសល្អ ពុទ្ធិសែនបានចូលទៅលួចកែវភ្នែកនាងទាំង១២ និងបេះថ្នាំស័ក្តិសិទ្ធិព្រមទាំងស្គរជ័យទៅជាមួយ ក្នុងគោលបំណងទៅជួយមាតា និងព្រះមាតុច្ឆារបស់ខ្លួន។ ពេលដែលពុទ្ធិសែនចេញបានបន្តិច នាងកង្រីបានដឹងហើយខំស្រែកអង្វរស្វាមីឲ្យត្រឡប់មកវិញ តែដោយសារសេះមណីកែវហោះយ៉ាងលឿន ធ្វើឲ្យនាងកង្រីតាមមិនទាន់។ ពុទ្ធិសែនបានទោដល់នគរឥន្ទបត្តបុរី សន្ធមារបានដឹងរឿងរ៉ាវទាំងអស់ដែលកើតឡើង ហើយក៏ក្លាយជារូបេពិតបំណងចង់សម្លាប់ពុទ្ធិសែនចោល តែពុទ្ធសែនបានដឹងមុនក៏យកស្គរជ័យគោះ បណ្តាលឲ្យអាវុធហោះចេញទៅចាក់សម្លាប់យក្ខសន្ធមារមួយរំពេច។ ព្រះអង្គរថសិទ្ធិបានភ្ញាក់រលឹកដឹងនូវកំហុសរបស់ខ្លួន ក៏ទទួលមហេសីទាំង១២ចូលមកក្នុងរាជវាំងវិញ ហើយពុទ្ធិសែនបានយកថ្នាំមកព្យាបាលភ្នែកមាតា និងព្រះមាតុច្ឆា។ ពេលបានបញ្ចប់ភារកិច្ចសព្វគ្រប់ហើយ ពុទ្ធិសែនបានសុំលាមាតាបិតាដើម្បីទៅរកមហេសី និងបុត្ររបស់ខ្លួនវិញ តែជាអកុសលនាងកង្រីបានស្លាប់បាត់បង់ជីវិតទៅហើយ ពុទ្ធិសែនឈឺចិត្តក្រៃលែង ទ្រង់បានធ្វើពិធីបុណ្យសពឲ្យមហេសីរបស់ខ្លួន។ ក្រោយពីពិធីបុណ្យសពរួចរាល់ ពុទ្ធិសែនបានត្រឡប់ទៅនគរមាតាបិតាវិញ។ បន្ទាប់មកទៀតព្រះបាទរថសិទ្ធិក៏បានឲ្យពុទ្ធិសែនបន្តសោយរាជ្យជំនួសព្រះអង្គ ហើយរស់នៅយ៉ាងសុខសាន្ត។


ប្រធានរឿង៖ តាមរយៈដំណើររឿង អ្នកនិពន្ធបង្ហាញពីបញ្ហាកម្មពៀររបស់តួអង្គនាងទាំង១២ និងសកម្មភាពរបស់ពុទ្ធិសែនដែលត្រូវបំពេញកាតព្វកិច្ចជាកូនកត្តញ្ញូ។ ដូចនេះប្រធានរឿងគឺកម្មពៀរ និងកត្តញ្ញូ។
មូលបញ្ហារឿង៖ ក្នុងរឿងនេះបង្ហាញពីបញ្ហាសំខាន់ៗដូចជា៖
o ភាពក្រីក្ររបស់សេដ្ឋីដែលត្រូវបំបរបង់កូនចោល
o កម្មផលរបស់នាងទាំង១២ដែលនាំឲ្យខ្វាក់ភ្នែក
o ស្នេហារបស់ពុទ្ធិសែន និងនាងកង្រី
o កត្តញ្ញូរបស់ពុទ្ធិសែនដែលត្រូវលះបង់ស្នេហាដើម្បីគ្រួសារ។

រឿង ផ្កាស្រពោន

ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា
ប្រភេទ៖ អក្សរសិល្ប៍ទំនើប បែបប្រលោមលោកមនោសញ្ជេតនា
អ្នកនិពន្ធ៖ នូ ហាច
កាលកំណត់តែង៖ តែងក្នុងឆ្នាំ ១៩៤៧ បោះពុម្ពក្នុងឆ្នាំ ១៩៤៩
ចលនា៖ ខេមរនិយម
សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមបារាំង។
សង្ខេបរឿង៖
         ប៊ុនធឿន និងវិធាវី ត្រូវបានឪពុកម្តាយផ្សំផ្គុំឲ្យជាគូនឹងគ្នាតាំងពីនៅតូចៗម៉េ្លះ។ ប៉ុន្តែក្រោយមកគ្រួសារប៊ុនធឿនត្រូវធ្លាក់ខ្លួនក្រដុនដាប ដោយលោកប៊ុនថនជាឪពុកប៊ុនធឿនដឹកស្រូវតាមទូកប៉ុកចាយទៅលក់នៅឯព្រៃនគរ ត្រូវខ្យល់ព្យុះបក់បោកលិចអស់គ្មានសល់។
          យាយនួន ម្តាយនាងវិធាវីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងកិត្តិយស និងសេចក្តីស្មោះត្រង់ ក៏បានផ្តាច់ពាក្យពីប៊ុនធឿន ព្រោះប៊ុនធឿនពេលនេះគ្មានទ្រព្យ គ្មានតម្លៃអ្វីសម្រាប់គាត់ទៀតឡើយ។ យាយនួនក៏បានលើកនាងវិធាវីទៅឲ្យចៅណៃស៊តកូនប្រុសរបស់ថៅកែណៃស៊ាន និងនាងថូ ជាអ្នកមានទ្រព្យស្តុកស្តម្ភ។ ណៃស៊តជាយុវជនខ្វះសីលធម៌ពាលាអាវ៉ាសែ អាងទឹកប្រាក់ដើរលេងតាមអំពើចិត្ត។
         ចាប់តាំងពីយាយនួនលើកនាងវិធាវីទៅឲ្យចៅណៃស៊តមក នាងវិធាវីក៏ធ្លាក់ខ្លួនឈឺ ស្រពាប់ស្រពោន គិតតែសញ្ជប់សញ្ជឹងនឹកគិតទៅដល់តែប៊ុនធឿន គូសង្សារស្មើជីវិត តែនាងមិនហ៊ានប្រកែកនឹងបំនងម្តាយ។
         ពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងវិធាវីកាន់តែទ្រុឌទ្រោមទៅៗ កម្លាំងកាន់តែខ្សោយ ទឹកមុខស្លេកស្លាំង បាយមិននឹក ទឹកមិនឃ្លាន គេងក៏មិនលក់។ នាងវិធាវីកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។ យាយនួនឃើញកូនពិបាកចិត្តក៏បាននាំនាងទៅដើរលេងដល់សៀមរាបដើម្បីឲ្យនាងបានធូរស្បើយសប្បាយក្នុងចិត្តតែនាងវិធាវីមិនមានចិត្តសោមនស្សបន្តិចណាឡើយ។ ក្រោយមកនាងវិធាវីមានជម្ងឺក្អកធ្លាក់ឈាម ហើយក្រូពេទ្យខំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយ។ និយាយពីយាយនួនវិញមិនបានយល់ពីទឹកចិត្តរបស់កូនស្រីទេ គិតតែពីដើររកគ្រូហ្ម៉ ម្តងឲ្យលោកស្រោចទឹក ម្តងបញ្ជាន់អារក្ស តែនៅតែគ្មានបានលទ្ធផលអ្វីសោះ។
         ថ្លែងពីប៊ុនធឿន ពេលត្រឡប់មកពីភ្នំពេញវិញទទួលដំណឹងថានាងវិធាវីជិតរៀបការក៏កើតទុក្ខទោម្និញ យំខ្សឹកខ្សួលតែម្នាក់ឯង។ ប៊ុនធឿនក៏បានចូលព្រៃរនាមជាមួយតាសូរកត្រីរកអុស ដើម្បីបន្លប់នូវសេចក្តីទុក្ខព្រួយ។
         ពេលប៊ុនធឿនត្រឡប់មកពីព្រៃវិញ មច្ចុរាជបានផ្តាច់យកអាយុសង្ខារវិធាវីទាំងវ័យក្មេងបន្សល់ទុកនូវតែសេចក្តីទុក្ខសោក អាឡោះអាល័យសង្រេងសង្រៃឲ្យប៊ុនធឿន។
ប្រធានរឿង៖ រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាសរបស់យុវជនយុវតីពីររូបបណ្តាលមកពីការរើសអើងវណ្ណៈ (ឲ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស)។
មូលបញ្ហារឿង៖ បញ្ហាស្មោះស្ម័គ្ររបស់ប៊ុនធឿន និងវិធាវី (ស្នេហាបែបប្រពៃណី, ស្នេហាក្រោមគំនាបទ្រព្យសម្បត្តិ, ស្នេហាក្រោមឥទ្ធិពលនៃជំនឿសាសនា), ទឹកចិត្តលោភលន់ទ្រព្យសម្បត្តិរបស់យាយនួន។

រឿង ធនញ្ជ័យ

ប្រភពរឿង៖ រឿងធនញ្ជ័យជារឿងប្រឌិតបុរាណ ហើយមានប្រជាប្រិយភាពទូទៅពេញព្រះរាជាណាចក្រកម្ពុជា។ អត្ថបទដើមកើតឡើងដោយសារការប្រមូលចងក្រងពាក្យសម្តី និងការចេះចាំតៗគ្នាមក។ ជារឿងដែលដកស្រង់យកបញ្ហាការរស់នៅរបស់ខេមរជន មានការគ្រប់គ្រង ការទាក់ទងគ្នា ទំនៀមទម្លាប់ ប្រពៃណី ជំនឿ ។ល។ មកធ្វើជារឿងហូរហែក្នុងជីវភាពរបស់តួអង្គធនញ្ជ័យនេះ។
ប្រភេទ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រជាប្រិយ។
អ្នកនិពន្ធ៖ មិនស្គាល់ឈ្មោះ
កាលកំណត់តែង៖ មិនមានច្បាស់លាស់ទេ
សង្ខេបរឿង៖
          រាត្រីដែលធនញ្ជ័យបានមកចាប់កំណើតក្នុងពោះម្តាយ បណ្តាលឲ្យនាងជាម្តាយនោះយល់សប្តិឃើញថា "ដូចជាយល់សូង យប់សប្តិឃើញដូង បេះបានទាំងផ្លែ យល់សប្តិឃើញខែ ខែនោះពេញបូណ៌មី"។ ចម្លែកនឹងសប្តិនេះព្រឹកឡើងនាងនោះក៏បានធ្វើដំណើរទៅកាន់ផ្ទះតាហោរដើម្បីឲ្យទាយមើល ប៉ុន្តែជួនជាតាហោរមិននៅ នាងនោះក៏បាននិយាយរឿងសប្តិនោះឲ្យប្រពន្ធតាហោរ។ ប្រពន្ធតាហោរដឹងថាតាមសប្តិនេះ នាងនេះនឹងមានកូនប្រុសម្នាក់អាចឡើងធ្វើជាស្តេច ក៏បានទាយបង្ខុសថា ៖ "នាងឯងនឹងមានកូនប្រុស កូននោះនឹងទៅជាខ្ញុំគេ"
         ក្រោយមកនាងនោះក៏កើតបានកូនប្រុសមែនក៏ដាក់ឈ្មោះថា "ធនញ្ជ័យ"។ អាយុបាន៧ឆ្នាំ កុមារធនញ្ជ័យតែងដើរទៅលេងផ្ទះលោកមហាសេដ្ឋីរាល់ថ្ងៃ។ ថ្ងៃមួយពេលកំពុងតែត្បាញលើផ្ទះប្រពន្ធមហាសេដ្ឋីបានធ្វើឲ្យជ្រុះត្រល់ទៅដី ក៏ស្រែកហៅធនញ្ជ័យឲ្យរើសឲ្យដោយសន្យានឹងឲ្យអំបុកច្រើនដល់ធនញ្ជ័យវិញ។ ប៉ុន្តែពេលប្រពន្ធសេដ្ឋីយកអំបុកមកឲ្យធនញ្ជ័យយំស្រែកប្រកែកមិនព្រមយក ដោយយល់ថាអំបុកនោះតិចពេក។ សំឡេងយំរបស់ធនញ្ជ័យបាលលឺទៅដល់លោកមហាសេដ្ឋី។ លោកមហាសេដ្ឋីបានប្រើល្បិចបញ្ឆោតមួយដោយយកអំបុកដាក់រាយពេញលើចង្អេរមួយ និងក្នុងកញ្ជើរមួយរួចឲ្យធនញ្ជ័យជ្រើសរើស។ ធនញ្ជ័យចាញ់ល្បិចគេក៏បានយកអំបុកនៅលើចង្អេរ តែក្រោយមកក៏មានការភ្ញាក់រលឹកមើលឃើញថានេះជាការបោកប្រាស់ ក៏សុំម្តាយខ្លួនឲ្យយកខ្លួនទៅនៅបម្រើលោកសេដ្ឋីដើម្បីសងសឹក។ ពេលនៅជាមួយសេដ្ឋី ធនញ្ជ័យបានត្រូវសេដ្ឋីប្រើយ៉ាងវក់វី ដូចជាឲ្យរត់តាមសេះទៅរោងជំនុំគាល់ស្តេច ចាំចម្ការ ឃ្វាលគោ ធ្វើការក្នុងផ្ទះ ទៅជញ្ជូនឥវ៉ាន់ពេលភ្លើងឆេះផ្ទះ។ ប៉ុន្តែគ្រប់សកម្មភាពបានត្រូវធនញ្ជ័យផ្ចាញ់់យ៉ាងធ្ងន់ធ្ងរដូចជាធនញ្ជ័យរើសអាចម៍សេះដាក់ថង់យាម បណ្តោយឲ្យគោក្របីចូលស៊ីដំណាំក្នុងចម្ការអស់ ចាប់គោឈ្មោលអ្នកស្រុកចងបណ្តាលឲ្យមានរឿងរ៉ាវដល់សេដ្ឋី ស្រែកហៅលោកសេដ្ឋីឲ្យមកពិសារបាយឲ្យគាត់ខ្មាសគេយ៉ាងខ្លាំង និងជញ្ជូនតែសំបុកមាន់សំបកប៉ោត ពេលភ្លើងឆេះផ្ទះជាដើម។ ដោយខ្លាចប្រាជ្ញាធនញ្ជ័យ និងដើម្បីសងសឹកផង លោកសេដ្ឋីក៏បាននាំធនញ្ជ័យទៅថ្វាយស្តេច។
         នៅជាមួយមុនដំបូង ស្តេចបានដេញប្រាជ្ញាធនញ្ជ័យដូចជាឲ្យធនញ្ជ័យភរស្តេច ឲ្យធនញ្ជ័យរកពងមាន់ឲ្យបានមួយពេលមុជចូលទៅក្នុងទឹក ឲ្យធនញ្ជ័យជិះដំរីចាស់គ្រេចជើងដឹកក្រយាស្ងោយស្តេចទៅប្រពាតព្រៃ ឲ្យធនញ្ជ័យបោសសំរាមនៅក្រោមដំណាក់ ឲ្យធនញ្ជ័យរកមាន់មកប្រជល់នឹងមាន់ស្តេច ឲ្យធនញ្ជ័យរកក្របីមកជល់នឹងក្របីស្តេច។ ក្នុងការដេញប្រាជ្ញានេះធនញ្ជ័យបានឈ្នះស្តេចគ្រប់លើក ធ្វើឲ្យស្តេចខ្មាសហើយដុះគំនិតព្យាបាទកាច់បំបាក់ដូចជាប្រើស្រីស្នំឲ្យទៅជុះអាចម៍ដាក់ផ្ទះធនញ្ជ័យ ស្អប់មុខធនញ្ជ័យ ហើយមិនឲ្យធនញ្ជ័យចូលវាំង។ តែគ្រប់អំពើព្យាបាទឈ្នានីសរបស់ស្តេច ត្រូវបានធនញ្ជ័យផ្ចាញ់ផ្ចាលយ៉ាងដំណំ ដូចជាធនញ្ជ័យហ៊ានចំតិតក្តិតដាក់ស្តេច ហ៊ានវាយពួកមេនំមេនាងដែលស្តេចប្រើឲ្យទៅជុះអាចម៍ដាក់ផ្ទះ។
          ប្រាជ្ញាធនញ្ជ័យល្បីល្បាញពេញប្រទេសជាតិ និងរីកសាយរហូតដល់ប្រទេសចិន។ ស្តេចស្រុកចិនក៏បានបញ្ជូនអ្នកប្រាជ្ញគេមកស្រុកខ្មែរដើម្បីធ្វើការភ្នាល់គ្នាជាមួយស្តេចស្រុកខ្មែរ ទាយរកចំនួនគ្រាប់ឪឡឹកដែលចិនយកមកក្នុងបំណងយកស្រុកខ្មែរជារណប។ ក្នុងការដោះចំណោទលើកនេះ ធនញ្ជ័យយកខ្លួនធានា ប៉ុន្តែដោយចំណោទទាយរកចំនួនគ្រាប់ឪឡឹកនោះពិបាកពេក ធនញ្ជ័យដោយមិនចង់ឃើញប្រទេសជាតិខ្លួនធ្លាក់ក្នុងកណ្តាប់ដៃចិន ក៏បានទៅលោតទឹកសម្លាប់ខ្លួន។ តែគាត់មិនលិចបែរជារសាត់ទៅប៉ះសំពៅចិនក៏តោងជាប់។ ពេលនោះជួនជាយប់ស្ងាត់ ធនញ្ជ័យបានលឺពួកមន្ត្រីចិន និងអ្នកប្រាជ្ញរបស់គេជជែកគ្នាពីចំនួនគ្រាប់ឪឡឹកក្នុងផ្លែនីមួយៗ។ ធនញ្ជ័យបានលឺក៏ហែលត្រឡប់មកផ្ទះវិញ។ ស្អែកឡើងគាត់ក៏បានទាយរកចំនួនគ្រាប់ឪឡឹកត្រូវទាំងអស់។ ពួកចិនទទួលព្រមចាញ់បានប្រគល់សំពៅឲ្យស្តេចខ្មែរប្រាំរយគ្រឿងរួចត្រឡប់ទៅវិញ។ ដោយខ្លាចប្រាជ្ញាធនញ្ជ័យស្តេចពុំហ៊ានឲ្យគាត់នៅជិតវាំង ក៏បញ្ហាឲ្យទៅនៅឆ្ងាយឯដងទន្លេ។ ទីនោះធនញ្ជ័យបានបង្កើតឲ្យមានការបង់ពន្ធគយ បណ្តាលឲ្យមានទំនាស់ជាមួយពួកឈ្មួញដែលរកស៊ីតាមដងទន្លេ ជាហេតុធ្វើឲ្យស្តេចមានលេសប្រើពេជ្ឈឃាតចាប់ធនញ្ជ័យយកទៅសម្លាប់ចោល។ ធនញ្ជ័យបានបោកពួកពេជ្ឈឃាតឲ្យច្រៀងរាំលើទូក រួចគាត់លួចលោតចុះទៅក្នុងទឹកហែលគេចមកបួសជាព្រះសង្ឃក្នុងវត្តមួយ។គេបានគិតថាធនញ្ជ័យស្លាប់ក្នុងទឹកទន្លេហើយ។ ដំណឹងនេះបានលឺដល់ស្តេចស្រុកចិន។ ស្តេចចិនសប្បាយចិត្តណាស់ក៏បានបញ្ជាឲ្យអ្នកប្រាជ្ញគេមកស្រុកខ្មែរ ចោទប្រស្នាភ្នាល់ដាក់ប្រទេសជាតិទៀត។ ស្តេចខ្មែរមានការភិតភ័យនិងព្រួយបារម្ភជាខ្លាំងព្រោះគ្មាននរណាអាចតទល់ជាមួយអ្នកប្រាជ្ញចិនបាន ក៏ប្រកាសអំពាវនាវរកអ្នកប្រាជ្ញមកជួយ។ ធនញ្ជ័យបានសឹកចេញពីវត្តមកជួបស្តេចហើយបានជោគជ័យជាលើកទី២។ ស្តេចខ្មែរត្រេកអរក្នុងចិត្តនឹងជ័យជំនះ ក៏ចង់រកប្រពន្ធឲ្យធនញ្ជ័យ តែធនញ្ជ័យបដិសេធមិនព្រមឲ្យស្តេចរកឲ្យដោយគាត់ចាត់ទុកនារីដែលនៅស្ងៀមចាំតែគេលើកឲ្យមានប្តីនោះថាសុទ្ធតែជាញី។ គាត់បានដើររកប្រពន្ធខ្លួនឯង ហើយក៏បានជួបនឹងនាងសួស្តីដែលគាត់ចាត់ទុកថាជាស្រីពេញលក្ខណៈ រួចបានស្តីដណ្តឹងនិងរៀបការតាមប្រពៃណីខ្មែរ។ ក្រោយមកទៀតស្តេចខ្មែរ និងពួកមន្ត្រីសក្តិភូមិមានការព្រួយបារម្ភនឹងប្រាជ្ញាធនញ្ជ័យកាន់តែខ្លាំង និងស្អប់ធនញ្ជ័យកាន់តែខ្លាំងផងនោះ ក៏បាននិរទេសគាត់ឲ្យទៅនៅស្រុកចិនដោយជឿថានឹងត្រូវស្លាប់បង់នៅឯទីនោះមិនខាន។
          នៅឯស្រុកចិនធនញ្ជ័យបានធ្វើនំបញ្ចុកលក់ល្បីដល់ស្តេចចិន ស្តេចចិនចង់សោយចំណីចម្លែករបស់ធនញ្ជ័យក៏ហៅធនញ្ជ័យយកនំទៅថ្វាយដែលជាហេតុបណ្តាលឲ្យគាត់មានលទ្ធភាពអាចមើលមុខស្តេចចិនបាន ព្រមទាំងបានពោលពាក្យប្រមាថឲ្យផង។ ស្តេចចិនខឹងក៏ឲ្យអាមាត្យចាប់ធនញ្ជ័យទៅដាក់គុកសំរិទ្ធ។ ក្នុងគុកធនញ្ជ័យបានប្រដាល់គ្នាជាមួយអ្នកទោសចិនដើម្បីកុំឲ្យរងាស្លាប់ រួចគាត់ឆ្លៀតធ្វើខ្លែងឯកបង្ហើរពេលយប់។ ស្តេចចិនបានលឺសម្លេងឯករបស់ខ្លែងក៏មានការភិតភ័យព្រួយបារម្ភក៏ហៅហោរាមកគន់គូរមើល។ ហោរាចិនបានទាយថាគឺជាសម្លេងនៃសត្វចម្លែកមួយនឹងចូលមកស៊ីមនុស្សក្នុងស្រុកចិននោះអស់មិនខាន បើមិនព្រមដោះលែងអ្នកប្រាជ្ញស្រុកខ្មែរចេញពីគុក ហើយជូនគេត្រឡប់ទៅស្រុកខ្មែរវិញទេ។ ស្តេចចិនលឺដូច្នោះក៏បញ្ជាឲ្យគេដោះលែងធនញ្ជ័យ ហើយរៀបចំសំពៅមួយមានវត្ថុប្រើប្រាស់ល្អៗជាច្រើន និងប្រជាជនចិន ១០០នាក់ជូនដំណើរធនញ្ជ័យត្រឡប់មកស្រុកខ្មែរវិញ។
          ឃើញធនញ្ជ័យអាចរកមធ្យោបាយត្រឡប់មកមាតុភូមិវិញដោយជោគជ័យយ៉ាងនេះ ស្តេចខ្មែរនិងពួកមន្ត្រីសក្តិភូមិខ្មែរមានសេចក្តីកោតខ្លាចប្រាជ្ញាធនញ្ជ័យលែងហ៊ានមករករឿងហេតុទៀត បណ្តោយឲ្យធនញ្ជ័យបានរស់នៅជាមួយភរិយាយ៉ាងសុខសាន្ត។ ថ្ងៃក្រោយមកធនញ្ជ័យមានជម្ងឺជាទម្ងន់ មុននឹងស្លាប់គាត់បានហៅស្តេចមកផ្តាំថា "សោយត្រីព្រួលកុំចោលស្រកា សោយត្រីប្រាកុំចោលស្រកី ស្លម្ជូរក្បាលត្រីត្រូវដាក់ម្ជូរសណ្តាន់" ហើយផ្តាំប្រពន្ធថាកាលណាគាត់ស្លាប់ទៅឲ្យយកសាកសពគាត់ទៅកប់ ហើយធ្វើចម្រូងដាំខ្ញែលើផ្នូរដើម្បីការពារផ្នូរនោះតទៅ។

ប្រធានរឿង៖ រឿងនេះលើកឡើងពីបញ្ហាសងសឹកចំពោះអំពើព្យាបាទអយុត្តិធម៌ដោយប្រើប្រាជ្ញាជាអាវុធ។
បញ្ហារឿង៖ បញ្ហាទំនាស់វិបត្តិក្នុងសង្គម (រវាងវណ្ណៈ និងវណ្ណៈ) ដែលកើតមកពីអំពើរំលោភ ព្យាបាទ ការសងសឹក និងចិត្តមានះ តស៊ូព្យាយាម អង់អាចក្លាហាន មោះមុត មិនចុះញ៉ម។

រឿង ថៅកែចិត្តចោរ

ប្រភពរឿង៖ បោះពុម្ពផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តក្រសួងអប់រំឆ្នាំ ១៩៨៩។
ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបល្ខោននិយាយ
ចលនា៖ អក្សរសិល្ប៍ខេមរនិយម
ឥទ្ធិពល៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលពីពួកមូលធននិយមពីព្រោះនៅក្នុងដំណើររឿង អ្នកនិពន្ធបានបង្ហាញឲ្យពួកមូលធននិយមជាអ្នកឈ្នះ។
កាលកំណត់តែង៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលឡើងនៅក្នុងឆ្នាំ១៩៥៦ជាកម្រងអត្ថបទអក្សរសិល្ប៍ដែលប្រឌិតឡើងនៅទីក្រុងភ្នំពេញ មានលក្ខណៈជាល្ខោននិយាយ។ ខ្លឹមសារនៃរឿងនេះបានយកមកចម្លងដោយនាយកដ្ឋានសិល្បៈនៅថ្ងៃទី៣០ កញ្ញា ១៩៨១ បោះពុម្ពផ្សាយដោយវិជ្ជាស្ថានវិទ្យាសាស្រ្តស្រាវជ្រាវក្រសួងអប់រំនៅទីក្រុងភ្នំពេញឆ្នាំ១៩៨៩។
អ្នកនិពន្ធ៖ រឿងថៅកែចិត្តចោរតាក់តែងឡើងដោយអ្នកនិពន្ធឈ្មោះ ពៅ យូឡេង និង អ៊ុំ ឈឺន
សង្គមបរិយាកាស៖ ដំណើររឿងរឿងបានប្រព្រឹត្តទៅនៅក្នុងសម័យដែលប្រទេសកម្ពុជាទើបបានទទួលឯករាជ្យដំបូង។
សង្ខេបរឿង៖
         នៅឆ្នាំ១៩៥៦ មានព្រឹត្តិការណ៍មួយកើតឡើងនៅទីក្រុងភ្នំពេញ គឺលោកថៅកែបានប្រើឲ្យពូហំបើកឡានបុកឡានរបស់អុងប៉ាងហុងលីដោយសន្យាថាឲ្យលុយ ១០០០០រៀល។ ក្រោយមកគេឃើញពូហំ និងផានីតកំពុងជជែកគ្នាពីរឿងនេះដោយផានិតបានឲ្យពូហំរត់គេចខ្លួន ប៉ុន្តែពូហំមិនរត់ទេ គឺចាំយកលុយមួយម៉ឺនពីថៅកែសិន ព្រោះត្រូវការយកលុយនេះទៅឲ្យម្តាយធ្វើបុណ្យ និងឲ្យកូនទិញប្រដាប់ប្រដាររៀនសូត្របន្តទៅទៀត។ មួយសន្ទុះក្រោយមកទើបឃើញថៅកែចូលមកដល់ ពូហំក៏សុំលុយពីថៅកែ ថៅកែបែរជាបដិសេធទៅវិញ ហើយឲ្យតែ ២០០រៀល ដោយយកលេសថា គាត់មិនបានប្រើពូហំបើកឡានបុកគេឲ្យស្លាប់នោះទេ។ អ្នកទាំងពីរក៏មានការឈ្លោះប្រកែកប្រណាំងគ្នា តែនៅតែមិនព្រមត្រូវគ្នាទេ ព្រោះថៅកែមិនព្រមឲ្យលុយ ១០០០០រៀលទៅពូហំ។
         នៅផ្ទះពូហំឯណេះវិញមានប៉ូលីសជាច្រើនទៅឡោមព័ទ្ធចាប់ពូហំ ប៉ុន្តែប្រពន្ធគាត់ប្រាប់ថាប្តីគាត់អត់មកផ្ទះ៤, ៥ថ្ងៃហើយ។ ពួកក្រុមប៉ូលីសក៏ត្រឡប់ទៅផ្ទះរបស់ថៅកែ ឃើញអ្នកទាំងពីរប្រកែកគ្នា ប៉ូលីសក៏សួរថា "នរណាជាចោរ?" យើងជាក្រុមនគរបាល ប្រាប់មុខចោរយើងមក យើងនឹងចាប់"។ ពេលនោះអ្នកទាំងអស់គ្នាក៏ជ្រួលច្របល់ពូហំបានសារភាពថាគាត់ជាអ្នកបើកឡានបុកឡានរបស់អាហុងលី ប៉ុន្តែនេះគឺដោយសារថៅកែបញ្ជាឲ្យបុកដែរត្រូវតែចាប់ទាំងថៅកែ។ ថៅកែប្រកែកថាពូហំនិយាយកុហក ពេលនោះមានផានិត គង់ ទ្រី សុខមានជួយធ្វើជាសាក្សីឲ្យពូហំ។ ស្រាប់តែថៅកែបានអូសដៃប៉ូលីសទៅខ្សឹបប៉ូលីសក៏ចាប់ពូហំយកទៅក្រសួងនគរបាលដោយទុកឲ្យប្រពន្ធពូហំយំសោកបោកប្រាណអាណិតប្តី។ ទីបញ្ចប់មានសុខ គង់ ទ្រី និងផានីតក៏ត្រូវបានថៅកែដេញចេញឈប់ឲ្យធ្វើការងារនៅទីនោះ។

ប្រធានរឿង៖ រឿងនេះនិយាយពីអំពើអយុត្តិធម៌ក្នុងសង្គមខ្មែរ។
មូលបញ្ហារឿង៖ បើតាមការពិនិត្យទៅតាមសាច់រឿង យើងអាចទាញនូវបញ្ហាដូចតទៅ៖ ទី១ ការកាន់នូវសច្ចធម៌ ចេះសាមគ្គីគ្នារវាងកម្មករទៅនឹងជីវភាពរបស់ខ្លួន។ ទី២ អយុត្តិធម៌ឈ្នះយុត្តិធម៌ដោយសារទឹកលុយ។